ព្រះសង្ឃ​និង​និស្សិត​ខេត្ត​បាត់ដំបង​ចែក​ចំណី​អាហារ​ដល់​អ្នក​ជំងឺ​តាម​មន្ទីរពេទ្យ

ព្រះសង្ឃ សមណ​និស្សិត និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ព្រះ​សីហនុ​រាជ សាខា​ខេត្ត​បាត់ដំបង ដែល​មាន​ព្រះសង្ឃ​ប្រមាណ ៧០​អង្គ និង​និស្សិត​ជាង ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៤ តុលា បាន​នាំ​យក​អំណោយ​ចំណី​អាហារ​មួយ​ចំនួន ទៅ​ចែក​ដល់​អ្នក​ជំងឺ​ដែល​មាន​ជីវភាព​ក្រីក្រ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ខេត្ត​បាត់ដំបង និង​មន្ទីរពេទ្យ​ពោពី ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

ការ​យក​អំណោយ​ទៅ​ចែក​ដល់​អ្នក​ជំងឺ​នេះ ក្នុង​គោល​បំណង​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ ឲ្យ​មាន​សាមគ្គី​ភាព និង​ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​សង្គម​ជាតិ។

ព្រះសង្ឃ​សមណ​និស្សិត និង​និស្សិត​ប្រុស​ស្រី បាន​បែង​ចែក​ភារកិច្ច​រៀងៗ​ខ្លួន ដោយ​ព្រះអង្គ​ខ្លះ​ដាំ​បាយ​នឹង​ខ្ទះ​ត្នោត និង​និស្សិត​ខ្លះ​ទៀត អង្គុយ​វេច​ខ្ចប់​ចំណី​អាហារ​ដាក់​ក្នុង​ស្បោង​ប្លាស្ទិក​ប្រមាណ ៨០០​កញ្ចប់ ដើម្បី​នាំ​យក​ទៅ​ចែក​ឲ្យ​អ្នក​ជំងឺ​ចំនួន ៨០០​នាក់ នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន​ពីរ​កន្លែង។

ព្រះតេជព្រះគុណ ហាក់ សៀងហៃ ជា​ជំនួយការ​នៃ​សាកលវិទ្យាល័យ​ព្រះ​សីហនុ​រាជ សាខា​ខេត្ត​បាត់ដំបង មាន​ព្រះ​ថេរ​ដីកា​ដោយ​វាចា​ស្រទន់​មួយៗ នៅ​ខាង​មុខ​អគារ​សាកលវិទ្យាល័យ មុន​នឹង​ព្រះអង្គ​និមន្ត​នាំ​អំណោយ​ទៅ​ចែក​ជូន​អ្នក​ជំងឺ​តាម​មន្ទីរពេទ្យ​ថា ព្រះសង្ឃ សមណ​និស្សិត និស្សិត រួម​នឹង​ប្រជាពលរដ្ឋ​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះ​ថ្លា​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង បាន​រួម​សាមគ្គី​គ្នា​ទាំង​ថវិកា និង​កម្លាំង​កាយ​ចិត្ត ទិញ​សម្ភារៈ រួម​មាន​ទឹកក្រូច​មួយ​កំប៉ុង ទឹក​សុទ្ធ ១​ដប មី ២​កញ្ចប់ និង​បាយ​មួយ​ប្រអប់ ព្រម​ទាំង​ក្រូច ២​ផ្លែ ដែល​គិត​ជា​ថវិកា​ប្រមាណ ១​ម៉ឺន​រៀល​ក្នុង​មួយ​ស្បោង។

ព្រះសង្ឃ​ចែក​អំណោយ​បាត់ដំបង ៦២០
ព្រះតេជព្រះគុណ ហាក់ សៀងហៃ ជំនួយការ​នៃ​សាកលវិទ្យាល័យ​ព្រះ​សីហនុ​រាជ សាខា​ខេត្ត​បាត់ដំបង នាំ​អាហារ​ចែក​អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Hum Chamroeun

