បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ដួល​បុក​គល់ឈើ​បាក់ក​ស្លាប់​

តាកែវ: បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​ដួល​បុក​គល់ឈើ​បាក់ក​ស្លាប់​ភ្លាមៗនៅនឹងកន្លែង បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង សមត្ថកិច្ច កាលពី​វេលាម៉ោងជាង​១ រសៀល ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវ​ខេត្ត​លេខ១២៩C ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១-២ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​ត្រឡាចស្រុក​ទ្រាំង ខេត្តតាកែវ ។​

​មន្ត្រីនគរបាល​ចរាច​រណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង បាន​ឲ្យ​ដឹងថាជនរងគ្រោះ​មានឈ្មោះ ខឹម សារ៉ាត់ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​ធ្វើស្រែរស់នៅ ភូមិ​ត្រឡាច ឃុំ​ត្រឡាច ស្រុក​ទ្រាំង ខេត្តតាកែវ ។​

​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ហ្ស៊ូ​គី​និ​ចពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​មកពី​ទិសខាងកើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿនលុះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​បាន​រេ​ចង្កូត​ចម្ងាយ ៤០​ម៉ែត្រ រួចដួល​ធ្លាក់​ផ្លូវ​ទៅបុក​នឹង​គល់ឈើ បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​តែ ម្តង​។​

​ទាក់ទង​នឹង​ករណីនេះ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់ថា ក្រោយពេល​កើតហេតុ​កម្លាំងប៉ុស្តិ៍​រដ្ឋបាល បាន​សហការ​ជាមួយ កម្លាំង​ជំនាញ​ស្រុក ចុះ​វាស់វែង និង​ធ្វើកំណត់ហេតុ​ដកហូត​វត្ថុតាង ដើម្បី​បំពេញបែបបទ​តាម​នីតិវិធី​ច្បាប់ ចំណែកសាកសព​ជនរងគ្រោះ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើ បុណ្យ​តាម​ប្រពៃណី​៕R​