បទល្មើស​គ្រឿងញៀន​កើន​ជាង​៣០០​ភាគរយ​ក្នុង​ឆ្នាំ​២០១៥​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​យ៉ាងខ្លាំង​

រយៈពេល​២​ខែ​កន្លងទៅនេះ សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា បង្ក្រាប​បទល្មើស​គ្រឿងញៀន​រាប់រយ​ករណី​និង​ឃាត់ខ្លួន​ជនសង្ស័យ​រាប់រយ​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផងដែរ​។ ក្នុង​ប្រតិបត្តិការ​ខ្លះ គឺ​គ្រាន់តែ​១​ករណី​ប៉ុណ្ណោះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​រាប់សិប​នាក់ និង​រឹបអូស​វត្ថុតាង​គ្រឿងញៀន​រាប់​គីឡូ​ផងដែរ ដែល​បង្ហាញ​យ៉ាងច្បាស់​ថា គ្រឿងញៀន​ក្លាយទៅជា​វិបត្តិ​សង្គម​គួរ​ឲ្យ​ព្រួយបារម្ភ​។ ជា​ការពិត​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅក្នុង​ឆ្នាំ​២០១៥​នេះ ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​គ្រឿងញៀន​ពុំមាន​ការថយចុះ​នោះទេ​។​

តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​បង្ក្រាប​ឃាត់ខ្លួន​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ព្រមទាំង​ដកហូត​វត្ថុតាង​ច្រើនសន្ធឹក​សន្ធាប់ គឺ​កើនឡើង​ជាង​៣០០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៤​។ តាម​ការអះអាង​របស់​លោក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួលបន្ទុក​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​១៦៦៨​ករណី ឃាត់ខ្លួន​មនុស្ស​៣៤០២​នាក់ និង​ដកហូត​គ្រឿងញៀន​គ្រប់​ប្រភេទ​ចំនួន​ជាង​៨៧​គីឡូក្រាម​។ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៤ សមត្ថកិច្ច​បង្ក្រាបបាន​តែ​៥៦៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ​១៣៤៥​នាក់ និង​ដកហូត​គ្រឿងញៀន​គ្រប់​ប្រភេទ​ចំនួន​៤៣​គីឡូក្រាម​។

តាម​តួលេខ​នៃ​បទល្មើស​ដូចខាងលើ​នេះ​ជា​ភស្តុតាង​បង្ហាញថា បទល្មើស​ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម ព្រោះ​ឧក្រិដ្ឋជន​គ្រឿងញៀន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ជាក់ស្ដែង​តាម​លោក ម៉ក់ ជី​តូ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទណ្ឌិត​ដែល​ជាប់ពន្ធនាគារ ដោយសារ​ជួញដូរ​ចែកចាយ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន មាន​ចំនួន​៨៧២៤​នាក់​។ ជាងនេះទៅទៀត​លោក ម៉ក់ ជី​តូ បាន​ឲ្យ​ដឹងថា អ្នកប្រើប្រាស់​គ្រឿងញៀន​តាម​ការស្រាវជ្រាវ​បឋម​មាន​ជាង​៨០០០​នាក់ ហើយ​បើតាម​ការសន្និដ្ឋាន​មាន​ប្រហែល​២០០០០​នាក់​។ ប្រការ​នេះហើយ​ដែល​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​កាន់តែខ្លាំង ដោយសារ​បទល្មើស​គ្រឿងញៀន​រាលដាល​កាន់តែខ្លាំង​ក្នុង​ឆ្នាំ​២០១៥​នេះ ព្រោះ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា ពុំមាន​ការថយចុះ​នោះទេ​។ ជាងនេះទៅទៀត​នៅក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ គឺជា​ទីតាំង​ដែលមាន​បទល្មើស​គ្រឿងញៀន​រាលដាល​ពេញបន្ទុក ហើយ​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​ឡើយ​៕

1514595_468838703254726_1161333917001613508_nHong-0378​    ​