ទិវា​គ្រូបង្រៀន​ពិភពលោក ថ្ងៃ​៥​តុលា ប្រារព្ធ​នៅ​ទីលាន​ប្រជាធិបតេយ្យ​

ភ្នំពេញ: ដូច​ការគ្រោងទុក សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានរៀបចំ​ពិធី​ជួបជុំ​គ្រូបង្រៀន ប្រមាណ ២០០ នាក់ ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥  នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ​។
​    ​
​បន្ទាប់ពី​ការសំដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ រួចមក សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចាត់តាំង​តំណាង​ចំនួន ១០ នាក់ ជិះ​រថយន្ត​ចំនួន ១​គ្រឿង ( រថយន្ត​រៀបចំ​ដោយ​សាលាខណ្ឌ​ដូនពេញ ) ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី រួច​រំសាយ​។​
​    ​
​លោកស្រី រស់ ទិ​ត្យ​ម៉ា​ល័យ តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​លើកឡើងថា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានរៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ថ្ងៃទី​៥ ខែតុលា​នេះ ក្នុង​គោលបំណង​លើកកម្ពស់​អំណាច​គ្រូបង្រៀន​។​
      ​
​សូម​រម្លឹកថា ក្រសួង​អប់រំ​យុវជន និង​កីឡា ក៏បាន​ប្រកាស​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ "​ការលើកកម្ពស់​សក្តានុពល​គ្រូបង្រៀន ដើម្បី​កសាង​សង្គម​ប្រកបដោយ​និរន្តរភាព​" ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។
​    ​
​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា បង្ហាញថា ការរៀបចំ​ទិវា​គ្រូបង្រៀន ឆ្នាំ​២០១៥ ក្រោយ​ប្រធានបទ “​លើកកម្ពស់​សក្កា​នុព​ល​គ្រូបង្រៀន ដើម្បី​កសាង​សង្គម​ប្រកបដោយ​និរន្តរភាព​” ក្នុង​គោលបំណង ជាការ​ដឹងគុណ​ដល់​គ្រូបង្រៀន​ទាំងអស់ ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ក្នុង​ការខិតខំ​ព្យាយាម​បង្ហាត់បង្រៀន​សិស្សានុសិស្ស និស្សិត ទទួលបាន​លទ្ធផល​ល្អ​គួរ​ជាទី​មោទនៈ​៕​