គ្រូបង្វឹកបឹងកេត រង់ចាំអ៊ុតលទ្ធផលជំនួបរវាងក្រោន និងប៉ូលិស ក្រោយយកឈ្នះទ័ព ១-០

ភ្នំពេញ៖ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ បានលើកឡើងថា កៅអីកំពូលតារាងរបស់ក្រុមលោកនៅ មិនទាន់មានសុវត្ថិភាព ១០០% នោះទេ បើទោះបីបឹងកេត ទទួលបាន៣ពិន្ទុបន្ថែមពីជ័យជំនះលើក្រុមក្រសួងការ ពារជាតិ (ទ័ព) ១-០ កាលពីម្សិលមិញក៏ដោយ ។ ដូច្នេះលោកត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតរវាងក្រុមភ្នំពេញក្រោន និងអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) នាថ្ងៃទី១៧ ខែតុលាខាងមុខសិន ។

លោក ប្រាក់ សុវណ្ណារ៉ា បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីក្រុមបឹងកេត ប្រកួតឈ្នះក្រុមម្ចាស់ផ្ទះទ័ព នៅលើទី លានស្ដាតចាស់ដោយលទ្ធផល ១-០ កាលពីល្ងាចថ្ងៃទី០៤ ខែតុលាម្សិលមិញ ដែលជាជំនួបជើងទី១ (លើកពេល) នៃ ក្របខណ្ឌលីកកំពូលកម្ពុជា (MCL-2015) ។ លោកបញ្ជាក់ថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំងនៅ ពេលបឹងកេត ទទួលបាន៣ពិន្ទុបន្ថែមដូច្នេះ ដែលជាហេតុធ្វើឲ្យក្រុមលោកឡើងឈរកំពូលតារាងសារជាថ្មីជាមួយនឹង ៥១ពិន្ទុក្នុងដៃ ដើម្បីបន្ដមហិច្ឆតាឈរកំពូលតារាងទាំងពីរជើង ។

ប៉ុន្ដែទោះបីពេលនេះ ក្រុមបឹងកេតអង្គរ កំពុងឈរកំពូលតារាងពិតមែន តែលោក ប្រាក់ សុវណ្ណារ៉ា បានអះអាងថា តំណែងនេះមិនអាចធានារក្សាបានរហូត ១០០% នោះទេ ព្រោះការប្រកួតនៅសល់២សប្ដាហ៍ ស្មើនឹង២ប្រកួតក្នុង មួយក្រុមៗទៀត គ្រាដែលក្រុមភ្នំពេញក្រោន ដែលជាគូប្រជែងដ៏សំខាន់នោះក៏មាន៤៨ពិន្ទុ យ៉ាងប្រកៀកប្រកិតដែរ ដូច្នេះគឺលោកត្រូវការចាំអ៊ុតលទ្ធផល ២ប្រកួតចុងក្រោយក្នុងជំនួបបង្ហើយកិច្ចជើងទី២នេះជាមុនសិន ។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ និងក្រុមណាហ្គាវើលរូបនេះបាននិយាយថា «ការទទួលបាន៣ពិន្ទុថ្ងៃនេះ (ឈ្នះទ័ព) គឺ ដាក់សម្ពាធខ្លាំងមែនទែន ទៅលើក្រុមភ្នំពេញក្រោន ព្រោះថាគេដាច់ខាតត្រូវតែឈ្នះ នៅពេលដែលជួបជាមួយក្រុម ប៉ូលិស ប៉ុន្ដែប្រសិនបើភ្នំពេញក្រោន ប្រកួតស្មើ ឬក៏ចាញ់ គឺក្រុមបឹងកេត មានសុវត្ថិភាព មិនបាច់ចាំទៅប្រយុទ្ធស្លាប់រស់ ជាមួយភ្នំពេញក្រោន នៅពេលប្រកួតបញ្ចប់ជើងទី២នោះទេ ។ ដូច្នេះហើយភ្នំពេញក្រោន ទាមទារត្រូវតែឈ្នះជានិច្ច ដើម្បីប្រជែងជាមួយក្រុមបឹងកេតអង្គរ ក្នុងការដណ្ដើមយកកៅអីការប្រកួតវគ្គជម្រុះពានរង្វាន់ Toyata Mekong-Cup នៅប្រទេសឡាវ» ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួត ២ជើងកន្លងទៅ នារដូវកាលថ្មីនេះ ឃើញថាក្រុមបឹងកេតអង្គរ និងក្រុមភ្នំពេញក្រោន គឺជាគូប្រជែងដ៏សំខាន់ជាងគេ ហើយក៏តែងដណ្ដើមកៅអីកំពូលតារាងឈរម្ដងម្នាក់ផងដែរ ។ ក្រុមបឹងកេត ពេលនេះ មាន៥១ពិន្ទុក្នុងដៃ ក្រោយឆ្លងផុត២០ប្រកួត ឈ្នះ១៦ ចាញ់១ និងស្មើ៣ ឯក្រុមភ្នំពេញក្រោនវិញ ពេលនេះមាន ៤៨ពិន្ទុក្នុងដៃ ក្រោយឆ្លងផុត២០ប្រកួតដូចគ្នា ឈ្នះ១៥ ចាញ់២ និងស្មើ៣ ។

ចំណែកក្រុមកំពុងប្រជែងដណ្ដើមកៅអី Top-4 និងមានសង្ឃឹមឡើងជាមួយបឹងកេត និងភ្នំពេញក្រោន គឺមានក្រុមប៉ូលិស និងក្រុមណាហ្គាវើល ដែលសុទ្ធតែមាន៣៥ពិន្ទុដូចគ្នា ។ ហើយគូប្រជែងដ៏សំខាន់ ដែលក្រុមប៉ូលិស និងណា ហ្គាវើល មិនអាចធ្វេសប្រហែសបាននោះ គឺក្រុម Cambodian Tiger ដែលមាន៣៤ពិន្ទុ រួមទាំងក្រុមក្រសួងការ ពារជាតិ និងក្រុមស្វាយរៀង ដែលមាន៣២ពិន្ទុដូចគ្នា ហើយនៅសល់២ប្រកួតដូចៗគ្នាផងដែរ ៕

គ្រូបង្វឹកបឹងកេត រង់ចាំអ៊ុតលទ្ធផលជំនួបរវាងក្រោន និងប៉ូលិស ក្រោយយកឈ្នះទ័ព ១-០