គណៈ​មេធាវី​នឹង​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​សម្រាប់​អាណត្តិ​ទី​៨

ទាញ​យក​កម្មវីធី

នៅ​សល់​ពីរ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៨ របស់​ខ្លួន។ ការ​បោះ​ឆ្នោត​នេះ គឺ​នឹង​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈ​មេធាវី ប្រារព្ធ​ធ្វើ​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​២០ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ តុលា។

គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​សម្រាប់​អាណត្តិ​លើក​ទី​៨ របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ តុលា នឹង​ជ្រើស​រើស​ដោយ​សេរី​ពី​សមាជិក​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ប៊ុន ហុន មាន​ប្រសាសន៍​ថា ការ​បោះ​ឆ្នោត​នេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​លក្ខណៈ​យុត្តិធម៌ មិន​មាន​ការ​បង្ខិតបង្ខំ​សមាជិក ឬ​ឥទ្ធិពល​នយោបាយ​ណា​មួយ​ឡើយ៖ «អ៊ីចឹង​ការ​ជ្រើស​រើស​លោក​ណា​មួយ​ជា​សមាជិក​ក្រុម​ប្រឹក្សា វា​ជា​សិទ្ធិ​របស់​សមាជិក​សមាជិកា​គណៈ​មេធាវី​មួយ​រូបៗ។ គ្មាន​អ្នក​ណា​បង្ខិតបង្ខំ គ្មាន​អ្នក​ណា​ណែនាំ និង​គ្មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​អ្នក​ណា​ទេ ព្រោះ​នៅ​នឹង​មុខ ឈរ​មើល​ទាំងអស់​គ្នា រាប់​ភ្លាមៗ​ទាំងអស់​គ្នា ហើយ​យើង​ប្រើ​ប្រព័ន្ធ​តម្លាភាព​នៅ​ទីនោះ​តែ​ម្ដង។ យើង​អត់​មាន​ស្អី​ទេ គឺ​ម្នាក់ៗ​អង្គុយ​មើល និង​តាម​ដាន​ទាំង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​តាំង​ពី​ដំបូង​រហូត​ដល់​ចប់»

លោក ប៊ុន ហុន ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ មាន​បេក្ខជន​ចំនួន ១០៣​រូប​ហើយ​ដែល​កំពុង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពីរ​សប្ដាហ៍​ទៀត​នោះ។ ចំនួន​សមាជិក​ក្រុម​ប្រឹក្សា ដែល​ត្រូវ​បោះ​ឆ្នោត​ជ្រើស​តាំង​តាម​ច្បាប់​កំណត់ គឺ​ចំនួន ២៧​រូប ហើយ​អាណត្តិ​ទី​៨ នឹង​នៅ​រក្សា​ដដែល។ នៅ​ពេល​នេះ មាន​បេក្ខជន​កំពុង​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​រៀងៗ​ខ្លួន។

បទបញ្ជា​ផ្ទៃ​ក្នុង​របស់​គណៈ​មេធាវី​កំណត់​ថា បេក្ខជន​អាច​មាន​សិទ្ធិ​ចេញ​លិខិត​លាយលក្ខណ៍​អក្សរ ឬ​ជួប​ប្រជុំ​គ្នា​ឃោសនា​អំពី​ផែនការ​គ្រប់គ្រង​របស់​ខ្លួន ប៉ុន្តែ​មិន​ឲ្យ​វាយ​រិះគន់​បុគ្គលិក​លក្ខណៈ​របស់​បុគ្គល​ជា​បេក្ខជន​ទេ។

លោក​មេធាវី សំ សុគង់ ជា​បេក្ខជន​មួយ​រូប​ក្នុង​ចំណោម​បេក្ខជន​ទាំង ១០៣​រូប កំពុង​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក។ លោក សំ សុគង់ ថ្លែង​ថា ការ​ឈរ​ឈ្មោះ​របស់​លោក គឺ​ចូលរួម​ចំណែក​លើក​ស្ទួយ​វិជ្ជាជីវៈ​មេធាវី ដែល​ជា​វិជ្ជាជីវៈ​សេរី​ថ្លៃថ្នូរ។ លោក​អះអាង​ថា លោក​នឹង​ចូលរួម​ការពារ​ផល​ប្រយោជន៍​វិជ្ជាជីវៈ និង​កិត្យានុភាព​របស់​សមាជិក​គណៈ​មេធាវី​នេះ៖ «ទី​ពីរ កែ​ទម្រង់ និង​លុប​បំបាត់​ភាព​អសកម្ម និង​អំពើ​ពុក​រលួយ ដែល​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​គណៈ​មេធាវី និង​សហភាតា»

ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ប៊ុន ហុន បញ្ជាក់​ថា លោក​មិន​ដែល​ឃើញ​គណៈ​មេធាវី​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​អ្នក​នយោបាយ​ទេ ចាប់​ពី​ពេល​លោក​មក​គ្រប់គ្រង​ស្ថាប័ន​នេះ។ លោក​សន្យា​ថា ការ​បោះ​ឆ្នោត​នឹង​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ដដែល បើ​ទោះ​ជា​សមាជិក​មាន​និន្នាការ​នយោបាយ​ខុសៗ​គ្នា​ក៏ដោយ។

គណៈ​មេធាវី គ្រោង​បង្ហាញ​ក្នុង​កម្មវិធី​របស់​ខ្លួន​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៨ នេះ នឹង​ត្រូវ​ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី​១៦ តុលា គឺ​នៅ​ថ្ងៃ​តែ​មួយ​នៃ​ថ្ងៃ​បោះ​ឆ្នោត។ គេហទំព័រ​នៃ​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បង្ហាញ​ថា ស្ថិតិ​សរុប​សមាជិក​សមាជិកា​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៥ មាន​ចំនួន ១.១២៦​រូប គឺ​មាន​មេធាវី​ប្រុស​ចំនួន ៩១០​រូប និង​មេធាវី​ស្រី​ចំនួន ២១៥​រូប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។