កំណើនសេដ្ឋកិច្ច​កម្ពុជា បាន​ប៉ាន់ប្រមាណ នឹង​ថយ​ចុះមក​នៅត្រឹម ៦,៩ ភាគរយ នៅ​ឆ្នាំ​២០១៥

ភ្នំពេញ: របាយការណ៍​របស់​ធ​នាគារ​ពិភពលោក បាន​លើកឡើងថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា នឹង​ថយចុះ​បន្តិច មក​ត្រឹម ៦,៩ ភាគរយ នៅក្នុង​ឆ្នាំ​២០១៥​។ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា នៅតែ​ត្រូវបាន​នាំមុខ ដោយ​វិស័យ​សំណង់ ការនាំចេញ​សម្លៀកបំពាក់ និង​វិស័យ​ទេសចរណ៍​។​

​របាយការណ៍​របស់ ធនាគារពិភពលោក បាន​ផ្សព្វផ្សាយ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥​នេះ បាន​ឲ្យ​ដឹងថា វិស័យ​សំណង់ បាន​ក្លាយជា​ក្បាលម៉ាស៊ីន ដ៏​សំខាន់បំផុត នៃ​កំណើនសេដ្ឋកិច្ច ដោយសារតែ​កម្ពុជា មាន​ស្ថេរភាព​ន​យោ​យ​បាយ ល្អប្រសើរ​ឡើងវិញ និង​កើនឡើង​នូវ​តម្រូវការ​ប្រើប្រាស់​ឡើងវិញ​។ ក៏ប៉ុន្តែ​គេ​សង្កេតឃើញ មាន​សញ្ញាណ​មួយចំនួន នៃ​ការបន្ត​ធ្លាក់ចុះ ជាពិសេស លើ​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម ដែល​វា​ផ្អែកទៅលើ​តម្រូវការ ពី​ខាងក្រៅ និង​តម្លៃ​ផលិតផល​អន្តរជាតិ​។
​ជា​លទ្ធផល​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា នឹង​ថយចុះ​បន្តិច​មក​ត្រឹម ៦,៩ ភាគរយ នៅក្នុង​ឆ្នាំ​២០១៥​។​

​លោក​សូ​ដេ​ត លី អ្នកសេដ្ឋកិច្ច​របស់ ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​មាន ប្រសាសន៍ថាៈ "​កំណើន​នៃ​ការនាំចេញ សម្លៀកបំពាក់ បាន​ថយចុះ ក្នុងកំឡុងពេល​ឆមាស​ទី​១ នៃ​ឆ្នាំនេះ​។ ដូច្នេះ​ការកែ​ខៃ​អត្ថប្រយោជន៍ ប្រកួតប្រជែង​របស់​ក​ម្ពុ​ជា គឺជា​អាទិភាព​មួយ​"​។​

​លោក សូ​ដេ​ត បាន​បន្តថាៈ កំណើនសេដ្ឋកិច្ច ជា​បន្តបន្ទាប់ នៅក្នុង​រយៈពេល​ពីរ បី​ឆ្នាំ កន្លង​ទៅនោះ បានធ្វើ​ឲ្យ​សុខុមាលភាព របស់​ប្រជាពលរដ្ឋ នៅ​កម្ពុជា មានការ​កើន ឡើង ធ្វើ​ឲ្យ​កម្រិតជីវភាព របស់​ពលរដ្ឋ​កម្ពុជា មាន​ភាពល្អ​ប​ង្គូ​រ​។ និន្នាការ​នេះ នឹង​បន្ត​នៅក្នុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ជាពិសេស នៅ​តំបន់​ទីប្រជុំជន ដែល​វិស័យ​សំណង់ និង​វិស័យ​សេវាកម្ម មាន​ភាពរឹងមាំ​។​

​លោក អាក​សែ​ល វ៉ាន់ ត្រុត​សេន​ប៊ើ​គ អនុប្រធាន​ធនាគារពិភពលោក ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ច នៅក្នុង​ប្រទេស​កំពុង អភិវឌ្ឍន៍ ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នៅតែ​បន្ត​មាន​ភាពរឹងមាំ ប៉ុន្តែ​និន្នាការ នៃ​ការថយចុះ​នេះ បាន​ប្រាប់​ដល់​អ្នកតាក់តែង គោលនយោបាយ​នានា នៅក្នុង​តំបន់​នេះ ឲ្យ​បន្ត​ផ្តោត​ការយកចិត្តទុកដាក់ លើ​ការធ្វើកំណែទម្រង់ រចនាសម្ព័ន្ធ​ដែលជា​មូលដ្ឋានគ្រឹះ សម្រាប់​កំណើនសេដ្ឋកិច្ច រយៈពេល​វែង និង​លើ​គ្រប់​វិស័យ ប្រកបដោយ​ចីរភាព​។ កំណែទម្រង់​ទាំងនេះ រួមមាន ការកែលម្អ​លិខិតបទដ្ឋាន លើ​ផ្នែក​ហិរញ្ញវត្ថុ ទីផ្សារការងារ និង​ផលិតផល ព្រមទាំង​វិធានការ​នានា ដែល​លើកកម្ពស់​តម្លាភាព និង​គណនេយ្យភាព​។ គោលនយោបាយ​ទាំងនេះ នឹង​ជួយ​កសាង​ទំនុកចិត្ត ដល់​អ្នកវិនិយោគ និង​គាំទ្រ​ដល់ទី​ផ្សារ ហើយនឹង​ជួយ​ទ្រទ្រង់ ដល់​កំណើនសេដ្ឋកិច្ច ដែល​អាចជួយ ប្រជាពលរដ្ឋ រួច​ចាក​ផុតពី​ក្រីក្រ​បាន​។​

​របាយការណ៍​របស់ ធនាគារពិភពលោក បាន​ព្យាករណ៍​ថា នៅ​កម្ពុជា ទិន្នផល​កសិកម្ម ដែល​ចុះ​ទាប​ជាង​មុន កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សេដ្ឋកិច្ច​របស់ខ្លួន ទោះបីជា​កំណើន​នេះ នៅ​រក្សាបាន​ក្នុង​កម្រិត ៦,៩ ភាគរយ​ដដែល ក៏ដោយ​ក្នុងឆ្នាំនេះ​៕V/S

កំណើនសេដ្ឋកិច្ច​កម្ពុជា បាន​ប៉ាន់ប្រមាណ នឹង​ថយ​ចុះមក​នៅត្រឹម ៦,៩ ភាគរយ នៅ​ឆ្នាំ​២០១៥

កំណើនសេដ្ឋកិច្ច​កម្ពុជា បាន​ប៉ាន់ប្រមាណ នឹង​ថយ​ចុះមក​នៅត្រឹម ៦,៩ ភាគរយ នៅ​ឆ្នាំ​២០១៥

កំណើនសេដ្ឋកិច្ច​កម្ពុជា បាន​ប៉ាន់ប្រមាណ នឹង​ថយ​ចុះមក​នៅត្រឹម ៦,៩ ភាគរយ នៅ​ឆ្នាំ​២០១៥