ព្រះតេជព្រះគុណ​មាន​ព្រះ​ថេរ​ដីកា​បន្ត​ថា ចំពោះ​បាយ​កញ្ចប់ ព្រះសង្ឃ និង​និស្សិត​ទិញ​របស់​របរ​មក​ចម្អិន​ធ្វើ​ដោយ​ខ្លួន​ឯង រួច​វេច​ខ្ចប់​យក​ទៅ​ចែក​ដល់​អ្នក​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​ផ្ទាល់​ដៃ ដោយ​បែង​ចែក​ជា ២​ក្រុម គឺ​ក្រុម​ទី​១ ទៅ​ចែក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មួយ​ក្រុម​ទៀត ទៅ​ចែក​ឲ្យ​អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យ​ពោពី ខេត្ត​បាត់ដំបង។ ព្រះអង្គ​មាន​ព្រះ​ថេរ​ដីកា​បន្ត​ទៀត​ថា ការ​នាំ​អំណោយ​ទៅ​ចែក​ជូន​អ្នក​ជំងឺ​នេះ ក្នុង​គោល​បំណង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​ជំងឺ​ក្នុង​មន្ទីរពេទ្យ ឲ្យ​បាន​ធូរ​ស្រាល​ផង និង​បណ្ដុះ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​សាមគ្គី​គ្នា​នៅ​ក្នុង​សង្គម​ជាតិ​ផង៖ «ខ្វះ​ការ​សាមគ្គី​ភាព​គ្នា​ក្នុង​សង្គម នាំ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា និង​ធ្វើ​ឲ្យ​សង្គម​មិន​មាន​ការ​រីក​ចម្រើន​ទៅ​មុខ ហើយ​ការ​ចូលរួម​របស់​ព្រះសង្ឃ និង​យុវជន​ពេល​នេះ នឹង​ក្លាយ​ទៅ​ជា​ទំពាំង​ស្នង​ឫស្សី​របស់​សង្គម​ជាតិ​នៅ​ថ្ងៃ​អនាគត»

ស្រដៀង​គ្នា​នេះ​ដែរ ព្រះសង្ឃ​ដែល​ចូលរួម​នាំ​អំណោយ​ទៅ​ចែក​ជូន​អ្នក​ជំងឺ គង់​នៅ​វត្ត​ពោធិ៍វាល គឺ​ព្រះតេជព្រះគុណ វី សុវិជ្ជា មាន​ព្រះ​ថេរ​ដីកា​ថា ព្រះអង្គ​សប្បាយ​រីក​រាយ​ក្នុង​ការ​នាំ​អំណោយ​ទៅ​ចែក​ដល់​អ្នក​ជំងឺ​នេះ ពីព្រោះ​ថា ពួក​គាត់​ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ ហើយ​ពុំ​មាន​ឱកាស​ទៅ​ធ្វើ​បុណ្យ​ធ្វើ​ទាន​ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​នេះ​ទេ ដើម្បី​ឲ្យ​ពួក​គាត់​មាន​ភាព​កក់ក្ដៅ និង​ឆាប់​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ៖ «នៅ​រដូវ​កាន់​បិណ្ឌ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​យើង​ភាគ​ច្រើន ពួក​គាត់​នាំ​គ្នា​ធ្វើ​បុណ្យ​ទាន​នៅ​ទី​វត្ត ប៉ុន្តែ​អ្នក​ជំងឺ​វិញ គឺ​ពួក​គាត់​នៅ​ឯកោ​ក្នុង​មន្ទីរពេទ្យ មិន​បាន​ទៅ​ណា​នោះ​ទេ។ ដូច្នេះ យើង​ទៅ​ជួយ​អ្នក​ជំងឺ​ឲ្យ​ពួក​គាត់​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ»

