រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​ប្រទេស​កម្ពុជា​ឲ្យ​ប្រសើរ​ឡើងវិញ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា លោក សម រង្ស៊ី បាន​បញ្ជាក់ថា រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ដកតំណែង​ពី​មន្ដ្រីរាជការ អ្នកបម្រើ​ជាតិ និង​អ្នក​ការពារជាតិ​ណា​ម្នាក់​ឡើយ មានតែ​ដំឡើង​ប្រាក់បៀវត្សរ៍​ជូន​ថែមទៀត​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សង្កត់ធ្ងន់ថា អ្វីដែល​សំខាន់ គឺ​ត្រូវ​ផ្លាស់ប្ដូរ​គោលនយោបាយ និង​រៀបចំ​ប្រទេស​កម្ពុជា​ឡើងវិញ តាម​កម្មវិធី​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធានាអោយមាន​ការបង្រួបបង្រួម​ជាតិ​ជា​ធ្លុង​មួយ​។

​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​សមាជិក សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​បាធាយ ស្រុក​បាធាយ ខេត្ដ​កំពង់ចាម កាលពីពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា បាន​ពន្យល់ថា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាត់ទុក​ខ្មែរ​ណា​ជាស​ត្រូវ​ទេ បើ​គ្មាន​សត្រូវ​ក៏​គ្មាន​សង្គ្រាម​ដែរ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ជាថ្មី​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ និង​ការជំរុញ​នយោបាយ​ការទូត​ដល់​ប្រទេស​មហាអំណាច ក៏ដូចជា​សហគមន៍​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហាដីធ្លី និង​ព្រំដែន​ជាមួយ​ប្រទេសជិតខាង គឺ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ប្រើ​សង្គ្រាម​មក​ដោះស្រាយ​បញ្ហា​នោះទេ ។​

​ចំពោះ​បញ្ហា​នៅក្នុង​ប្រទេស​វិញ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា លោក សម រង្ស៊ី បាន​ពន្យល់ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ទាំងអស់​ដែល​ត្រូវគេ​រំលោភបំពាន​កន្លងមក ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ត្រូវបាន​ក្រុមហ៊ុន និង​អ្នកមានអំណាច​ឃុបឃិត​គ្នា​រំលោភ​យក​ដីធ្លី គឺ​ត្រូវយក​នោះ​ទៅ​ប្រគល់​សង​ដល់​ប្រជាពលរដ្ឋ​វិញ​។ លោក សម រង្ស៊ី បានបញ្ជាក់​ថា​មាន​បញ្ហា​មួយចំនួន​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ក្រុមគ្រួសារ​នោះឡើយ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ទៀតថា គណបក្សប្រឆាំង​មួយ​នេះ​នឹងមិន​ធ្វើបាប​អ្នកមាន​ទ្រព្យធន​ពេល​ខ្លួន​ឡើងកាន់​អំណាច ដូច​ការចោទប្រកាន់រ​បស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​នោះឡើយ​។ តែ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមាន​ចំពោះ​អ្នកមាន​ស្រុក​ខ្មែរ​ដែល​រកស៊ី​ខុសច្បាប់​ថា អាច​ត្រូវ​ប្រឈមមុខ​នឹង​តុលាការ​ឯករាជ្យ​មួយ នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ជាប់ឆ្នោត​នៅ​អាណត្តិ​ក្រោយ​៕

10923243_971609009562499_4473117573253600297_n