ជនបរទេស​ជិះ​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត​រង​របួសធ្ងន់

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ជិះ​ម៉ូតូ​ដួល​អូស​ចូល​ក្រោម​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​បណ្តាល​ឲ្យរង​របួស​ធ្ងន់​ កាលពី​វេលា​ម៉ោង៣​​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥ ​តុលា​ តាម​បណ្ដោយ​មហាវិថី​សហ​ព័ន្ធ​រុ​ស្សី​កែង​ផ្លូវភ្នំពេញ-​ហាណូយ ត្រង់​ចំណុច​​ភ្លើងស្តុប​ផ្សារ​ដី​ហុយ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ ។

តាម​ប្រភព​ព័ត​មាន​ពី​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន១ ពាក់​ស្លាក​លេខក៥៩៩៥ភព​២ មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ពី​ត្បូង​ទៅ​ជើង ​តាម​​បណ្តោយ​ផ្លូវ​ភ្នំពេញ-​ហាណូយ​ រួច​បត់​ស្ដាំ​ឆ្ពោះទៅ​មហាវិថី​សហ​ព័ន្ធ​រុ​ស្សី ស្រាប់តែ​មាន​ជនបរទេស​ ជា​ជនជាតិ​ស្បែក​ខ្មៅ ជិះ​ម៉ូតូ​ម៉ាក​អ៊ែ​ប្លែក ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AF-8027 ជិះ​ម្នាក់ឯង ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ទិស​ដៅ​ពី​កើត​ទៅ​លិចក្នុង​ល្បឿន​លឿន មក​ដល់​បាន​អក​ហ្សឺ​បាន​ចាប់​ហ្វ្រាំង​ក៏​​ដួល​អូស​ជាង​១០​ម៉ែត្រ​ចូល​ក្រោម​រថយន្ត​ទាំងម៉ូតូ​និង​អ្នកបើកបរ ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​​​តែ​ម្តង​ ​​ភ្លាម​ៗ​នោះ​ម្ចាស់​រថយន្ត​ភ័យ​ពេក​ក៍​រត់​ចោល​រថយន្ត​បន្សល់​ទុក​តែ​រថយន្ត​ចោល​នៅ​នឹង​កន្លែង ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​​ដឹក​​ទៅ​​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រីឯ​រថយន្ត​និង​ម៉ូតូ​ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ចរាចរណ៍​​រាច​ធានីភ្នំពេញ ​ដើម្បី​​រង់​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