ចប់​សប្ដាហ៍​ទី២០ មាន​តែ​ក្រុម​បៀលប្រាយ​ស្ថិត​ក្នុង​តំបន់​ស

ចប់​សប្ដាហ៍​ទី២០ មាន​តែ​ក្រុម​បៀលប្រាយ​ស្ថិត​ក្នុង​តំបន់​ស

ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា​បាន​បញ្ចប់​សប្ដាហ៍​ទី២០ ហើយ ប៉ុន្តែ​ក្រុម​បៀលប្រាយ​មួយ​ប៉ុណ្ណោះ​ដែល​ដឹង​ពី​ជោគ​វាសនា​​​ខ្លួន​ឯង​ថា ​ស្ថិត​ក្នុង​តំបន់​សុវត្ថិភាព​មិន​ត្រូវ​កាត់​ចោល ហើយ​ក៏​មិន​អាច​ដណ្ដើម​កៅអី Top4 បាន។ ចំណែក​ក្រុម​ទាំង១១​ផ្សេង​ទៀត កំពុង​ប្រជែង​គ្នា​រក​កៅអី Top4 និង​គេច​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់​រៀង​ៗ​ខ្លួន។

 

ចប់​សប្ដាហ៍​ទី២០ មាន​តែ​ក្រុម​បៀលប្រាយ​ស្ថិត​ក្នុង​តំបន់​ស
កីឡាករ ចាន់ វឌ្ឍនាកា និង George Bisan កាល​បឹងកេត​ជួប​ភ្នំពេញ​ក្រោន​ជើង​ទី១

 

ក្រុម​បៀល​ប្រាយ​យូណាយធីត​មាន២១ពិន្ទុ​ក្នុង​ដៃ អស់​ឱកាស​ដណ្ដើម​តំណែង Top4 ហើយ ព្រោះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ក្រុម​ណាហ្គាវើល ដែល​ស្ថិត​នៅ​លេខ​រៀង​ទី៣ ទី​៤​មាន​ដល់​ទៅ ៣៥​ពិន្ទុ ខណៈ​ការ​ប្រកួត​នៅ​សល់​ត្រឹម២​ប្រកួត​ទៀត​ប៉ុណ្ណោះ។

 

ចំណែក​ក្រុម​ដែល​មាន​ឱកាស​អាច​ប្រជែង Top4 មាន​ដល់​ទៅ៥​ក្រុម​គឺ ​​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​(៣៥​ពិន្ទុ) ក្រុម​ណាហ្គាវើល(៣៥ពិន្ទុ) ក្រុម​ខេមបូឌានថាយហ្គឺរ(៣៤​ពិន្ទុ) ក្រុម​ក្រសួង​ការពារ​ជាតិ(៣២​ពិន្ទុ) និង​ក្រុម​ស្វាយរៀង(៣២​ពិន្ទុ)។ ក្រុម​ទាំង៥ នេះ​មាន​ពិន្ទុ​ប្រដេញ​គ្នា​ជាប់​រហូត ដែល​ធ្វើ​ឲ្យ​កៅអី Top4 ពីរ​នៅ​សល់ មិន​ទាន់​រក​ឃើញ​ម្ចាស់។

 

ពាក់ព័ន្ធ​នឹង​ចំណុច​តំបន់​កំពូល​ទាំង៤ លោក ប្រាក់ សុវណ្ណារ៉ា​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា លោក​រំពឹង​ភាគរយ​ខ្ពស់​គឺ​ក្រុម​ណាហ្គាវើល និង​ប៉ូលិស​នឹង​ស្ថិត​នៅ​តំបន់​តំណែង​កំពូល​ទាំង៤ ហើយ​វគ្គ​ខ្វែង​លោក​រំពឹង​ថា នឹង​ក្លាយ​​ជា​សមរភូមិ​តឹងតែង​ដើម្បី​ស្វែរក​ក្រុម​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ។​

 

