ប៉ូលិស​ស្រុក​បាទី ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​

តាកែវ: កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី សហការ​ជាមួយ​កម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំបក់ ធ្វើការ​ឃាត់ខ្លួន មុខសញ្ញា​ចែកចាយ​គ្រឿងញៀនម្នាក់  ខណៈពេលដែល​កម្លាំង​ជំនាញ​ចុះ​ដើរល្បាត ហើយ​បាន​ប្រទះឃើញ​។​

​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ស្ថិតក្នុង​ភូមិប​ចាម ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ ។​

​លោក​វរសេនីយ៍ត្រី ឃុ​ត ឡូ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាននគរបាល​ស្រុក​បាទី បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយគ្រឿង​​ញៀន​មានឈ្មោះ យិន វុទ្ធី ហៅ ណុប ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរមិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ក្រាំងធ្នង់ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ។​

លោក​អធិការរង​បាន​បន្តថា ក្នុង​កិច្ច ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ឆែកឆេររកឃើញ​ថ្នាំញៀន​ចំនួន ៤​កញ្ចប់​តូច ទូរស័ព្ទដៃ ១​គ្រឿង និង​ម៉ូត​ជិះ​ធ្វើ​សកម្ម​​ភាព​១​គ្រឿង ។​

​លោក​វរសេនីយ៍ត្រី ឃុ​ត ឡូ បាន​បន្តថា ពេលនេះ​ជនសង្ស័យ និង​វត្ថុតាង ត្រូវបានកម្លាំង​ជំនាញ​កំពុង​បំពេញ​សំណុំរឿង​តាម​នីតិវិធី បញ្ជូនមក​ការិយាល័យជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​R