ចង់ញ៉ាំអយស្ទ័រស្រស់ៗដឹងមាននៅឯណាអត់?


ចង់ញ៉ាំអយស្ទ័រស្រស់ៗដឹងមាននៅឯណាអត់?

ចង់ញ៉ាំអយស្ទ័រស្រស់ៗដឹងមាននៅឯណាអត់?

 

 

 

បើអ្នកបានធ្វើដំណើរមកដល់ស្ពានព្រែកចេក ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៣ ត្រង់បង្គោលគីឡួម៉ែត្រលេខ ១៦១ មានចម្ងាយប្រមាណជា ១០ គីឡូម៉ែត្រ ពីក្រុងកំពតស្ថិតក្នុងភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ហើយសាកក្រលេកភ្នែកទៅខាងស្តាំស្ពាន អ្នកនឹងឃើញមានរោងប្រក់ស្បូវ ២ ខ្នង ឈរបង្អួតរាងយ៉ាងសង្ហារ ក្បែរពំនូកសម្បកអយស្ទ័រ និងសម្បកគ្រឿងសមុទ្រផ្សេងទៀតគរដូចភ្នំ បើមិនចាប់អារម្មណ៍អ្នកប្រហែលជាគិតថា វាជាពំនូកដីមិនខាន។

 

សំឡេងប៉ុងប៉ាំងៗ លាន់ចេញពីកូនរោងទី ២ ដែលស្ថិតនៅខាងក្រោយរោងទី ១ ដែលមានកម្មករស្រីៗប្រហែល ២០ នាក់ កំពុងអង្គុយដំកង់ជុំវិញពំនូកអយស្ទ័រ ដែលនៅកណ្តាល។ មនុស្សស្រី ២ ក្រុមមានក្មេងមានចាស់ កំពុងអង្គុយ ដោយមានខ្លះកាន់កូនពូថៅ អ្នកខ្លះកាន់កាំបិតកំពុងដំបំបែក និង ឆ្កឹះអយស្ទ័រ។ ឯមនុស្សមួយក្រុមទៀតកំពុងនៅមាត់ទឹកលាងអយស្ទ័រ ដែលបានបំបែករួច ហើយបញ្ជូនទៅកាន់រោងទី១ ដែលមានគ្នា ៧-៨ នាក់ ដោយញាប់ដៃច្រក និង ចងអយស្ទ័រតាមលំដាប់លំដោយ ទៅតាមផ្នែករៀងៗខ្លួន ជាខ្សែសង្វាក់យ៉ាងត្រឹមត្រូវ។
ចង់ញ៉ាំអយស្ទ័រស្រស់ៗដឹងមាននៅឯណាអត់?

 

ចង់ញ៉ាំអយស្ទ័រស្រស់ៗដឹងមាននៅឯណាអត់?

 

 

អ៊ំស្រី ជុំ ជាកម្មករម្នាក់ក្នុងចំណោមកម្មករផ្សេងទៀត កំពុងតែច្រកអយស្ទ័រយ៉ាងញាប់ដៃបានមានប្រសាសន៍ដោយសំឡេងច្បាស់ថា “អយស្ទ័រនៅទីនេះស្រស់ អាចញ៉ាំបានភ្លាមៗ មានរសជាតិឆ្ងាញ់ ដោយកន្លែងយើងមានថែមទឹកត្រី និង ខ្ទឹមលីងសម្រាប់អ្នកដែលទិញអយស្ទ័រពីទីនេះ។ របៀបញ៉ាំ គឺចាក់ទឹកត្រី និង រោយខ្ទឹមលីងលើអយស្ទ័រ ហើយដួសញ៉ាំជាការស្រេច ឬអ្នកខ្លះគេញ៉ាំជាមួយបន្លែ ដូចជា ត្រួយកន្ធុំថេតកាន់តែមានរសជាតិឆ្ងាញ់”។

 

