លោក យឹម សុវណ្ណ បញ្ជាក់ថា អនាគត​ប្រទេសជាតិ ពឹងផ្អែក​ទាំងស្រុង​លើ​វិស័យ​អប់រំ​

​ក្នុងឱកាស​នៃ​ការចូលរួម​ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ថៃ្ង​ទី​០៥ តុលា ២០១៥ លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា លោកគ្រូ អ្នកគ្រូ ជា​អ្នក​ធ្វើអោយ​ជីវិត​សិស្ស និស្សិត មានការ​ផ្លាស់ប្តូរ​ទៅរក​ភាពប្រសើរឡើង បង្រៀន​សិស្ស និស្សិត លើកទឹកចិត្ត​សិស្ស និស្សិត  និង​ជំរុញ​ឲ្យ​សិស្ស និស្សិត មានការ​អប់រំ​ល្អ ឲ្យ​ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល សម្រាប់​ប្រទេសជាតិ​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ពេលអនាគត​។​

​លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា នៅ​ចំពោះមុខ លោកគ្រូ អ្នកគ្រូ​រាប់ម៉ឺន​នាក់ កុមារ​កម្ពុជា​រាប់លាន​នាក់ កំពុង​ឈរជុំវិញ​គាត់ ហើយ​ផ្ញើ​វាសនា អនាគត​លើ​ពួកគាត់ ។  លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ​បាន​បន្តថា លោកគ្រូ អ្នកគ្រូ នៅ​សាលាបឋមសិក្សា សាងសង់​គ្រឹះ​សម្រាប់​ជោគជ័យ​កូនចៅ សិស្ស និស្សិត ក្នុងការ​សិក្សា ។ លោកគ្រូ អ្នកគ្រូ​សាលា​មធ្យមសិក្សា បង្រៀន​កូនចៅ​សិស្ស និស្សិត ពី​ការច្នៃប្រឌិត និង​ទេពកោសល្យ ។ លោកគ្រូ អ្នកគ្រូ​នៅ​វិទ្យាល័យ ផ្តល់​អំណាច​ដល់​កូនចៅ សិស្ស និស្សិត ធ្វើជា​ម្ចាស់​លើ​ការរៀនសូត្រ ។​

​ជុំវិញ​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា អនាគត​ប្រទេសជាតិ ពឹងផ្អែក​ទាំងស្រុង​លើ​វិស័យ​អប់រំ ដែល​ក្នុងនោះ គ្រូបង្រៀន និង​ជីវភាព​រស់នៅ​សមរម្យ របស់​ពួកគាត់ ជា​កត្តាចាំបាច់ ។ លោក យឹម សុវណ្ណ ក្នុងនាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​ការស្នើសុំ​សម​ហេតុផល របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​មានចែង​នៅក្នុង​ញ​តិ្ត ជូន​ភ្ជាប់​ជាមួយនេះ និង​បន្ត​ការតស៊ូ​មតិ ជាមួយ​គណបក្សកាន់អំណាច ដើម្បី​ដោះស្រាយ​តាម​សំណូមពរ​របស់លោក​គ្រូ អ្នកគ្រូ​។​

​គួរ​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ តែងតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​អប់រំ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​គ្រូបង្រៀន ពិសេស​ពាក់ព័ន្ធ​នឹង​ការដំឡើងប្រាក់បៀវត្សរ៍ និង​ការបំពេញ​លក្ខខណ្ឌ​ការងារ​ឲ្យ​ប្រសើរឡើង​ជាដើម​។ ប៉ុន្តែ​រដ្ឋាភិបាល​នៅតែ​មិនទាន់​ដោះស្រាយ​បញ្ហា​ទាំងនោះ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​នៅឡើយ ខណៈ​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​នៅមានកម្រិត​ទន់ខ្សោយ​នៅឡើយ​៕

12115710_801484023303158_1104393789079710826_n 12079416_801483956636498_4836224799820155916_n