សុទ្ធោ គុល្លិកា សហការ​ជាមួយ​ជប៉ុន ផលិត​រឿង​បង្ហាញ​ពី​មិត្តភាព​រវាង​ប្រទេសអាស៊ី

សុទ្ធោ គុល្លិកា សហការ​ជាមួយ​ជប៉ុន ផលិត​រឿង​បង្ហាញ​ពី​មិត្តភាព​រវាង​ប្រទេសអាស៊ី

អ្នក​ស្រី សុទ្ធោ គុល្លិកា ត្រៀម​ចូលរួម​ដឹក​នាំ​ភាពយន្ត​ថ្មី ដែល​ជា​ការ​សហការ​ជាមួយ​ប្រទេស​ជប៉ុន​វិញ​ម្ដង ក្រោយ​ទទួល​ជោគជ័យ​ស្នាដៃ​ដំបូង​មាន​ចំណង​ជើង​ថា”ដុំ​ហ្វ៊ីល​ចុង​ក្រោយ”។

 

“តាម​ខ្ញុំ​ដឹង ភាពយន្ត​ហ្នឹង គេ​ចង់​ផ្សព្វផ្សាយ​ពី​មិត្តភាព​រវាង​ប្រទេស​អាស៊ី មិន​សំដៅ​លើ​ប្រទេស​ណា​មួយ​នោះ​ទេ”។ អ្នក​ស្រី សុទ្ធោ គុល្លិកា ថ្លែង​មក​កាន់ Sabay ព្រឹក​នេះ។ អ្នក​ដឹក​នាំ​រឿង​រូប​នេះ​និយាយ​បន្ត​ថា ភាពយន្ត​ខ្នាត​ធំ​គ្រោង​ដំណើរ​ការ​ថត​ឆាប់ៗ​នេះ ដែល​មាន​រយៈ​ពេល ៩០ នាទី ក្រោម​​ការ​ចំណាយ​របស់​ភាគី​ប្រទេស​ជប៉ុន​ទាំង​ស្រុង។

 

សុទ្ធោ គុល្លិកា សហការ​ជាមួយ​ជប៉ុន ផលិត​រឿង​បង្ហាញ​ពី​មិត្តភាព​រវាង​ប្រទេសអាស៊ី

 

អ្នក​ស្រី​បន្ត​ថា Tokyo Intentional Film Festival និង Japan Foundation ក៏​បាន​អញ្ជើញ​អ្នក​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ​របស់​ប្រទេស​ហ្វីលីពីន​ម្នាក់​ទៀត​ដែរ មក​ចូលរួម​ក្នុង​ការ​ផលិត​រឿង​នេះ​។ ពួក​គេ​មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​ដឹក​នាំ​រយៈពេល​ចាក់​បញ្ចាំង​ម្នាក់​ ៣០​ នាទី។ ភាពយន្ត​ត្រៀម​ដំណើរ​ផលិត​ឡើង​នេះ នឹង​យក​ទៅ​ចាក់​បញ្ចាំង​គ្រប់​មហោស្រព​ភាពយន្ត​ប្រទេស​ជា​សមាជិក​អាស៊ាន​នានា។

 

ជាមួយ​គ្នា​នោះ ស្ត្រី​ជា​អ្នក​ដឹក​នាំ​រឿង​ខាង​លើ​ អះអាង​ថា នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា ដើម្បី​ចូលរួម​ផលិត​ភាពយន្ត​សម្រាប់​ប្រទេស​អាស៊ី​នេះ ​ប្រកប​ដោយ​គុណភាព ដោយ​មិន​ឱ្យ​ចាញ់​អ្នក​ដឹក​នាំ​រឿង​ល្បី​របស់​ប្រទេស​ជប៉ុន ឬ​ប្រទេស​ហ្វីលីពីន​ ឡើយ។ ម្យ៉ាង​ទៀត ក៏​ជា​ការ​រួម​ចំណែក​បង្ហាញ​ថា តំណាង​ប្រទេស​កម្ពុជា ក៏​មាន​សមត្ថភាព​ផង​ដែរ។

 

អ្នក​ស្រី សុទ្ធោ គុល្លិកា ជា​អ្នក​ដឹក​នាំ​រឿង​មួយ​រូប​ទទួល​បាន​ជោគជ័យ​សម្រាប់​ស្នាដៃ​លើក​ដំបូង​មាន​ចំណង​ជើង​ថា “ដុំ​ហ្វ៊ីល​ចុង​ក្រោយ” ហើយ​ត្រូវ​នាំ​យក​ទៅ​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​ប្រមាណ​ជិត ៣០ នៅ​អាស៊ី និង​ អឺរ៉ុប​ជា​ដើម។ ចុង​ក្រោយ​ភាពយន្ត​ឆ្លុះ​បញ្ចាំង​ពី​សម័យ​កាល​ប្រវត្តិសាស្ត្រ និង​ បច្ចុប្បន្ន​ខាង​លើ ក៏​ត្រូវ​បាន​ជ្រើសរើស​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​ប្រកួត​ភាពយន្ត​អូស្ការ​លើក​ទី ៨៨ សម្រាប់​ឆ្នាំ ២០១៦ ផង​ដែរ៕​

 

អាន​អត្ថបទ៖  នាយ ឆើត រៀប​រាប់​ពី​ជីវិត​ដែល​ប្រឈម​​នឹង​សេចក្ដី​ស្លាប់​ទាំង​អួល​ដើម​ក​

អាន​អត្ថបទ៖  ដឹង​អត់​ថា​តារា​ចម្រៀង​ណា​ខ្លះ ធ្លាប់​ចាប់​អាជីព​ដំបូង​ជា​អ្នក​សិល្បៈ​បុរាណ?

 

 

អត្ថបទ៖ សំ ជំនាញ