មន្ត្រី​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ រង​ការ​រិះគន់ថា​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ខុស​គោលដៅ​

កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៥ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​មន្ត្រី​ជំនាញ​ដទៃទៀត​បាន​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​តាម​ផ្សារ និង​តាម​ហាង​លក់ទំនិញ​នានា​នៅក្នុង​ស្រុក​ម៉ាឡៃ​។ វិធានការ​នេះ​គឺធ្វើឡើង​ដើម្បី​ណែនាំ​កុំ​ឲ្យ​អាជីវករ​ដាក់លក់​ទំនិញ​ខូចគុណភាព គ្រឿងឧបភោគ​បរិភោគ​មាន​ផ្ទុក​សារធាតុ​គីមី និង​ទំនិញ​ផុត​កាលកំណត់​ប្រើប្រាស់​ជាដើម​។ សមត្ថកិច្ច​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ក៏បាន​រឹបអូស​ទំនិញ​ខូចគុណភាព​និង​ហួសការ​កំណត់​ប្រើប្រាស់ ដើម្បី​យកទៅ​កម្ទេចចោល​ផងដែរ​។

​ប្រតិបត្តិការ​របស់​ស​ម​ត្ថ​កិច្ច​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ដូចខាងលើ​នេះ ត្រូវបាន​មហាជន​រិះគន់ថា ជា​ប្រតិបត្តិ​ការខុស​គោលដៅ ហើយ​ធ្វើ​ដើម្បី​តែ​ល្អមើល​ប៉ុណ្ណោះ​។ ដោយហេតុថា ប្រសិនបើ​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ពិតជា​មាន​ឆន្ទៈ​ក្នុងការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​មែន គឺ​គួរ​ត្រួតពិនិត្យ​ពេល​ឈ្មួញ​នាំចូល​តាម​ច្រកព្រំដែន និង​ច្រករបៀង ហើយ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ ប៉ុន្តែ​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ បណ្ដោយ​ឲ្យ​ទំនិញ​ទាំងនោះ​ហូរ​ចូល​តាម​ច្រកព្រំដែន និង​ច្រករបៀង​យ៉ាង​ពេញបន្ទុក ហើយ​បែរជា​មក​ត្រួតពិនិត្យ​នៅតាម​ទីផ្សារ​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។​

ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅពេល​ឈ្មួញ​នាំចូល​សាច់មាន់ ជើងមាន់ ជង្គង់​មាន់ ប្រហិត​ខូចគុណភាព រាប់​តោន​ចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រករបៀង​នានា មិនឃើញ​មន្ត្រី​កាំកុងត្រូល​ត្រួតពិនិត្យ​រកសារ​ធាតុគីមី​នោះទេ​។ ប៉ុន្តែ​ពេលដែល​ទំនិញ​ទាំងនោះ​ត្រូវបាន​ចែកចាយ​លើ​ទីផ្សារ ទើប​យូរៗ​ម្ដង​មានមុខ​មន្ត្រី​កាំកុងត្រូល​ទៅពិនិត្យ ហើយ​ពិនិត្យ​បានតែ​បន្លែ​ត្រី​សាច់​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ដូច្នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម គួរ​ចេញ​បទបញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​យកចិត្តទុកដាក់​ពិនិត្យ​គុណភាព​ទំនិញ ចំណីអាហារ នៅតាម​ច្រកព្រំដែន​ឬ​ច្រករបៀង ហើយ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព មិនមែន​មក​ពិនិត្យ​ត្រសក់ ជ្រក់ ឬ​បន្លែបង្ការ បន្តិចបន្តួច​ដែល​ក្រុមអាជីវករ​លក់ដូរ​តាម​ទីផ្សារ​នោះឡើយ​៕

Hong-0024 Hong-0022