​ចិត្តល្អ​ជួយ​ជូន​ស្ត្រី​ម្នាក់​មិន​ធ្លាប់​ស្គាល់​ទៅ​ផ្ទះ បែរ​ជា​ទៅ​ជួប​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់ត្រូវ​ជនសង្ស័យ​បី​នាក់វាយ​ប្លន់​យកម៉ូតូ​មួយ​គ្រឿង និង​កាបូប​លុយរួច​ជិះ​គេចខ្លួនដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះបាន​កើតឡើង​កាលពីវេលា​ម៉ោង​១១ និង​៤០នាទី​យប់ ​ថ្ងៃ​ទី​៤ ​តុលា ២០១៥ នៅ​ចំណុច​ផ្លូវ​បឹង​កក់ (A6) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ រូ​វៃ​យ៉ា  អាយុ​២៥ឆ្នាំ ភេទ​ប្រុស មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់​នៅ​ក្នុងសង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ បាន​និយាយ​រៀបរាប់​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​​មក​ដើរ​លេង​នៅ​កោះ​ពេជ្រ ដោយ​ជិះ​ម៉ូតូ​មួយ​យ​គ្រឿង ម៉ាក​អាយ​ខន ពណ៌ក្រហម​លាយ​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 1W-4823 ប៉ុន្តែ​ពេល​ជិះ​មក​ដល់​អង់​តែ​ន​ទួល​គោកក៏​បាន​ជួប​ជាមួយ​ស្ត្រី​ម្នាក់បាន​ស្រែកហៅ​​ខ្លួន​គេឱ្យ​ឈប់ តែ​​ពេល​នោះ​គេ​មិន​បាន​ឈប់ទេ គ្រាន់តែ​សួរនាំថា​មានរឿង​អ្វី នាង​ក៏​បាន​សុំ​ឱ្យ​គេ​ជួយ​ជូន​នាង​ទៅ​ផ្ទះ​បន្តិច ដោយ​មានការ​អាណិតអាសូរ​ពេកគេ​ក៏​ព្រម​ជូន​ស្ត្រី​ទៅ​ផ្ទះ​តែ​ម្តង ។

ពេល​ជិះ​តាម​ផ្លូវ​ ស្ត្រី​នោះ​បាន​សុំ​រូប​គាត់​សាក​ជិះ​ម៉ូតូ ហើយ​គាត់​ក៏​ព្រមឱ្យ​ម៉ូតូ​របស់​ខ្លួន​ដោយ​យល់ថា​ មិន​អី ហើយ​ស្ត្រី​ខាងលើ​បាន​ដឹក​គាត់​ជិះ​ទៅ​កន្លែង​ផ្លូវស្ងាត់​(A6) ​ក៏ឈប់​ម៉ូតូ​ភ្លាម ស្រាប់តែ​ពេល​នោះ​មាន​ជនសង្ស័យ​បួន​ទៅ​ប្រាំ​​នាក់ ​រត់​មក​ចាប់ ​និង​យក​កាំបិត​ពីរ​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​ និង​ការ​បូ​ប​លុយ​ទៅ​បាត់​អស់​តែ​ម្តង ។

ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ​ជនសង្ស័យ​រួម​ទាំង​ស្ត្រី​នោះក៏​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។ ទោះជា​យ៉ាងណា​ជន​រង​គ្រោះ​បាន​ស្រែកហៅ​គេឯង​ និង​អ្នក​ធ្វើ​ដំណើរ​ផ្លូវ​នេះ ដើម្បី​ឱ្យ​គេ​ជួយ​ខ្លួន​ ​ខណៈនោះ​ក៏​មាន​បុរស​ម្នាក់​មានការ​អាណិតអាសូរក៏​ព្រម​ជួយ​ដោយ​ឱ្យទូរ​ស័ព្ទរបស់​គេ​​ខ​ល​ទៅ​វិទ្យុ​ABC សុំ​ឱ្យ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ ។ តែ​ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ជន​រង​គ្រោះមិន​បាន​មក​ប្តឹងសមត្ថកិច្ច​ភ្លាម​ៗ នោះ​ទេ ដោយ​ជន​រង​គ្រោះ​ត្រ​លប់​ទៅ​ផ្ទះ​យក​កាត់​គ្រីម៉ូតូ​ដែល​ត្រូវ​គេ​វាយ​ប្លន់​នោះ​សិន ហើយ​ទើប​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុ​ស្តិ៍​ស្រះ​ចកតាម​ក្រោយ ៕​​