ឃាត់ខ្លួន​បុរស​ម្នាក់ កាប់​ក្បាល​ប្រពន្ធ​ខ្លួន​១​ពូថៅ បញ្ជូនទៅ​តុលាការ​

ត្បូងឃ្មុំ: កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ បន្ទាប់ពី​រូបគេ​បានផឹកស្រា​ស្រវឹង​ហើយ​បាន​យក​កូន​ពូថៅ​ទៅ​កាប់​ក្បាល​ប្រពន្ធ​របស់ខ្លួន​បណ្តាល​ឲរងរបួស​ជា​ទម្ងន់​។​

​ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង ៩​យប់ ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ នៅចំណុច​ភូមិ​ហួច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​មន្ត្រី​អាវុធហត្ថ​បាន​និយាយថា ជនដៃដល់​មានឈ្មោះ  ចាប សុខា ភេទ​ប្រុស អាយុ​៥៥ឆ្នាំ​(​ជា​ប្តី​)​បាន​យក​ពូថៅ​ទៅ​កាប់​ប្រពន្ធ​ខ្លួនឯង ឈ្មោះ វង ស៊ា​ប អាយុ​៥៣​ឆ្នាំ ត្រូវមួយ​ពូថៅ​ចំក្បាល​ចំហៀង​ខាងឆ្វេង បណ្តាល​ឲ​បែក​រងរបួស​ធ្ងន់​។​

​តាម​សាក្សី​បាន​និយាយថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ជនដៃដល់​(​ប្តី​)ស្រវឹងស្រា ហើយ​បាន​រករឿង ឈ្លោះ​ជាមួយ​ប្រពន្ធ ក្រោយ​បាន​យក​កូន​ពូ​​ថៅ​កាប់​ប្រពន្ធ​ខ្លួនឯង​ត្រូវ​មួយ​ពូថៅ​ចំក្បាល​ចំហៀង​ខាងឆ្វេង បណ្តាល​ឲ​បែក ក្រោយមកត្រូវ
បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក​​ដើម្បី​ព្យាបាល​របួស​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​អាវុធហត្ថ​ខេត្ត​បាន ចុះមក​អន្តរាគមន៍ និង​ឃាត់ខ្លួនបុរស​ជា​ប្តី នាំមក​កាន់​ទីបញ្ជាការ​ដ្ឋា​ន អាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំ​​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​រួចមក៕N​

ឃាត់ខ្លួន​បុរស​ម្នាក់ កាប់​ក្បាល​ប្រពន្ធ​ខ្លួន​១​ពូថៅ បញ្ជូនទៅ​តុលាការ​