ពេជ្រ សោភា ជោគជ័យខ្លាំង ក្នុងព្រឹត្តិការណ៍«Migrant Arirang» នៅកូរ៉េ

កូរ៉េ៖ អ្នកនាង ពេជ្រ សោភា ដែលបានដឹកដៃ អ្នកនិពន្ធភ្លេង និងជាអ្នករ៉េប ដ៏ល្បីល្បាញ លោក ងួន ចាន់ដេវីត ទៅសម្ដែងនៅប្រទេស កូរ៉េខាងត្បូង ក្នុងកម្មវិធី «Migrant Arirang» កាលពីពេលថ្មីៗនេះ ត្រូវបានគេដឹងថា ទទួលបានជោគជ័យ យ៉ាងខ្លាំងក្លា ស្ទើរតែនឹកស្មានមិនដល់ ខណៈដែលកម្មវិធីខ្នាតអន្តរជាតិនេះ មិនត្រឹមតែមាន តារាចម្រៀង តំណាងប្រទេសកម្ពុជា ចួលរួម ប៉ុណ្ណោះទេ ថែមទាំងមានវត្តមាន តារាចម្រៀងប្រទេសដទៃ ដល់ទៅដប់ ប្រទេស ឯណោះ ចូលរួម។

តារាចម្រៀង ពេជ្រ សោភា មានបទចម្រៀងថ្មីៗ និពន្ធដោយខ្លួនឯងផ្ទាល់ យកទៅសម្ដែងជាច្រើនបទ ហើយគ្រប់ បទសុទ្ធតែ មានសំលេងហ៊ោកញ្ជ្រៀវឡើង កងរំឡងពេញឆាក ស្ទើរតែច្រើនជាងកម្មវិធីប្រគំតន្ត្រី ក្នុងស្រុកដែលនាង ធ្លាប់បានទៅច្រៀង ក្នុងរយៈពេលចុងក្រោយនេះ ។

ប្រភពពីអ្នកគាំទ្រ ដែលគាំទ្រតាំងពីនៅស្រុកខ្មែរ រហូតទៅដល់ប្រទេសកូរ៉េ ម្នាក់ បាននិយាយប្រាប់LookingTODAY ថា ការប្រគំតន្ត្រីរបស់ អ្នកនាង ពេជ្រ សោភា មានអ្នកចូលរួម ទស្សនាយ៉ាងច្រើន ពិសេសគឺអ្នកគាំទ្រ ច្រើនលើសលប់ ព្រោះកម្មវិធី មិនត្រឹមតែជា ការប្រគំតន្ត្រីធម្មតាៗទេ តែជាកម្មវីធីប្រកួតប្រជែង វប្បធម៌ប្រពៃណីទៀតផង ។

តារាចម្រៀង ពេជ្រ សោភា ទៅច្រៀងក្នុងលក្ខណៈចម្រៀងសម័យ ។ ចំណែកឯការសម្ដែងបែបវប្បធម៌ ប្រពៃណីត្រូវ បានក្រុមសិល្បៈដទៃ អ្នករៀបចំ ខណៈអ្នកចូលរួមដង្ហែរក្បួន មានដល់ទៅជិត៩ពាន់នាក់។

លទ្ធផលរបស់ប្រទេសកម្ពុជាយើង ទទួលបានចំណាត់ថ្នាក់លេខ៣ ខណៈវៀតណាម ទទួលបានចំណាត់ថ្នាក់លេខ១។ ពលករខ្មែរ និងអ្នកចូលរួម បានសរសើរថា កម្ពុជាថ្វីត្បិតមិនទទួលបានចំណាត់ល្អ តែកម្ពុជាបានបង្ហាញ ពីសាមគ្គីភាព របស់ប្រជាជនខ្មែរ ធ្វើការនៅទីនោះ ហើយជាការជួបជុំ ដ៏ល្អបំផុត ។

ដោយឡែក អ្នកនាង ពេជ្រ សោភា ក៏បានជួបអ្នកគាំទ្រ យ៉ាងសប្បាយរីករាយ ដែលជាអត្តចរឹត ស្វាមគន៍គ្រប់អ្នក គាំទ្ររបស់នាង ។ នាងធ្លាប់បាននិយាយ ហត់ក្នុងការរៀបឫកពារ ជាតារាល្បីខ្លាំងណាស់ ចូលចិត្តភាពសាមញ្ញៗ ដែល នេះជា មន្តស្នេហ៍នាង ធ្វើឲ្យកាន់តែទទួលបាន ប្រជាប្រិយភាព ទោះរៀបការក៏នាង មិនធ្លាក់ប្រជាប្រិយភាពដែរ ៕