​ឡិច​ស៊ីស​RX300 ​​បុក​ម៉ូតូ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ម្នាក់​

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ជា​អ្នកលក់​ទូរស័ព្ទ​ម្នាក់​រង​របួសធ្ងន់បាក់ជើង​ឆ្វេង បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​ម៉ាក​ឡិច​​ស៊ីស​​RX300 ​បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង​​៨និង​​៤៥​នាទី​​យប់​ថ្ងៃ​ទី​៤ ​តុលា​ ​​២០១៥ ​តាម​បណ្តោយ​ផ្លូវ​ឯករាជ្យ ត្រង់​ចំណុចស្តុ​ប​៣៣៣ ស្ថិត​នៅ​សង្កាត់​៤ ក្រុង​​ព្រះ​សីហ​នុ​ ។

លោក​វរសេនីយ៍ឯក អ៊ី សុខា ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់​ បាន​ឱ្យ​ដឹង​​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​​បាន​កើតឡើង រវាងរថយន្ត​ម៉ាក​ឡិច​​ស៊ីស​​RX300 ​ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 2A-4887​ បើកបរ​ដោយ ​ឈ្មោះ វង្ស ផ​ល្លី ភេទប្រុស អាយុ​៥៦​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ​បុក​ជា​មួយ​ម៉ូតូម៉ាក​ហុងដា​ឌ្រី​ម ​ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខព្រះ​សីហ​នុ 1C-9710 ​បើកបរ​ដោយ​ ឈ្មោះ ម៉ូ​វ ដា​រ៉ាត ​អាយុ​២៨​ឆ្នាំ ​ជា​អ្នក​លក់​ទូរស័ព្ទ​ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បណ្តាល​ឱ្យ​រង​របួសធ្ងន់​បាក់​​ជើង​ខាង​ឆ្វេង​​​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​រស្មី​កំពង់សោម ​។

​ក្រោយ​​ពី​សមត្ថកិច្ច​ធ្វើ​ការ​វាស់​វែង​រួច​ហើយ ​ទាំង​រថយន្ត​និង​ម៉ូតូ​ ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​ខេត្ត​ ​ដើម្បី​រង់​ចាំ​​ដោះ​ស្រាយ​តាមផ្លូវ​ច្បាប់ ៕ ​