ព្យុះទីហ្វុង មូជីកេ វាយប្រហារចិន បណ្តាលឲ្យ មនុស្សស្លាប់ និង បាត់ខ្លួន ២០នាក់

ណៃរ៉ូប៊ី៖ អ្នកនេសាទម្នាក់ បានបាត់បង់ជីវិត និង ១៦នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពី ខ្យល់ព្យុះទីហ្វុងមួយ ដែលមានឈ្មោះថា មូជីកែ ជាព្យុះទី ២២ ប្រចាំឆ្នាំ ២០១៥ នេះ បានវាយ ប្រហារ ខេត្តក្វាងទុង ភាគខាងត្បូង ប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០១៥។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ នេះទៀតថា កាលពីវេលាម៉ោង ៧និង៣០នាទីល្ងាចថ្ងៃអាទិត្យ មានទូកនេសាទចំនួន ៣៥គ្រឿង បានរបូតខ្សែចង និង យុថ្កា ហើយ អណ្តែត ទៅតាមកម្លាំងបោកបក់នៃព្យុះ ស្ថិតនៅកំពុងតែទីក្រុង ហ្សានជាង ហើយក្នុងនោះ អ្នកនេសាទ ១១៧ ត្រូវបានសង្គ្រោះ និង ១៦នាក់ទៀតបន្ត បាត់ខ្លួន នៅឡើយ។

ដោយឡែកនៅសង្កាត់ ស៊ុនដេ វិញមនុស្ស ៣នាក់បានស្លាប់ និង ៨០នាក់ទៀតរងរបួស បន្ទាប់ពីព្យុះបានបោកបក់ យ៉ាងសន្ធប់លើ ទីក្រុង ហ្វូហ្សាន។ ខ្យល់លាយទឹកភ្លៀង មាន ល្បឿន ៥០ម៉ែត្រក្នុងមួយវិនាទី នាំឲ្យតំបន់ជាច្រើន ក្នុងទីក្រុង ហ្វូស្សាន ទទួលរងទឹកជំនន់ ហើយ អាជ្ញាធរក្នុងតំបន់ភាគខាងត្បូងប្រទេសនោះ ក៏កំពុងចេញ ប្រតិបត្តិការ ជួយសង្គ្រោះ ប្រជាជន ដែលងាយនឹងរងគ្រោះខ្លាំងបំផុតផងដែរ។

គួរបញ្ជាក់ថា ក្រុមសង្គ្រោះចំនួន ១៣០នាក់ ត្រូវបានដាក់ពង្រាយឲ្យទៅជួយសង្គ្រោះប្រជាជន ជាពិសេស អ្នក ទេសចរបរទេស ដែលកំពុងជាប់ខ្លួននៅឯកោះរម្មនីយដ្ឋាន ហ្វាងជី ចំនួនជាង ៥០០នាក់នោះផងដែរ ស្របពេល ដែលទីក្រុងម៉ោងមីង ដែលស្ថិតនៅលើកោះនោះ កំពុងតែ ទទួលរងនូវទឹកជំនន់ និង ការបាក់ដី ដោយសារព្យុះ មូជីកែ នេះ៕

ព្យុះទីហ្វុង មូជីកេ វាយប្រហារចិន បណ្តាលឲ្យ មនុស្សស្លាប់ និង បាត់ខ្លួន ២០នាក់