​ប្រទះឃើញ​សព​បុរស​ម្នាក់ ចងក នឹង​ធាងត្នោត នៅ​ស្រុក​ស្អាង​

​កណ្តាល: បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ ដើរទៅ​ស្រែ​ប្រទះឃើញ ចងក​នឹង​ធាងត្នោត​ស្លាប់ មិនដឹង​មូលហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ ៥ ព្រឹក ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ នៅ​ប្រឡាយ​ធំ ស្ថិតក្នុង​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា បុរស​ដែល​បាន​ចងក ធ្វើអត្តឃាត ឈ្មោះ ប៉ាត់ សឿន ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​មុនពេល​កើតហេតុ បុរស​ម្នាក់ ឈ្មោះ ចាន់ ភី ភេទ​ប្រុស អាយុ ២៨ ឆ្នាំ បាន​ដើរទៅ​ស្រែ បាន​ប្រទះឃើញ ឈ្មោះ ប៉ាត់ សឿន ចងក នៅ​នឹង​ធាងត្នោត ស្លាប់បាត់ ហើយក៏​រត់​មក​ប្រាប់​មេភូមិ និង​សាច់ញាតិ​ជនរងគ្រោះ​។​

​ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​ប៉ុស្តិ៍​ខ្ពប និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ស្រុក បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ​លើ​ខ្លួន​សព រួច​បាន​សន្និដ្ឋានថា បុរស​ឈ្មោះ សឿន ពិតជា​ធ្វើអត្តឃាត ដោយ​ខ្លួនឯង ដោយ​យក​អាវ​សាច់​ក្រណាត់ ដៃ​វែង ចង​ទៅនឹង​ធាងត្នោត ហើយ​ពុំមាន​ស្លាកស្នាម អ្វី​គួរ​ឲ្យ​កត់សំគាល់​ទេ​។​

​តាម​សំដី​ប្រពន្ធ​របស់​សព ប្រាប់ថា ប្ដី​របស់គាត់ មាន​ជំងឺ​ប្រចាំកាយ និង​គ្មាន​លុយ​ព្យាបាល ហើយ​គាត់ ក៍​ទទួលស្គាល់ថា ប្ដី​របស់គាត់ ពិតជា​ចងក សម្លាប់ខ្លួន​មែន​។ ក្រោយពី​ពិនិត្យ​រួច សព​ត្រូវបាន​ប្រគល់ជូន ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕V​/S

​ប្រទះឃើញ​សព​បុរស​ម្នាក់ ចងក នឹង​ធាងត្នោត នៅ​ស្រុក​ស្អាង​

​ប្រទះឃើញ​សព​បុរស​ម្នាក់ ចងក នឹង​ធាងត្នោត នៅ​ស្រុក​ស្អាង​