មីក្រូហិរញ្ញវត្ថុ​ស្រី​លង្កា​ទិញ​ភាគហ៊ុន​60​ភាគរយ​ពី​មីក្រូហិរញ្ញវត្ថុ​មួយ​របស់​កម្ពុជា

រាជធានី​ភ្នំពេញ ៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​និង​កំពុង​មានការ​រីក​ចម្រើន​ប្រកបដោយ​ភាព​ប្រកួតប្រជែង និង​សមាហរណកម្ម​ខ្ពស់ ស្រប​ទៅ​តា​មកា​រវិ​វត្ត​ករី​ក​ចម្រើន​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ ហើ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ប្រជាជន​រហូត​ដល់​ជនបទ ។ ការ​រីក​ចម្រើន​ទាំងនេះ បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​គ្របដណ្តប់​ទូ​ទាំង​ប្រទេស​។ ទន្ទឹម​នឹង​នេះ កំណើនសេដ្ឋកិច្ច​រឹង​មាំ និង​ស្ថិរភាព​នៅ​ក្នុង​សង្គម គឺជា​កាលានុវត្តភាព​នៃ​ការ​ទាក់ទាញ​វិនិយោ​គិន​បរទេស​មក​បណ្ដាក់ទុន ។ ជាក់ស្តែង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​របស់​ប្រទេស​ស្រី​លង្កា បាន​ប្រកាស​ទិញ​ភាគ​ហុ​៊​ន​ពី​មីក្រូហិរញ្ញវត្ថុ​មួយ​របស់​កម្ពុជា​ដើម្បី​ពង្រីក​កិត្តិនាម​របស់​ខ្លួន​ឲ្យ​កាន់តែ​មានការ​ទទួលស្គាល់​ជាស​កល ។

អិ​ល​អូ​អិ​ល​ស៊ី ជា​មីក្រូហិរញ្ញវត្ថុ​របស់​ប្រទេស​ស្រី​លង្កា បាន​ទិញ​ភាគហ៊ុន​ចំនួន​៦០​ភាគរយ ពី​មីក្រូហិរញ្ញវត្ថុ​ធនាគារ​ភូមិ​របស់​កម្ពុជា ដោយ​បាន​ប្តូរ​ឈ្មោះ​ពី​មីក្រូហិរញ្ញវត្ថុ​ធនាគារ​ភូមិ ទៅ​ជា​មីក្រូហិរញ្ញវត្ថុ​អិ​ល អូ​អិ​ល​ស៊ី​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី និង​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​មាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២ តុលា នៅ​ឯ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់ លោក សុខ វឿ​ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិ​ល​អូ​អិ​ល​ស៊ី​(​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី បាន​ឲ្យ​ដឹង​ថា ជោគជ័យ​ចំនួន​ពីរ​ដែល​ជា​ចំណុច​របត់​នៃ​ដំណើរ​ឆ្ពោះទៅ​គោលដៅ របស់​អិ​ល​អូ​អិ​ល​ស៊ី គឺ​ទី​១ ដោយសារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិ​ល​អូ​អិ​ល​ស៊ី (​ខេ​ម​បូ​ឌា​)​ភី​អិ​ល ស៊ី ទទួល​បាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ទទួល​ប្រាក់​បញ្ញើ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ដូចនេះ​អាច​ធ្វើ​ឲ្យ​អិ​ល​អូ​អិ​ល​ស៊ី អាច​ពង្រីក​សេវាកម្ម​របស់​ខ្លួន ដើម្បី​បម្រើប្រជាជន​កម្ពុជា​ពី​កម្រិត​ខ្ពស់​មក កម្រិត​មូលដ្ឋាន​ពីរ៉ាមីត​នៃ​សេដ្ឋកិច្ច​សង្គម និង​ទី​២ ចាប់ពី​ថ្ងៃនេះ​តទៅ មីក្រូហិរញ្ញវត្ថុ​ដែល​ស្គាល់​ថា​ជា​ធនាគារ​ភូមិ និង​ប្រើប្រាស់​ឈ្មោះ​ថ្មី​ជា​ផ្លូវការ ហៅ​ថា អិ​ល​អូ​អិ​ល​ស៊ី​(​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី ។

