សហរដ្ឋអាមេរិក​ពង្រីក​ការ​អនុ​គ្រោះ​ពន្ធចំពោះ​ទំនិញ​ថៃ​១១​មុខ

ប្រទេស​ថៃ ៖ តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​យល់ព្រម​ពង្រីក​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​របស់​ខ្លួន (GSP)​ចំពោះ​ផលិតផល​ថៃ​ចំនួន​១១​មុខ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ដែល​ជួយ​ដល់​បណ្តា​អ្នក​នាំ​ចេញ​របស់​ថៃ​សន្សំ​សំចៃ​លើ​ថ្លៃ​បង់ពន្ធ​នាំ​ចូល​បាន​យ៉ាង​ហោច​៧០​លាន​បាត ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Apiradi Tantraporn បាន​ថ្លែង​ថា ចំពោះ​ផលិតផល​ចំនួន​៩​មុខ​របស់​ថៃ សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្តល់​នូវ​ការ​អនុគ្រោះ​ពន្ធ បើ​ទោះជា​ទំនិញ​ប៉ុន្មាន​មុខ​នោះ​មាន​អត្រា​ច្រើន​ជាង​៥០%​នៃ​ទីផ្សារ​នាំ​ចូល​យ៉ាងណា​ក្តី ប៉ុន្តែ​វា​មិន​លើស​ពី​តម្លៃ​ដែល​បាន​កំណត់​ទុក​ឡើយ ។ ការ​អនុគ្រោះ​ពន្ធ​នេះ​ដែរ ក៏​ត្រូវ​បាន​ពង្រីក​បន្ថែម​ពីរ​មុខ​ថ្មី​ទៀត បើ​ទោះជា​មុខទំនិញ​ទាំង​ពីរ​លើស​ចំណែក​ទីផ្សារ និង​តម្លៃ​ដែល​បាន​កំណត់​ទុក​ក៏​ដោយ ។

ការ​លើកលែង​ពន្ធ​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​១ តុលា កន្លង​មកនេះ ដែល​ផលិតផល​ទាំងនោះ​មាន​ដូច​ជា ផ្កាអ័រគីដេ​ស្រស់ ទុរេន​ស្រស់ ដំណាប់​ល្ហុង ដំណាប់​អម្ពិល ពោត​កែ​ច្នៃ អាហារ​ទុក​បាន​យូរ ល្ហុង​កែ​ច្នៃ អាហារ​កែ​ច្នៃ តុកត្តា​ក្មេង​លេង​សឺ​រ៉ា​មិច ដូង​កែ​ច្នៃ និង​ខ្សែ​ទង់ដែង​ជាដើម ។

លោក Apiradi បាន​ថ្លែង​ថា ការ​លើកលែង​ពន្ធ​នឹង​ជួយ​សន្សំ​សំចៃ​ដល់​អ្នក​នាំ​ចូល​របស់​ថៃ​យ៉ាង​ហោច​ក៏​៧០​លាន​បាត​ដែរ​ក្នុង​មួយ​ឆ្នាំ ។ នៅ​គ្រានោះ​ដែរ ក្រសួង​បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​គ្រប់គ្រង​លើ​ការ​នាំ​ចេញ​ទំនិញ​ដែល​ប្រើប្រាស់​បាន​ពីរ​មុខព្រួញ គឺជា​ប្រភេទ​ផលិតផល​និង​បច្ចេកវិទ្យា​ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ទាំង​គុណប្រយោជន៍​និង​វត្ថុបំណង​គ្រោះថ្នាក់ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ជាតិ ក៏​ដូច​ជា​ទាក់ទាញ​ការ​វិនិយោគ​បរទេស​។ ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១ មក​រា ឆ្នាំ​២០១៨ ។ ក្នុង​នោះ​មុខទំនិញ​ប្រមាណ​ជា​១.២៣០​មុខ​នឹង​ចាំបាច់​ត្រូវ​តែ​អនុវត្ត​តាម​ការ​ធ្វើ​និយ័ត​កម្ម​ថ្មី ។ ជ្រក​ក្រោម​ក្របខ័ណ្ឌ​នៃ​ការ​ធ្វើ​និយ័ត​កម្មនេះ អ្នក​នាំ​ចេញ​ទំនិញ​ប្រើប្រាស់​ពីរ​មុខព្រួញ​ដូច​បាន​លើក​ឡើង​ថា ករណី​នេះ​ចាំបាច់​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង ។ ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក នឹង​ត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​របស់​អ្នក​នាំ​ចូល​ទាំងនោះ​ដើម្បី​បង្ការ​ការពារ​បណ្តា​អ្នក​នាំ​ចេញ ថៃ ក្លាយជា​អ្នក​ផ្គត់ផ្គង់​ទំនិញ​គ្រោះថ្នាក់​សម្រាប់​ពួក​ភរ​វ​កម្ម​និង​ជន​ទុច្ចរិត ។

ជា​ឧ​ទា​ហណ៍​មុខទំនិញ​ពីរ​មុខព្រួញ​ដូច​ជា​កាបូន​ហ្វា​យ​ប័​រ អាច​ប្រើប្រាស់​ផលិត​ដង​វាយ​តឺ​នី​ស ប៉ុន្តែ​ក៏​អាច​ជួយ​ដល់​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដែរ ។

ការ​ផ្លាស់​ប្តូរ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ការ​ប្រតិបត្តិ​តាម​កិច្ចព្រមព្រៀង​មួយ​របស់​អង្គ​សហប្រជាជាតិ​ស្តី​ពី​ការ​កម្ចាត់​ចោល​ទាំងស្រុង​នូវ​សព្វាវុធ​ដែល​តម្រូវ​ឲ្យ​បណ្តា​រដ្ឋ​ជា​សមាជិក​ចាប់ផ្តើម​អនុវត្ត​វិធានការ​នានា ដើម្បី​គ្រប់គ្រង​ពាណិជ្ជកម្ម​លើ​មុខទំនិញ​ដែល​ជា​អាវុធ​មុខ​ពីរ​នោះ ។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង ប្រទេស​ថៃ​នាំ​ចេញ​មុខទំនិញ​នេះ​បាន​ក្នុង​ទំហំ​ទឹ​ប្រាក់​១,៤​ទ្រី​លាន​បាត​ក្នុង​ឆ្នាំ​២០១៣ ។ បរិមាណ​នេះ​ពាក់ព័ន្ធ​នឹង​អ្នក​នាំ​ចេញ​១៤.៧០៧​ក្រុមហ៊ុន និង​មានមុខ​ទំនិញ​៧៣.៩៧១​ពី​វិស័យ​ផ្សេង ៕