ពួក IS បំផ្លាញក្លោងទ្វារ អាយុកាលរាប់ពាន់ឆ្នាំ របស់ស៊ីរី

ដាម៉ាស់៖ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS កាលពីថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០១៥ បានធ្វើ ការបំផ្ទុះ គ្រាប់បែកបំផ្លាញ ក្លោងទ្វារប្រាសាទ Triumphal Arch ដែលស្ថិតនៅទីក្រុងបុរាណ ផាលម៉ៃរ៉ា មានអាយុ កាលរាប់ពាន់ឆ្នាំ ស្ថិតនៅភាគ កណ្តាលស៊ីរី ស្របពេលដែលកងកម្លាំង ទ័ពអាកាសរបស់រុស្ស៊ី ក៏កំពុងតែវាយ ប្រហារកម្ចាត់ក្រុមជ្រុល និយមទាំងនេះផងដែរនោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ នេះទៀតថា ប្រាសាទ Triumphal Arch ត្រូវបានកសាង ឡើងតាំងពី សតវត្សរ៍ទី ២ នៃគ្រិស្តសក្ករាជមកម្ល៉េះ។ ចំពោះការបំផ្លាញប្រាសាទ បាន កើតឡើងស្របពេល ដែលប្រទេសរុស្ស៊ី ដែលមានមូលដ្ឋានទ័ពអាកាសស្រាប់នៅស៊ីរី ចាប់ផ្តើម ប្រតិបត្តិការវាយប្រហារ កម្ចាត់ក្រុម IS ដែលមានយន្តហោះ ចម្បាំងជាង ៣០គ្រឿងបានចូលរួម។

លោក អាប់ឌុល ការីម ប្រធាននៃនាយកដ្ឋាន បុរាណវិទ្យា និង សារៈមន្ទីរ បានប្រាប់ស៊ិនហួ ថា “យើងមានព័ត៌ មានទាក់ទង នឹងក្រុម IS ដែលបានធ្វើការបំផ្លាញក្លោងទ្វារខាងលើនេះ ប៉ុន្តែយើងមិន បានដឹងថា តើពួកគេធ្វើនេះ ដើម្បីអ្វីទេ។ ពួកគេពិតជាគ្មានសាសនា ឬ ការគោរពអ្វីឡើយ ព្រោះទីនោះ មិនបានបង្ហាញពីសញ្ញា ឬ ការបញ្ជាក់ប្រាប់ថា ជាប្រាសាទ បុរាណ បែបសាសនាណាមួយនោះទេ។”

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុម IS ធ្វើការបំផ្លិចបំផ្លាញទីក្រុង ផាល់ម៉ៃរ៉ា ដែលមាន ទីបុរាណស្ថានជាច្រើន ជានិមិត្តរូបជាតិ និង បេតិកភណ្ឌពិភពលោក។ អន្តរជាតិ និង អាជ្ញាធរក្នុងតំបន់ បានព្យាយាមការពារទីនេះ ប៉ុន្តែពួកគេមិនដឹងថា មូលហេតុ អ្វីបានជាពួក IS នេះ ធ្វើការវាយប្រហារ ទីបុរាណស្ថាន ដែលមិនមែនជារបស់សាសនាណា មួយ ដែលប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនោះឡើយ៕

ពួក IS បំផ្លាញក្លោងទ្វារ អាយុកាលរាប់ពាន់ឆ្នាំ របស់ស៊ីរី