ក្រឡេក​ទៅ​មើល​ក្រុម​កំពូល​តារាង​ទាំង​ពីរ ក៏​កំពុង​ប្រជែង​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​មួយ​យ៉ាង​ក្ដៅ​គគុក​​ដូច​គ្នា។ ក្រុម​បឹងកេតអង្គរ​បាន​ឡើង​ទៅ​ឈរ​លើ​ក្រុម​ភ្នំពេញក្រោន​សាជាថ្មី ក្រោយ​ឈ្នះ​ក្រុម​ក្រសួង​ការពារ​ជាតិ ១-០ ទាំង​តាន​តឹង​កាល​ពី​ថ្ងៃ​​អាទិត្យ​ម្សិលមិញ។

 

ពេល​នេះ​ក្រុម​បឹង​កេត​អង្គរ​មាន ៥១​ពិន្ទុ ឯ​ក្រុម​ភ្នំពេញ​ក្រោន​មាន ៤៨​ពិន្ទុ​តាម​ពី​ក្រោយ និង​សល់​ពីរ​ប្រកួត​ដូច​គ្នា។ ប្រសិន​បើ​ក្រុម​ភ្នំពេញ​ក្រោន​ឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​ខាង​មុខ ជំនួប​ចុង​ក្រោយ​ជាមួយ​ក្រុម​​បឹងកេត​អង្គរ នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​បំផុត​ប្រចាំ​ឆ្នាំ។ បើ​ក្រុម​​ភ្នំពេញ​ក្រោន​ចាញ់​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ឯ​ក្រុម​បឹងកេត​ឈ្នះ​ក្រុម​វេស្ទើន ជំនួប​ចុង​ក្រោយ​រវាង​ក្រុម​កំពូល​​ទាំង​ពីរ គឺ​គ្រាន់​តែ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ព្រោះ​ក្រុម​បឹងកេត​នឹង​ឈរ​លើ​កំពូល​តារាង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ហើយ។

 

ចំពោះ​ក្រុម​បាត​តារាង៤ គឺ អាស៊ី​អឺរ៉ុប​យូណាយធីត(១៤​ពិន្ទុ) ក្រុម​​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា(១៤​ពិន្ទុ) ក្រុម​វេស្ទើន​ភ្នំពេញ(១៣​ពិន្ទុ) និង​ក្រុម​គីរីវង់​សុខ​សែន​ជ័យ(១១​ពិន្ទុ) សុទ្ធតែ​​ដណ្ដើម​គ្នា​រួច​ផុត​ពី​តំបន់​កាត់​ចោល ព្រោះ​ពិន្ទុ​នៅ​តែ​​ប្រដេញ​គ្នា​​នៅ​ឡើយ។ ក្រុម​អាស៊ី​អឺរ៉ុប និង​ក្រុម​ស៊ីម៉ាក់ មាន ១៤​ពិន្ទុ​ដូច​គ្នា ប៉ុន្តែ​មិន​ទាន់​រួច​ផុត​គ្រោះ​ថ្នាក់​ទេ ព្រោះ ២​ក្រុម​ខាង​ក្រោម​សុទ្ធតែ​អាច​មាន​ឱកាស។

 

ដូច​នេះ​មាន​តែ​រង់​ចាំ​ការ​សប្ដាហ៍​ទី២១ នា​ថ្ងៃ​ទី១៧ ខែ​តុលា​ខាង​មុខ​ប៉ុណ្ណោះ ទើប​អាច​កំណត់​​បន្ត​ថា ក្រុម​ណា​មាន​កៅ​អី Top4 ឯ​ក្រុម​ណា​ស្ថិត​ក្នុង​តំបន់​គ្រោះ​ថ្នាក់៕

 

ចុចអាន៖ ភ្នំពេញ​ក្រោន ឬ​​បឹង​កេត​​​ឈរ​លើ​កំពូល​តារាង​ឆ្នាំ​នេះ?

 

ចប់​សប្ដាហ៍​ទី២០ មាន​តែ​ក្រុម​បៀលប្រាយ​ស្ថិត​ក្នុង​តំបន់​ស
តារាង​ពិន្ទុ​សប្ដាហ៍​ទី២០

 

អត្ថបទ៖ គង់ វិសាល