ត្រៀមលក្ខណៈ ដើម្បី​ស្វែងយល់​បន្ថែម អំពី​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​តម្រងនោម​

ភ្នំពេញ: គ្មានអ្វី​គួរឱ្យ​ងឿងឆ្ងល់​នោះទេ ដែល​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​តម្រងនោម ស្ថិតនៅក្នុង​ចំណោម​ជំងឺ​រ៉ាំរ៉ៃ ធ្ងន់ធ្ងរ​ជាងគេ នៅក្នុង​ប្រទេស​កម្ពុជា​។ ប្រជាជន​ដែល​ទទួលរង ផលប៉ះពាល់​ដោយសារ ជំងឺ​ទាំងពីរ​នេះ មាន​ចំនួន​កើនឡើង ជា​រៀងរាល់ឆ្នាំ និង​មានតែ​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​ស្វែងរក​ការព្យាបាល បាន​ត្រឹមត្រូវ​។​

​ការផ្សព្វផ្សាយ​ពី​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​តម្រងនោម បានធ្វើ​ឡើង កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ អ៊ី​ន​ធើ​កុងទីណង់តាល់​។ ដោយមាន​អ្នកចូលរួម ប្រមាណ​ជា ៨០​នាក់​។​

​ចំពោះ​វាគ្មិន ដែល​ចូលរួម ដើម្បីអោយ​ប្រជាពលរដ្ឋ​កម្ពុជា ស្វែងយល់​បន្ថែម​នោះ មាន លោកស្រី​វេជ្ជបណ្ឌិត ផេ​ត​ប្រ៊ី​ង ប្រា​ចួប​ប្រាន់​ស្រ៊ី (Petpring Prajuabpransri) វេជ្ជបណ្ឌិត​ឯកទេស ផ្នែក​ជំងឺ​ក្រពេញ​អ័រម៉ូន ដោយមាន ឯកទេស​ព្យាបាល ៖ . ជំងឺ​ទឹកនោមផ្អែម . ជំងឺលើសឈាម . ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង ជំងឺ​ពុក​ឆ្អឹង និង​មេតាបូលីស​ឆ្អឹង​។ ជាមួយគ្នា​នោះដែរ ក៏មាន លោក​វេជ្ជបណ្ឌិត ថា​ត់​ផុង ចិត្រ​អឿ​អា​រី (Tatpong Chit-ua-aree) វេជ្ជបណ្ឌិត​ឯកទេស ផ្នែក​ជំងឺ​តម្រងនោម ដោយមាន ឯកទេស​ព្យាបាល ៖ . ជំងឺ​តម្រងនោម . ការលាង​ច្រោះ និង​ផ្សាំ​សរីរាង្គ និង ជំងឺលើសឈាម​។​

​មូលហេតុ​នៃ​ជំងឺ​ទាំងពីរ មាន​លក្ខណៈខុសៗ​គ្នា ប៉ុន្តែ​ប្រសិនបើ​យើង​ស្គាល់​ច្បាស់ អំពី​ជំងឺ​ទាំងនេះ គឺ​កាន់តែ​ប្រសើរ​។ ការព្យាបាល មាន​ច្រើន​សម្បូរបែប រីឯ​វិធានការ​ការពារ ក៏បាន​ផ្សព្វផ្សាយ យ៉ាង​ទូលំទូលាយ រួចហើយ​ដែរ​។ ទោះយ៉ាងណា​ក៏ដោយ គេ​មិន​បានដឹង​ជាទូទៅ​ទេ​ថា ជំងឺ​ទាំងពីរ​នេះ មាន​ទំនាក់ទំនង​គ្នា យ៉ាង​ជិតស្និទ្ធ​។

​ទន្ទឹមនឹងនេះ ទោះជា​មានការ​ផ្សព្វផ្សាយ​ច្រើន ហើយក៏​ដោយ ក៏​នៅតែមាន​មនុស្ស ជាច្រើន មិនបាន​ដឹង​ពី​វិធី​បង្ការ និង​ព្យាបាល នៃ​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​តម្រងនោម នេះដែរ​។​

​យើងទាំងអស់គ្នា សុទ្ធតែ​ចង់​ការពារ​មនុស្ស ជាទី​ស្រឡាញ់​របស់ខ្លួន ឱ្យ​បានល្អ​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​មានតែ​ការ​ផ្តល់ព័ត៌មាន ច្បាស់លាស់​ប៉ុណ្ណោះ ដែលជា​គន្លឹះ​សំខាន់​។ មន្ទីរពេទ្យ​បំរុង​រ៉ាត់ បាន​អញ្ជើញ វេជ្ជបណ្ឌិត​ជំនាញ​ពីររូប មក​ធ្វើ​បទ​បង្ហាញ អំពី​សុខភាព នៅក្នុង​សិក្ខាសាលា​មួយ ដោយ​ឥតគិតថ្លៃ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។

​លោកស្រី​វេជ្ជបណ្ឌិត Petpring Prajuabpransri មាន​ឯកទេស​ផ្នែក​ក្រពេញ​អ័រម៉ូន ទទួល​សញ្ញាប័ត្រ ពី​សហរដ្ឋអាមេរិក​ចំនួន​ពីរ ផ្នែក​ឱសថ​សាស្ត្រ និង​ក្រពេញ​អ័រម៉ូន និង​ផ្នែក​ជំងឺ​ទឹកនោមផ្អែម និង​ការរំលាយ​អាហារ នឹងធ្វើ​ការពន្យល់ អំពី​ជំងឺ​ទឹកនោមផ្អែម លើ​ផ្នែក​រោគសញ្ញា និង​ការព្យាបាល​។

​ចំណែក​លោក​វេជ្ជបណ្ឌិត Tatpong Chit-u-aree មាន​ជំនាញ​ផ្នែក​ប្រព័ន្ធ​តម្រងនោម ទទួលបាន​សញ្ញាប័ត្រ ចំនួន​ពីរ ពី​សហរដ្ឋអាមេរិក ផ្នែក​ឱសថ​សាស្ត្រ និង​ប្រព័ន្ធ​តម្រងនោម នឹងធ្វើ​ការពន្យល់ អំពី​ជំងឺ​តម្រងនោម​។

​ជំនាញ និង​បទពិសោធន៍​របស់ វេជ្ជបណ្ឌិត​ទាំងពីរ រួមទាំង​សំណួរ ចម្លើយ គួរឱ្យ​ចាប់អារម្មណ៍​នានា នឹង​ជួយ​ឱ្យ​លោកអ្នក យល់ដឹង​បន្ថែម អំពី​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​តម្រងនោម បានល្អ​ប្រសើរ​ជាង​មុន​៕V/S

ត្រៀមលក្ខណៈ ដើម្បី​ស្វែងយល់​បន្ថែម អំពី​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​តម្រងនោម​

ត្រៀមលក្ខណៈ ដើម្បី​ស្វែងយល់​បន្ថែម អំពី​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​តម្រងនោម​

ត្រៀមលក្ខណៈ ដើម្បី​ស្វែងយល់​បន្ថែម អំពី​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​តម្រងនោម​

ត្រៀមលក្ខណៈ ដើម្បី​ស្វែងយល់​បន្ថែម អំពី​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​តម្រងនោម​