​នៅ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​សព​ស្ត្រី​រងគ្រោះ ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ កាប់​នៅឡើយ​

កំពង់ស្ពឺ: ចាប់តាំងពី​ថ្ងៃទី​៣ ខែតុលា រហូតមកដល់​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច នៅតែ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​សព​ស្ត្រី​រងគ្រោះ​ម្នាក់ ដែលមាន​ផ្ទៃពោះ ៦​ទៅ​៧​ខែ ហើយ​ត្រូវ​ជន​មិន​ស្គាល់ មុខ​កាប់​នឹង​ពូថៅ រួច​ដុត​សាកសព ស្ថិតនៅលើ​ខ្នងភ្នំ​គិរី​រម្យ ក្នុងភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា សព​ស្ត្រី​រងគ្រោះ ត្រូវបាន​មន្ត្រី​បរិស្ថាន ប្រទះឃើញ​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ រួច​រាយការណ៍ ជូន​នគរបាល​ជំនាញ ចុះទៅពិនិត្យ​សព នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា ដើម្បី​ស្វែ​ករក​ការពិត នៃ​អំពើ​ឃាតកម្ម ដ៏​សហាវ​មួយ​នេះ​។​

​មន្ត្រីនគរបាល​ជំនាញ ផ្នែក​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ បាន​និយាយថា ក្រោយ​ការពិនិត្យ​សព ស្ត្រី​រងគ្រោះ ដែលមាន​អាយុ​ជាង​២០​ឆ្នាំ ស្លៀក​ខោខ្លី ត្រឹម​ក្បាលជង្គង់ និង​អាវយឺត​ដៃ​វែង ត្រូវបាន​ឃាតករ យក​ពូថៅ​កាប់ ចំនួន​៤​កន្លែង ហើយ​យក​ភ្លើង​ដុត​សាកសព​ទៀតផង ស្ថិតនៅលើ​ខ្នងភ្នំ​គិរី​រម្យ ដែលជា​កន្លែង​ស្ងាត់​។​

​បើតាម​មន្ត្រីនគរបាល​រូបនេះ ការសម្លាប់​ស្ត្រី​រងគ្រោះ ដែល​កំពុងមាន​ផ្ទៃពោះ​ផង​នោះ អាច​ផ្តើមចេញពី​រឿង​ស្នេហា​ត្រីកោណ អាច​ថា​ឃាតករ ដែលមាន​តែម្នាក់ឯង ចង់​ឲ្យ​ជនរងគ្រោះ យក​កូន​ចេញ កុំ​ឲ្យ​ប្រពន្ធដើម​ដឹង តែ​ទំនង​ស្ត្រី​រងគ្រោះ​មិន​ព្រម ក៏​រៀបចំ​គំរោងការ សម្លាប់​តែម្តង​។​

​ការសន្និដ្ឋាន​បែបនេះ ដោយសារតែ​នៅ​កន្លែងកើតហេតុ ជនសង្ស័យ មិនបាន​យក​ទ្រព្យសម្បត្តិ ពី​ស្ត្រី​រងគ្រោះ​នោះទេ ដូចជា​ក្រវិល​ទាំង​គូ ហើយ​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​បាន​ប្រទះឃើញ ពូថៅ​តូច​មួយ កន្ទេល​មួយ និង​សម្ភារ​:​មួយចំនួនទៀត​។ សមត្ថកិច្ច សូម​អំពាវនាវ​ដល់​សាច់ញាតិ និង​ក្រុមគ្រួសារ របស់​ស្ត្រី​រងគ្រោះ ពីព្រោះ​រហូតមក​ដល់ពេលនេះ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ ចាប់តាំងពី​នាង​ត្រូវ​ឃាតករ សម្លាប់​កាលពី ៤ ទៅ ៥​ថ្ងៃ កន្លងមកហើយ​នោះ​។

​ហេតុនេះ បើ​ក្រុមគ្រួសារ ឬ​បងប្អូន​ណា ដែល​បាន​បាត់​សាច់ញាតិ​របស់ខ្លួន សូម​អញ្ជើញ​មក​ពិនិត្យ ឬ​ធ្វើការ​ទំនាក់ទំនង អធិការដ្ឋាន​នគរបាល ស្រុក​ភ្នំស្រួច ដើម្បី​ទទួលយក​សាកសព ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​៕V​/S

​នៅ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​សព​ស្ត្រី​រងគ្រោះ ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ កាប់​នៅឡើយ​