អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ចាប់ផ្តើម​រៀបចំផ្ទះ​បណ្តែត​ទឹក នៅ​ផ្សារ​ក្រោម​

​កំពង់ឆ្នាំង: ផ្ទះ​បណ្តែត​រាប់ពាន់​ខ្នង របស់​ជនជាតិ​វៀតណាម ខ្មែរឥស្លាម និង​ខ្មែរ​មួយចំនួន​ផង​នោះ ត្រូវបាន​អាជ្ញាធរនៃ​ខេត្តកំពង់ឆ្នាំង សម្រេច​អោយ​ចាកចេញ ទៅ​តាំងនៅ​កន្លែង​ផ្សេង ស្ថិត​ខាងជើង​កន្លែងចាស់ ប្រហែល​២​គីឡូម៉ែត្រ ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ការសម្រេច​នេះ ត្រូវបាន​មន្ត្រី​អាជ្ញាធរ អះអាងថា ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ ច្រាំងទន្លេ​ផ្សារ​ក្រោម និង​រៀបចំផ្ទះ​បណ្តែត​ទឹក​ទាំងនោះ អោយមាន​របៀបរៀបរយ​ល្អ  ។​
​    ​
​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុមចំរុះ​ថ្នាក់​ខេត្ត បានអោយដឹងថា យោងតាម​ផែន​របស់ គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង គឺ​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ ផ្ទះ​បណ្តែត​ទឹក អោយមាន​របៀបរៀបរយ​ល្អ និង​អភិវឌ្ឍន៍​តំបន់​មាត់ទន្លេ ផ្សារ​ក្រោម ក្នុង​ក្រុង​កំពង់ឆ្នាំង  អោយ​ក្លាយជា​តំបន់​ទេសចរណ៍  មាន​សោភ័ណភាព និង បរិស្ថាន​ល្អ  ស្របតាម​គោលការណ៍ ប្រឡងប្រណាំង ទីក្រុង​ស្អាត  ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ  និង​អន្តរជាតិ មក​ទស្សនា​កំសាន្ត ជាពិសេស​ភ្ញៀវ ដែល​មក​ទស្សនា ភ្នំ​នា​ងក​ង្រី  ។​
​    ​
​លោក​អភិបាលរង​ខេត្ត បាន​អោយដឹងទៀតថា  ប្រជាពលរដ្ឋ ដែល​រស់​នៅលើ ផ្ទះ​បណ្តែត​ទឹក​ទាំងអស់ សរុប​មាន​ចំនួន ៩៩៦ គ្រួសារ  ស្មើនឹង ១.៤៨៦ ខ្នង​ផ្ទះ ។ តាម​ផែនការ​របស់​ខេត្ត និង​ក្រុង បាន​ផ្សព្វផ្សាយ​ផែនការ​នេះ កាល​ថ្ងៃទី​៣០ ខែកញ្ញា  ឆ្នាំ​២០១៥  និង​បាន​កំណត់អោយ ប្រជាពលរដ្ឋ ធ្វើការ​ប្តូរ​ទីតាំង​ផ្ទះ​របស់ខ្លួន  ចាប់ពី​ថៃ្ង​ទី​១៥ ដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ដោយ​ស្ម័គ្រចិត្ត​។
​    ​
​តាម​ការពិនិត្យ​ឃើញជាក់ស្តែង ក្រោយពី​មានការ​ផ្សព្វផ្សាយ និង​ជូនដំណឹង​របស់​អាជ្ញាធ​រ មាន​ប្រជាពលរដ្ឋ មួយចំនួន បាន​ស្ម័គ្រចិត្ត​អូស​ផ្ទះ​របស់ខ្លួន ចេញទៅ​នៅ​ទីតាំង​ថ្មី ជា​បន្តបន្ទាប់ ដែល​មកដល់នឹង​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥​នេះ អស់​ប្រមាណ ៥០ ភាគរយ​ហើយ ។​
​    ​
​សូមបញ្ជាក់ថា នៅក្នុងពេល​ខាងមុខនេះ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង មាន​គម្រោង​កសាង​សួនច្បារ ទីតាំង​លក់ដូរ​ផ្សារឆ្នាំង  ផ្លូវ​មាត់ទន្លេ  បណ្តាញ​ទឹកស្អាត  បណ្តាញ​អគ្គិសនី កន្លែង​ហាត់ប្រាណ និង​វេទិកា​មួយ នៅ​មាត់ទន្លេ​ផ្សារ​ក្រោម​។  គម្រោង​អភិវឌ្ឍន៍​នេះ មាន​ប្រវែង ២.៧១១​ម៉ែត្រ   ចាប់​ពីមុខ​វត្ត​ទេពធីតា​រាម  រហូតដល់​ស្ថានីយ​ទឹកស្អាត​ចុង​កោះ   ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​    ​
​គេ​នៅ​ចាំបាន​ថា កាលពី​អំឡុង​ឆ្នាំ​១៩៩៨ , ២០០៣ ជំនាន់​លោក ស៊ូ ភិរិន្ទ ធ្វើជា​អភិបាលខេត្ត​កំពង់ឆ្នាំង អាជ្ញាធរ បានរៀបចំ​ផ្ទះ​បណ្តែត​ទឹក នៅ​ផ្សារ​ក្រោម​នេះ ម្តង​ហើយ ប៉ុន្តែ​ក្រោយមក គេ​ឃើញ​ផ្ទះ​បណ្តែត​ទឹក​ទាំងនេះ បានមក​តាំងនៅ​កន្លែង​ដើម​វិញ​ដដែល ហើយ​មាន​ចំនួន​កាន់តែច្រើន​ទៅៗ បង្ករ​ភាព​រញ៉េរញ៉ៃ គ្មាន​សណ្តាប់ធ្នាប់​ទៀតផង ។  
​    ​
​មជ្ឈដ្ឋាន​នានា ក្នុង​ខេត្តកំពង់ឆ្នាំង កំពុងតែ​ចាំមើល​ថា តើ​ការចុះ​រៀបចំ ផ្ទះ​បណ្តែត​ទឹក​របស់​មន្ត្រី អាជ្ញាធរ​លើក​នេះ មាន​ប្រសិទ្ធភាព​ដែរឬទេ  ?  ឬ​ដូច​ជំនាន់​លោក ស៊ូ ភិរិន្ទ ទៀត  ? ៕V/S

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ចាប់ផ្តើម​រៀបចំផ្ទះ​បណ្តែត​ទឹក នៅ​ផ្សារ​ក្រោម​

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ចាប់ផ្តើម​រៀបចំផ្ទះ​បណ្តែត​ទឹក នៅ​ផ្សារ​ក្រោម​

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ចាប់ផ្តើម​រៀបចំផ្ទះ​បណ្តែត​ទឹក នៅ​ផ្សារ​ក្រោម​

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ចាប់ផ្តើម​រៀបចំផ្ទះ​បណ្តែត​ទឹក នៅ​ផ្សារ​ក្រោម​

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ចាប់ផ្តើម​រៀបចំផ្ទះ​បណ្តែត​ទឹក នៅ​ផ្សារ​ក្រោម​

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ចាប់ផ្តើម​រៀបចំផ្ទះ​បណ្តែត​ទឹក នៅ​ផ្សារ​ក្រោម​