អាជ្ញាកណ្ដាល​ដែល​យក​កាំភ្លើង​ចូល​អុកឡុក​ទីលាន​ប្រកួត​បាល់ទាត់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

ជា​ហេតុការណ៍​ដ៏​អាក្រក់​មួយ​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​ប្រេ​ស៊ី​ល​ដែល​អាជ្ញាកណ្ដាល​មួយ​រូប​បាន​កាន់​កាំភ្លើង​រត់​ចូល​ទីលាន​ប្រកួត ប៉ុន្ដែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់់​អ្នក​ដទៃ​បាន​ត្រឹម​បំភ័យ​គេឯង​ប៉ុណ្ណោះ និង​ក្រោយមក​ត្រូវ​បាន​ចាប់ខ្លួន ។

អាជ្ញាកណ្ដាល​បង្កហេតុ​រូប​នេះ​ឈ្មោះ​ហ្គា​ប្រៀ​ល មូ​តា បាន​កាន់​កាំភ្លើង​រត់​ចូល​ទីលាន​ប្រកួត ដោយសារ​មាន​ជម្លោះ​ត្រូវ​កីឡាករ​ទាត់ និង​ទះកំផ្លៀង​ក្នុង​ពេល​ប្រកួត​រវាង​ក្លិប​Brumadinha និង​ក្លិប Amantes Da  Bolas នៅ​ក្របខ័ណ្ឌ​ថ្នាក់​តំបន់ ។ លោក​មូ​តា នឹង​ទទួល​ការ​ដាក់​វិន័យ​មិន​ឱ្យ​ចូល​ប្រឡូក​ក្នុង​អាជីព​របស់​ខ្លួនអស់​មួយ​ជីវិត​ពី​សហព័ន្ធ​បាល់ទាត់ Minas Gerais ប៉ុន្ដែ​ក្នុង​ដំណាក់កាល​ដំបូង​ត្រូវ​ត្រួតពិនិត្យ​ពី​បញ្ហា​ផ្លូវ​ចិត្តជា​មុន​សិន ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​គុយ​លី​យ៉ា​ណូ បូស​សាណូ ប្រធាន​សហ​គម​អ្នកកាត់ក្ដី ។

លោក​បូស​សាណូ បាន​គូសបញ្ជាក់​ទៀត​ថា សមាគម​បាន​ប្រជុំ​ជាមួយ​អ្នក​ចិត្ត​វិទ្យា​ដើម្បី​វាយតម្លៃ​ពី​ទោស​កំហុស​របស់​អាជ្ញាកណ្ដាល​រូប​នេះ​។ ហេតុការណ៍​បែប​នេះ​កើត​មាន​ញឹកញាប់​ហើយ​លោក​មិន​ចង់​រូតរះ​កាត់ក្ដី​រឿង​នេះ​ទេ ព្រោះ​ការ​ប្រើ​កាំភ្លើង​អាច​ជា​វិធីសាស្ដ្រ​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាន់​ពេល ៕