អ្នកស្រី លីន ជាម្ចាស់អាជីវកម្មនេះបានប្រាប់ថា គាត់ប្រកបរបរលក់អយស្ទ័រប្រមាណជា ៧ឆ្នាំហើយ។ សព្វថ្ងៃនេះ ក្រៅពីលក់ក្នុងខេត្តកំពត គាត់បានលក់អយស្ទ័រទៅតាមបណ្ដាខេត្តផ្សេងៗទៀត ដូចជា ភ្នំពេញ ខេត្តព្រះសីហនុ កោះកុង សៀមរាប បាត់ដំបងជាដើម។ សម្រាប់អតិថិជននៅឆ្ងាយ គឺគេគ្រាន់តែទូរស័ព្ទកុម៉្មង់ គាត់នឹងផ្ញើឲ្យទៅតាមឡាន។ ទិញចាប់ពី១០០គ្រាប់ឡើងទៅ ខាងអ្នកស្រី នឹងផ្ញើឲ្យ តែអតិថិជនត្រូវចេញសោហ៊ុយដោយខ្លួនឯង។

 

ចង់ញ៉ាំអយស្ទ័រស្រស់ៗដឹងមាននៅឯណាអត់?

 

គាត់សម្តែងក្តីបារម្មណ៏ថា នៅថ្ងៃមុខនឹងពិបាករកអយស្ទ័រ ដោយសារតែគាត់ ពុំមានបច្ចេកទេសក្នុងការចិញ្ចឹមអយស្ទ័រនៅឡើយ សព្វថ្ងៃគាត់ពឹងតែ អយស្ទ័រធម្មជាតិ ដែលបានមកពីក្នុងសមុទ្រក្នុងខេត្តកំពត។ លីន បន្តថា មិនចាំបាច់តែដល់ពេលអនាគតទេ ព្រោះឥឡូវក៏មានថ្ងៃខ្លះរកមិនសូវបានដែរ មានថ្ងៃខ្លះកម្មកររបស់គាត់ត្រូវជិះទូកឆ្ងាយៗ ជួនទៅដល់កោះបារាំង ក្បែរកោះត្រល់ ឬដល់រាម ឯណោះក៏មាន។ ម៉្យាងបើ ប៉ះចំថ្ងៃណាមានខ្យល់ខ្លាំង ឬភ្លៀងក៏គាត់មិនអាចរកអយស្ទ័រឲ្យគ្រប់ចំនួនតាមតម្រូវការភ្ញៀវដែរ។

 

គាត់ប្រាប់ទៀតថា នៅពេលអនាគតគាត់នឹងស្វែងរកបច្ចេកទេសក្នុងការចិញ្ចឹមអយស្ទ័រ ដើម្បីកុំអោយពឹងផ្អែកតែលើអយស្ទ័រធម្មជាតិ ដែលមិនអាចផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់ ព្រោះកំណើនតម្រូវការអយស្ទ័រកាន់តែមានការកើនឡើងជាលំដាប់។ អ្នកស្រី លីន ថា នៅប្រទេសថៃ និងវៀតណាម គឺច្រើនតែអយស្ទ័រចិញ្ចឹម ទីផ្សារគេធំ មិនអាចពឹងផ្អែកលើអយស្ទ័រធម្មជាតិបានទេ។

 

ក្នុងមួយថ្ងៃ អ្នកស្រី លីន អាចលក់អយស្ទ័របានពី ៣០០០ ទៅ ៥០០០ គ្រាប់ក្នុងមួយថ្ងៃ មានថ្ងៃខ្លះលក់សល់ ថ្ងៃខ្លះក៏មិនគ្រប់ គឺមិនទៀងទាត់ទេ អាស្រ័យលើការបញ្ជារទិញរបស់អតិថិជន។ ក្រៅពីលក់អយស្ទ័រ គាត់ក៏មានលក់គ្រឿងសមុទ្រផ្សេងៗទៀតមាន ដូចជា ក្តាម មឹក បង្គារដែរ តែគោលដៅសំខាន់របស់គាត់ គឺអយស្ទ័រ។
ចង់ញ៉ាំអយស្ទ័រស្រស់ៗដឹងមាននៅឯណាអត់?

 

ចង់ញ៉ាំអយស្ទ័រស្រស់ៗដឹងមាននៅឯណាអត់?

 

ចង់ញ៉ាំអយស្ទ័រស្រស់ៗដឹងមាននៅឯណាអត់?

 

 

តើប្រិយមិត្តណាខ្លះធ្លាប់ជិះតាមផ្លូវនេះ និង ធ្លាប់ចូលទិញទេ?

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

-ទូរសព្ទ៖ ​012 567 8 82
-អ៊ីមែល៖​ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

[email protected]ី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!
អត្ថបទ៖ ឡុច គីមសាយ