រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល គ្មាន​សមត្ថភាព​ធ្វើការ​ងារ​តែ​ល្បីល្បាញ​ខាង​ពុករលួយ​

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ត្រូវ​មន្ត្រីរាជការ​ក្នុង​ក្រសួង​នេះ​រិះគន់ថា គ្មាន​សមត្ថភាព​ធ្វើការ​ងារ​ស្របទៅតាម​តួនាទី​របស់ខ្លួន​នោះទេ ហើយ​ល្បីល្បាញ​ខាង​ពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​អំពើពុករលួយ​ក្នុង​ក្រសួងសុខាភិបាល​រាលដាល​កាន់តែខ្លាំង​ឡើង ហើយ​ឈ្មួញ​ទុច្ចរិត​អាច​នាំចូល​ឱសថ​ខូចគុណភាព និង​ឱសថ​ខុសច្បាប់ មក​លក់​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​។ ជាងនេះទៅទៀត​ក្នុងតួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មិនបាន​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​តាម​មណ្ឌល​សុខភាព​ឃុំ​-​សង្កាត់ និង​មន្ទីរពេទ្យបង្អែក​តាម​បណ្ដា​ស្រុក​-​ក្រុង​និង​ខេត្ត ឲ្យ​បាន​ប្រសើរ​ជាង​មុន​នោះទេ​។​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៥ ខែតុលា ឆ្នាំ​២០១៥​នេះ មន្ត្រី​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ បាន​ដុត​កម្ទេចចោល​ឱសថ​ខូចគុណភាព​ចំនួន​៥២​ការុង មាន​ទម្ងន់​ជិត​២​តោន​។ ពិធី​ដុត​កម្ទេច​ឱសថ​ខូចគុណភាព ក្លែងក្លាយ បានធ្វើ​ឡើង​នៅ​ទីលាន​ដុត​សំរាម​ជើងឯក ដោយមាន​ការចូលរួម​ពី​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រមទាំង​អគ្គរដ្ឋទូត​បារាំង និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។ ឱសថ​ក្លែងក្លាយ​ខូចគុណភាព​ដែល​ត្រូវ​ដុត​កម្ទេចចោល​នោះ គឺ​សមត្ថកិច្ច​បាន​រឹបអូស​ដកហូត​ពី​តាម​ឱសថស្ថាន​នានា​ក្នុងពេល​កន្លងមក​។

​អ្នកតាមដាន​វិស័យ​សុខាភិបាល​ក្នុងប្រទេស​កម្ពុជា បាន​កត់សម្គាល់ថា ការនាំ​ចូល​ឱសថ​ក្លែងក្លាយ ឱសថ​ខូចគុណភាព និង​ឱសថ​ខុសច្បាប់ គឺ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​។ ដោយហេតុថា​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​ចំពោះ​ករណី​នាំចូល​ឱសថ​ខុសច្បាប់ ឱសថ​ខូចគុណភាព និង​ឱសថ​ក្លែងក្លាយ ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទិញ​ឱសថ​ទាំងនោះ​យកទៅ​ប្រើប្រាស់​។ លើស​នេះ​ទៅទៀត​ក្រសួងសុខាភិបាល គួរ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ក្រុមហ៊ុន​និង​ឈ្មួញ​ខិលខូច​ដែល​នាំចូល​ឱសថ​ខូចគុណភាព និង​ក្លែងក្លាយ​យកមក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក ម៉ម ប៊ុនហេង គួរ​មានការ​ទទួលខុសត្រូវ​ទៅលើ​តួនាទី​របស់ខ្លួន កុំ​គិតតែ​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​តទៅទៀត​៕

ST-001លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលល្បីខាងពុករលួយ ST-005