រីឯ​ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ​ព្រះ​សីហនុ​រាជ សាខា​ខេត្ត​បាត់ដំបង ថ្លែង​នៅ​ខាង​មុខ​អគារ​សាកលវិទ្យាល័យ​ថា ពួក​គេ​មាន​ការ​សប្បាយ​រីក​រាយ ដែល​បាន​ចូលរួម​កិច្ចការ​សង្គម​នេះ ហើយ​បាន​ជួយ​រៀបចំ​សម្ភារៈ​ម្ហូប​អាហារ​ជាមួយ​ព្រះសង្ឃ និង​លោកគ្រូ​អ្នកគ្រូ តាំង​ពី​ម៉ោង ៤​កន្លះ​ព្រឹក​រហូត​ដល់​ពេល​ចេញ​ដំណើរ​ទៅ​មន្ទីរពេទ្យ៖ «ពួក​ខ្ញុំ​បាន​ជួយ​លាង​ចាន លាង​អង្ករ ចៀន​សាច់ និង​ស្ងោរ​ពង​ទា ព្រម​ទាំង​បាន​វេច​ខ្ចប់​បាយ​ម្ហូប​ដាក់​ក្នុង​ស្បោង​ប្លាស្ទិក​ជាមួយ​គ្នា»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ព្រះ​អនុគណ​ក្រុង​បាត់ដំបង ព្រះតេជព្រះគុណ យឿម រដ្ឋសភា ដែល​បាន​ចូលរួម​នាំ​អំណោយ​ទៅ​ចែក​ដល់​អ្នក​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​ដែរ មាន​ព្រះ​ថេរ​ដីកា​ថា ព្រះអង្គ​សាទរ​ចំពោះ​កាយវិការ​របស់​ព្រះសង្ឃ សមណ​និស្សិត និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ព្រះ​សីហនុ​រាជ ថា​ជា​សកម្មភាព​មនុស្ស​ធម៌​ដ៏​កម្រ​មួយ​នៅ​ក្នុង​សង្គម ដើម្បី​ជួយ​រំលែក​ទុក្ខ​ដល់​អ្នក​ដទៃ ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់​របស់​ខ្លួន៖ «អាត្មា​សាទរ​ចំពោះ​បុណ្យ​កុសល​ដែល​ព្រះសង្ឃ និង​និស្សិត​បាន​ធ្វើ​នេះ គឺ​ជា​វប្បធម៌​ចែក​រំលែក ក្នុង​នាម​ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន»

ព្រះសង្ឃ​ចែក​អំណោយ​បាត់ដំបង ៦២០
ព្រះសង្ឃ និង​សមណ​និស្សិត ដាំ​បាយ​នឹង​ខ្ទះ​ត្នោត​នៅ​មុខ​អគារ​សាកលវិទ្យាល័យ​ព្រះ​សីហនុ​រាជ សាខា​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Hum Chamroeun

កន្លង​ទៅ មតិ​មហាជន​មួយ​ចំនួន​តែង​លើក​ឡើង​ពី​រឿង​មិន​ល្អ​របស់​ព្រះសង្ឃ ដោយ​អ្នក​ខ្លះ​យល់​ឃើញ​ថា ព្រះសង្ឃ​បួស​ឆាន់​នៅ​តែ​ក្នុង​វត្ត មិន​បាន​ជួយ​ការងារ​អ្វី​ជា​ដុំ​កំភួន ធ្វើ​ឲ្យ​សង្គម​រីក​ចម្រើន​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​អភិវឌ្ឍន៍ លោក​បណ្ឌិត ហេង មុនីចិន្ដា មាន​ប្រសាសន៍​ថា កន្លង​មក ព្រះសង្ឃ​តែង​មាន​ទំនាក់ទំនង​គ្នា​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្គម។ បើ​ទោះ​ជា​ប្រជាពលរដ្ឋ​មាន​ទុក្ខ​លំបាក​យ៉ាង​ណា​ក្ដី គឺ​ព្រះសង្ឃ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​ពួក​គាត់​ជា​ប្រចាំ។ លោក​បញ្ជាក់​ថា ព្រះសង្ឃ និង​និស្សិត នាំ​អំណោយ​ទៅ​ចែក​ដល់​អ្នក​ជំងឺ​នេះ គឺ​សកម្មភាព​មួយ​ល្អ​នៅ​ក្នុង​សង្គម ហើយ​ពុំ​មាន​ខុស​ឆ្គង​អ្វី​នោះ​ទេ៖ «ព្រះសង្ឃ​អាច​ចុះ​ទៅ​សួរ​សុខ​ទុក្ខ និង​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ពុទ្ធ​បរិស័ទ​មាន​ជំងឺ​ក្នុង​មន្ទីរពេទ្យ​បាន និង​មិន​ខុស​ពី​ព្រះ​វិន័យ​ក្នុង​ព្រះពុទ្ធ​សាសនា​ទេ»

ព្រះសង្ឃ សមណ​និស្សិត និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ព្រះ​សីហនុ​រាជ សាខា​ខេត្ត​បាត់ដំបង នាំ​អំណោយ​ទៅ​ចែក​អ្នក​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង ធ្វើ​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង។

ជំនួយការ​នៃ​សាកលវិទ្យាល័យ​ព្រះ​សីហនុ​រាជ ឲ្យ​ដឹង​ថា ក្រោយ​ពី​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ខ្មែរ​រួច សាកលវិទ្យាល័យ​នឹង​មាន​គម្រោង​នាំ​យក​អំណោយ​នំ​ចំណី ទៅ​ចែក​ជូន​អ្នក​ទោស​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។