អាជ្ញាធរ មានសមត្ថកិច្ច ត្រៀមរថយន្តបាញ់ទឹក បាញ់បំបែកកម្មករ ៥០០នាក់ខណៈហែក្បួន ទៅសាខាធំ សុំអន្តរាគមន៍

ភ្នំពេញ៖ ក្រោយពីមិនបានទទួល ជោគជ័យសុំកិច្ចអន្តរាគមន៍ ពីមន្ទីរការងារ និងអភិបាលខេត្តតាកែវ រួចមក នៅព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ក្រុមកម្មករជាង៥០០នាក់ បាននាំគ្នាហែក្បួន សុំដំណោះស្រាយ ពីសាខាធំ វិញម្តង ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ច ជាច្រើននាក់បានត្រៀមបំរុង រថយន្តបាញ់ទឹកជាច្រើនគ្រឿង ដើម្បីបាញ់ បំបែកក្រុមកម្មករ។

លោក ទួន សារ៉ែន មន្រ្តីសហជីពចលនាកម្មករ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា មកដល់ ម៉ោងប្រមាណជា ១១ព្រឹកថ្ងៃ៥តុលានេះ កម្មករកំពុងតែនៅមុខសាខាធំ នៅភូមិធ្នុងរកាលើង ឃុំលាយបូក ស្រុកដូនកែវ ដើម្បីរង់ចាំដំណោះស្រាយ ។

លោកបន្តថា ក្នុងអំឡុងពេលហែក្បួន ឆ្ពោះទៅសាខាធំនោះ ក៏មានការប៉ះទង្គិចគ្នាមួយប្រាវរវាងកម្មករ ជាមួយកង កម្លាំងការពារសណ្តាប់ធ្នាប់ ប៉ុន្តែមិនបានបង្កឲ្យអ្នកណាម្នាក់រងរបួសឡើយ។

លោក ទួន សារ៉ែន បន្ថែមថា ក្នុងខណៈនេះដែរ កងកម្លាំងមានសមត្ថកិច្ចបានដាក់កំលាំង កាន់តែច្រើនដើម្បីបង្ក្រាប លើហ្វូងកម្មករ ក្នុងនោះមានការត្រៀមរថយន្ត បាញ់ទឹកដើម្បីបាញ់បំបែកក្រុមកម្មករផងដែរ។

សូមបញ្ជាក់ថា កម្មករបានផ្ទុះកូដកម្មតាំងពីថ្ងៃទី៣០ កញ្ញា ទាមទារលក្ខខណ្ឌ ការងារ ៣ចំណុចប៉ុន្តែមិនមាន ដំណោះស្រាយទេ។កម្មករក៏បានហែក្បូនសុំកិច្ចអន្តរាគមន៍ ពីមន្ទីរការងារនៅថ្ងៃទី១តុលា៕

អាជ្ញាធរ មានសមត្ថកិច្ច ត្រៀមរថយន្តបាញ់ទឹក បាញ់បំបែកកម្មករ ៥០០នាក់ខណៈហែក្បួន ទៅសាខាធំ សុំអន្តរាគមន៍