ទូតជប៉ុន អំពាវនាវឱ្យ ពលរដ្ឋកម្ពុជា ទស្សនាការ ប្រកួតជម្រុះ World Cup កម្ពុជាប៉ះជប៉ុន

ភ្នំពេញ៖ ប្រមុខការទូតជប៉ុន ប្រចាំកម្ពុជា លោក យុជិ គុម៉ាម៉ារុ បានថ្លែងការអំពាវនាវ ឱ្យប្រជាពលរដ្ឋកម្ពុជា គ្រប់រូប ចូលរួមទស្សនាផ្ទាល់ ការប្រកួតជម្រុះបាល់ទាត់ ពិភពលោក (World Cup Russia 2016) រវាងកម្ពុជានិងជប៉ុន នៅថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីចូលរួមអបអរសាទរ ខួបឆ្នាំទី៦០ នៃសន្ធិសញ្ញា ចងស្ពានមេត្រី រវាងកម្ពុជា-ជប៉ុន ផងដែរ។

ថ្លែងនៅក្នុងពិធីប្រគុំតន្រ្តី Opera នាស្ថានទូតដែលប្រារព្វធ្វើឡើង កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក យុជិ គុម៉ាម៉ារុ បានថ្លែងថា នាថ្ងៃទី១៧វិច្ឆិកាខាងមុខនេះ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិជប៉ុន នឹងមកប្រកួតវិលជុំ ជាមួយកីឡាករបាល់ទាត់កម្ពុជា ជុំទី២សម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក។

លោកឯកអគ្គរាជទូតបានថ្លែងថា “ខ្ញុំសូមអញ្ជើញពលរដ្ឋកម្ពុជា ចូលរួមទស្សនាការប្រកួតនិងស្វាគមន៍ ក្រុមកីឡាករ បាល់ទាំងពីរប្រទេសកម្ពុជា-ជប៉ុន។”

ប្រទេសជប៉ុន បានលត់កម្ពុជា ៣-០ កាលពីជុំទី១នាថ្ងៃទី៣កញ្ញា ឆ្នាំ២០១៥ នៅក្នុងទឹកដីជប៉ុន។
សម្រាប់ការប្រកួត ជម្រុះWorld Cupនេះ ប្រទេសកម្ពុជា មិនទាន់ស្គាល់រសជាតិឈ្នះនៅឡើយទេ ក្រៅពីចាញ់មិនស្វាង។

យ៉ាងណាក៏ដោយ ការប្រកួតដ៏មានសារៈសំខាន់ សម្រាប់មិត្តភាពកម្ពុជា ក្នុងក្របខណ្ឌWorld Cupនេះ គេរំពឹងថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់ នឹងមកចូលរួមទស្សនាផ្ទាល់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីជាកម្លាំងចិត្ត ស្របគ្នានឹងការអបអរសាទរខួបឆ្នាំទី៦០នៃសន្ធិសញ្ញាចងស្ពានមេត្រីរវាងកម្ពុជា-ជប៉ុន៕

ទូតជប៉ុន អំពាវនាវឱ្យ ពលរដ្ឋកម្ពុជា ទស្សនាការ ប្រកួតជម្រុះ World Cup កម្ពុជាប៉ះជប៉ុន

ទូតជប៉ុន អំពាវនាវឱ្យ ពលរដ្ឋកម្ពុជា ទស្សនាការ ប្រកួតជម្រុះ World Cup កម្ពុជាប៉ះជប៉ុន