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា « ការ​ផ្លាស់​ប្តូរ​នេះ​មាន​គោលបំណង​ពង្រីក​កិត្តិនាម​របស់​ភាគ​ទុ​និក​ដែល​មាន​សំឡេង​ច្រើន​លើសលប់ ដើម្បី​ឲ្យ​កាន់តែ​មានការ​ទទួល​ស្គាល់​ជាស​កល​។ ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ថ្មី​នេះ មិន​មាន​ប៉ះពាល់​ដល់​រចនា​សម្ព​ន្ធ័​ភាគ​ទុ​និក ក្រុមប្រឹក្សាភិបាល បុគ្គលិក ផលិតផល​ឬ​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង ក្នុង​ការ​បម្រើ​អតិថិជន​នោះ​ទេ »​។

ទាក់ទង​នឹង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​នេះ​ដែរ លោក សុខ វឿ​ន បាន​បន្ត​ថា « នៅ​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ពិសេស​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ យើង​ឃើញ​ថា ប្រាក់​បញ្ញើ​មាន​កំណើន​យ៉ាង​ខ្លាំង ហើយ​យើង​មើលឃើញ​ដែរ​ថា មាន​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ ទាំង​អ្នកមាន និង​អ្នកមាន​ជីវភាព​មធ្យម មានការ​ជឿជាក់​យ៉ាង​សម្បើម នឹង​បាន​យក​ប្រាក់​របស់​ពួក​គាត់​មក​ដាក់​សន្សំ​នៅ​ក្នុង​មីក្រូហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ។ ដូចនេះ បន្ទាប់​ពី​អិ​ល​អូ​អិ​ល​ស៊ី ទទួល​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ និង​បង្កើត​ឲ្យ​មាន​ផលិតផល​សម្បូរ​បែប ដែល​អាច​ទាក់ទាញ​អតិថិជន ហើយ​ជឿជាក់​ថា ប្រាក់​បញ្ញើ​របស់​អិ​ល​អូ​អិ​ល​ស៊ី នឹង​មានការ​កើនឡើង​ខ្ពស់ » ។

លោក គិ​ម រ៉ា​ដា អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​លើកកម្ពស់​បរិ​យា​ប័ណ្ណ​ហិរញ្ញវត្ថុ រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ និង​កំណើនសេដ្ឋកិច្ច វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ត្រូវ​បាន​ទទួលស្គាល់​ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ និង​ទទួល​បាន​នូវ​ទំនុកចិត្ត​យ៉ាង​ខ្លាំង​ពី​សាធា​រណ​ជន ។ លោក​ថា «​ដើម្បី​រក្សា​បាន​នូវ​ស្ថិរភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ក៏​ដូច​ជា​ប្រព័ន្ធ​ធនាគារ​ទាំងមូល ក្នុង​នាម​ជា​អាជ្ញាធរ​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​ក​ម្ព​ជា បាន​បន្ត​ត្រួតពិនិត្យ​ជា​ប្រចាំ និង​យ៉ាង​ខ្ជាប់​ខ្លួន ចំពោះ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​ច្បាប់​និង​បទ​ប្បញ្ញត្តិ​នានា សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ រួម​ទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផង ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្តី​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ត្រូវ​មាន​កាតព្វកិច្ច​អនុវត្ត​តាម » ។

គួរ​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ មីក្រូហិរញ្ញវត្ថុ អិ​ល​អូ​អិ​ល​ស៊ី (​ខេ​ម​បូ​ឌា ) ភី​អិ​ល​ស៊ី ដែល​ប្តូរ​ពី​មីក្រូហិរញ្ញវត្ថុ ធនាគារ​ភូមិ មានទ្រព្យ​សកម្ម​ប្រមាណ​១៨០​លាន​ដុល្លារ ឥណទាន​ប្រមា​ន ១៥០​លាន​ដុល្លារ បណ្ដាញ​ប្រតិបត្តិការ​ចំនួន​៦០​ការិយាល័យ ព្រមទាំង​មាន​អតិថិជន​ជាង​២០​ម៉ឺន​នាក់ ។

បើ​យោង​តាម​លោក​ជំទាវ អ៊ុ​ក ម៉ា​លី ឥណទាន​សរុប​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​២០១៥ បាន​កើនឡើង​២០,៤៥% ធៀប​នឹង​ឆមាស​ទី​២​នៃ​ឆ្នាំ​២០១៤​គឺ​ពី​៨.២១៩​ពាន់​លាន​រៀល​ដល់​១០.០៦៤​ពាន់​លាន​រៀល បាន​ផ្តល់​ជូន​អតិថិជន​ប្រមាណ​១.៨៤៥.៨០៨​នាក់​ដែល​បាន​ខ្ចីប្រាក់​នៅ​ក្នុង​ប្រព័ន្ធ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៕