Aguero រកបាន៥គ្រាប់ដើម្បីជួយ Man City ខណៈ Chelsea កាន់តែលិចលុង

ខ្សែ​ប្រយុទ្ធ Sergio Aguero បាន​ស៊ុត​បាល់​បញ្ចូល​ទី​៥​គ្រាប់​ក្នុង​ចន្លោះ​ពេល​២០​នាទី ខណៈ​​ដែលក្រុម Manchester City បាន​បំ​បាក់ Newcastle United យ៉ាង​ចាស់​ដៃក្នុង​លទ្ធផល ៦-១ កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​១​ត្រឡប់​មក​វិញ​ជា​​បណ្តោះ​អាសន្ន​នៅ​លើ​​តា​រាង​ក្រប​ខ័ណ្ឌ Premier League​។ ប៉ុន្តែ លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់ Chelsea បាន​ទទួល​ស្គាល់​ថា លោក​អាច​នឹង​​ត្រូវ​បាន​បណ្តេញ​ចេញ ក្រោយ​ពី​ការ​រង​បរា​ជ័យ​​យ៉ាង​អា​ម៉ាស់​ក្នុង​លទ្ធផល ៣-១ ក្នុង​ផ្ទះ​ខ្លួន​ឯង​នៅ​ពេល​ប្រកួត​ជាមួយ​នឹងក្រុម Southampton បាន​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​​ការ​ពារ​តំណែង​ជើង​ឯក​មួយនេះ​​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​១៦ ដោយ​ដេញ​តាមពី​ក្រោយ​ក្រុម​ឈរ​លេខ​១​​ចំនួន​១០​ពិន្ទុ​។
1
Man City បាន​រង​បរា​ជ័យ​ការ​ប្រកួត​លីក​​២​លើក​ចុង​ក្រោយ​របស់​ពួក​គេ និង​មាន​គ្រាប់​បាល់​ដេញ​តាម​ពី​ក្រោយ​​នៅនាទី ទី​១៨នៅពេល​ដែលកីឡាករ Aleksandar Mitrovic បាន​តែត​បាល់​បញ្ចូល​ទី ប៉ុន្តែ Aguero បាន​​រកគ្រាប់​បាល់​តាម​ស្មើ​វិញនៅនាទី ទី​៤២ នៅមុន​ពេល​​រក​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ម្តង​ទៀត​ចំនួន​៤លើក​។ ខ្សែ​បម្រើ Kevin De Bruyne ក៏​បាន​រក​គ្រាប់​បាល់​ស៊ុត​​បញ្ចូល​ទី​ផង​ដែរ ក៏​ដូច​ជា​បាន​ជួយ​ឲ្យ Aguero រក​បាន​២​គ្រាប់​ផង​ដែរ​​ ខណៈ​ដែលក្រុមរ​បស់​លោក Manuel Pellegrini បាននាំមុខ​២​ពិន្ទុ​ជា​បណ្តោះ​អាសន្ន​ពី​លើ​ក្រុម Manchester United ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Arsenal កាលពី​ថ្ងៃ​អាទិត្យ​។ លោក Pellegrini បាន​ឲ្យ​ដឹង​ថា៖ «Sergio Aguero ធ្វើ​ឲ្យមានការ​ប្រែ​ប្រួល​។ ក្នុង​ការ​ប្រកួត​ផ្សេង​ទៀត រូប​គេ​ក៏មាន​ឱកាស​ជាច្រើន​ផង​ដែរ ប៉ុន្តែ មិន​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​។ ថ្ងៃ​នេះ រូប​គេ​បាន​បង្កើត​ឱកាស​ដូច​ធម្ម​តា ប៉ុន្តែ នៅពេល​នេះ គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia