​រថយន្តបុក​ម៉ូតូ នៅ​ផ្លូវ​លេខ​៧៨ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​

​ស្ទឹងត្រែង: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ក្នុងករណី​គ្រោះថ្នាក់​ចរាចរ បង្កឡើង​រវាង​រថយន្ត និង​ម៉ូតូ កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៧៨ ក្នុងភូមិ​ស្រែ​ស្រណុក ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

​ជនរងគ្រោះ ត្រូវបាន​ស្គាល់​ថា ឈ្មោះ សំ ប៊ុន​ចឹ​ង អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ស្រណុក ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

​តាម​សាក្សី បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ត​ម៉ាក​លុច​ស៊ី​ស ពណ៌​កណ្តុរ​ប្រ​ម៉េះ ១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-9521 បើកបរ​ក្នុង​ល្បឿន​លឿន មកពី​ទិស​ខាង​លិចទៅ​កើត ( ស្ទឹងត្រែង​-​រតនគីរី )​។ លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​ម៉ូតូ​១ ម៉ាក​ហុងដា គុប​ជ្រុង ពណ៌​ខៀវ អត់​ស្លាក​លេខ បើក​ឆ្លងថ្នល់ ពី​ត្បូង​ទៅ​ជើង ចេញពី​កន្លែង​ជាង​ធ្វើ​ម៉ូតូ ស្របពេលនោះ រថយន្ត​ចាប់​ហ្វ្រាំង​មិនជា​ប់ ក៏​បុក​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​រថយន្ត​បង្ករ រេ​ចង្កូត​ធ្លាក់​ផ្លូវ​។ ចំណែក​ជនរងគ្រោះ បាន​ប៉ើង​ចេញ ពី​ម៉ូតូ ស្លាប់​ភ្លាមៗ​តែម្តង ។​

​ក្រោយពី​បង្ក​ឲ្យ​មាន​អ្នកស្លាប់ រួចមក អ្នកបើកបរ បាន​ចុះ​គេចខ្លួនបាត់ បន្សល់​ទុកចោល​នៅនឹងកន្លែង​។ ចំណែក​សាកសព ត្រូវបាន​ក្រុមគ្រួសារ មក​ទទួល​យកទៅ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​។ រីឯ​មធ្យោបាយ​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​ជំនាញ យកទៅ​រក្សាទុក បន្ទាប់ពី​វាស់វែង​រួច ៕V/S