អ៊ុយក្រែន សម្រេចដក សព្វាវុធធុនធំៗ ចេញពីតំបន់ជម្លោះ ក្រោយពីកិច្ចចចារគ្នា នៅក្រុងប៉ារីស

ប៉ារីស៖ ក្រោយពីមានកិច្ចប្រជុំ ចចារគ្នាជុំវិញជម្លោះ រវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបានរៀបចំឡើង នៅទីក្រុង ប៉ារីស កាលពីថ្ងៃសុក្ររួចមក មកដល់ថ្ងៃទី០៤ ខែតុលានេះ កងទ័ពរបស់អ៊ុយក្រែន បានចាប់ផ្តើមដកចេញនូវ សព្វាវុធធុនធំៗ របស់ខ្លួនហើយ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ថា យោធាអ៊ុយក្រែនដែលបានរាយកម្លាំង ជាមួយអាវុធធុនទំនើបៗ និងធុនធំរបស់ខ្លួននៅក្រុង Aleksandrovskបានដកចេញជា បណ្តើរៗហើយ ក្រោយពីមានជំនួបចចារគ្នារវាងថ្នាក់ដឹកនាំអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបញ្ឈប់នូវភាពតានតឹងនឹងគ្នា នាទីក្រុង ប៉ារីស ប្រទេសបារាំង ។

គេបានដឹងថា កាលពីថ្ងៃសុក្រកន្លងមកនេះ កិច្ចប្រជុំចចារគ្នាដើម្បីឈានរកសុខសន្តិភាពមួយសម្រាប់អ៊ុយក្រែននោះ គឺបានធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានថ្នាក់ដឹកនាំប្រទេសទាំងពីរខាងលើចូលរួមដោះស្រាយគ្នា និងមានថ្នាក់ដឹកនាំអាល្លឺម៉ង់ និងបារាំងជាអ្នកចូលរួមដោះស្រាយនូវជម្លោះនេះ ។ ក្នុងឳកាសនៃការជួបចចារគ្នានោះដែរ លោក ហ្វ្រង់ស្វ័រ ហូឡង់ បានថ្លែងបញ្ជាក់ថា សម្រាប់ការទទួលបានសន្តិភាពពេញលេញនោះ នឹងអាចនឹងទទួលបាននៅឆ្នាំក្រោយ ៕