គ្រូបង្រៀន​ផ្នែក​ភាសា សាលា​ឯកជន​ម្នាក់ ដេកស្លាប់ ដោយ​ជំងឺ​គាំងបេះដូង​

បាត់ដំបង​: គ្រូបង្រៀន​នៅ​សាលារៀន​ឯកជន មានឈ្មោះ​មូលដ្ឋាន​ពន្លឺ នៃ​ចំណេះដឹង​ភាសា​អង់គ្លេស​ម្នាក់ ដេកស្លាប់​នៅក្នុង​បន្ទប់ ដោយ​មិនដឹង​មូលហេតុ​បង្ក ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៥ ភ្លឺ ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង ។​

​សព​ជនរងគ្រោះ ឈ្មោះ ហ៊ួ​ត បានជា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​។ បើតាម​ស្ត្រី​ជា​ភរិយា​នៃ​សព ឈ្មោះ តាន់ ប៊ិច អាយុ​៣៤​ឆ្នាំ បាន​រៀបរាប់ថា កាលពីដើម ពួកគេ​ទាំងពីរ​នាក់ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រហូត ឃុំ​ផាន់​ញើ​ម ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ដោយ​បានមក​ជួល​ផ្ទះ​ស្នាក់​នៅក្បែរ​សាលារៀន​ក្នុងភូមិ​.​ឃុំ​ខាងលើ ដោយ​ស្វាមី​របស់​នាង ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស ក្នុង​សាលា​ឯកជន​នេះ​។​

​ស្ត្រី​រូបនេះ បាន​បន្តថា លុះ​នៅ​យប់​ថ្ងៃកើតហេតុ គឺ​នៅ​ប្រហែលជា​ម៉ោង រំលងអធ្រាត្រ ប្តី​របស់​នាង បាន​ក្អក​ជាច្រើន​ដង ជាប់ៗ​គ្នា ប៉ុន្តែ​ដោយ​គិតថា នេះ​ជា​ទម្លាប់​របស់គាត់ ទើប​នាង​មិនបាន​យកចិត្តទុកដាក់ និង​ចាប់អារម្មណ៍​ឡើយ ប៉ុន្តែ​ប្រហែលជា​ម៉ោង ៥ ទៀបភ្លឺ ពេលដែល​រូបនាង បាន​ដាស់​គាត់ ឲ្យ​ក្រោក​ដើម្បី​ធ្វើការ ក៏​ស្រាប់​គាត់ មាន​សភា​ពរឹង​បាត់ទៅហើយ ហើយក៏​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ឆោឡោឡើង​តែម្ដង​។

​ក្រោយពី​មាន​ករណីនេះ កើតឡើង​ភ្លាម លោក​មេភូមិ និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក និង​បាន​រាយការណ៍ ទៅ​គ្រូពេទ្យ​ជំនាញ ចុះមក​ពិនិត្យ លើ​ខ្លួន​សព យ៉ាង​យកចិត្តទុកដាក់ រួច​បាន​អះអាងថា សព​ពិតជា​ស្លាប់​ដោយ​គាំងបេះដូង រួច​បានប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​៕V/S