ឥណ្ឌា អរគុណ​កម្ពុជា ដែល​បាន​ដើរតួនាទី​សំខាន់ ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឥណ្ឌា អាស៊ាន​

ភ្នំពេញ: ​លោក ណា​វ៉ែន ស្រ៊ី​វ៉ា​ស្តា​វ៉ា (Naveen Srivastava) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាបជូន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ពី​តួនាទី​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឥណ្ឌា​-​អាស៊ាន​។

​លោក​ឯកអគ្គរដ្ឋទូត បាន​លើកឡើងថា នៅពេល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​កំពូល​អាស៊ាន នៅក្នុង​ឆ្នាំ​២០១២ កម្ពុជា​បាន​អញ្ជើញ​ប្រទេស​ឥណ្ឌា មក​ចូលរួម​កិច្ចប្រជុំ​នោះ និង​បានរៀបចំ​ឲ្យ​មាន​ជំនួប​អាស៊ាន ឥណ្ឌា​។ ជា​បន្ត​បន្ទាប់មកទៀត កម្ពុជា​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឥណ្ឌា អាស៊ាន ឲ្យ​មានដំណើរ​ល្អ មកដល់​ពេលបច្ចុប្បន្ន​នេះ​។​

​លោក ណា​វ៉ែន ស្រ៊ី​វ៉ា​ស្តា​វ៉ា បានលើកឡើង​បែបនេះ នៅពេល​លោក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលជួប​សវន​ការ និង​សម្តែង​ការគួរសម​ជាមួយ​សម្តេច​ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា​។ លោក ណា​វ៉ែន ស្រ៊ី​វ៉ា​ស្តា​វ៉ា ទើបត្រូវ​បានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុងជំនួប​សវន​ការ​នេះ ក្រៅពី​បានលើកឡើង​ពី​ចំណងមិត្តភាព​ឥណ្ឌា អាស៊ាន លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ជម្រាបជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ពី​ចំណងមិត្តភាព​ដ៏​រឹងមាំ និង​យូរអង្វែង​រវាង​កម្ពុជា ឥណ្ឌា​ផងដែរ​។

​លោក​បាន​គូសបញ្ជាក់ថា ចំណងមិត្តភាព​ប្រទេស​ទាំងពីរ ត្រូវបាន​ពង្រឹងពង្រីក​នៅ​គ្រប់​ដំណាក់កាល ជាពិសេស​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​និង​មិត្តភាព​របស់លោក មហា​ម៉េ​ត ហា​មិ​ត អាន់​សារី (Mohammad Hamid Ansari) អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌា មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ​២០១៥ ថ្មីៗ​នេះ​។​
​    ​
​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ស្វាគមន៍​បេសកកម្ម​ការទូត​របស់​លោក ណា​វ៉ែន ស្រ៊ី​វ៉ា​ស្តា​វ៉ា នៅ​កម្ពុជា​។ ក្នុងនាម​រដ្ឋសភា សម្តេច​សន្យាថា នឹង​បង្កើន​កិច្ចសហការ​យ៉ាង​ជិតស្និទ​ជាមួយ​លោក ដើម្បី​ឲ្យ​បេសកកម្ម​ការទូត​នេះ ទទួលបាន​ជោគជ័យ​។

​សម្តេច​មានសង្ឃឹម​យ៉ាង មុតមាំ​ថា នៅក្នុង​អាណត្តិ​ការទូត​របស់លោក ណា​វ៉ែន ស្រ៊ី​វ៉ា​ស្តា​វ៉ា ចំណងមិត្តភាព​ប្រទេស​ទាំងពីរ នឹងត្រូវ​ពង្រឹងពង្រីក​បន្ថែមទៀត ពិសេស​លើ​កិច្ចការ ពាណិជ្ជកម្ម និង​ទេសចរណ៍​។​
​    ​
​ចំពោះ​ចំណងមិត្តភាព​នៃ​សភា​ទាំងពីរ​ប្រទេស​វិញ លោក ណា​វ៉ែន ស្រ៊ី​វ៉ា​ស្តា​វ៉ា បានស្នើ​ដល់​សម្តេច​ប្រធានរដ្ឋសភា បង្កើត​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា រវាង​ក្រុម​មិត្តភាព​សភា​កម្ពុជា ឥណ្ឌា និង​ដំណើរ​ទស្សនកិច្ច​សមាជិក​សភា​ទាំងពីរ​។
​    ​
​លោក​ឯកអគ្គរដ្ឋទូត បានស្នើ​ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ថា សមាជិក​រដ្ឋសភា​កម្ពុ​ជា គួរ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សភា​ឥណ្ឌា នា​ចុងឆ្នាំ​២០១៥​នេះ ពីព្រោះ​ជា​ពេលវេលា ដែល​សភា​ឥណ្ឌា កំពុង​បំពេញការងារ​។

​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នៃ​សមាជិកសភា​ប្រទេស​ទាំងពីរ ត្រូវបាន​លោក​ឯកអគ្គរដ្ឋទូត ចាត់ទុកថា​មានតម្លៃ​ក្នុង​ការផ្តល់​ចំណេះដឹង​ពីគ្នា​ទៅវិញទៅមក សម្រាប់​បម្រើ​ដល់​ផលប្រយោជន៍​សភា និង​ប្រជាជន​ប្រទេស​ទាំងពីរ​៕

ឥណ្ឌា អរគុណ​កម្ពុជា ដែល​បាន​ដើរតួនាទី​សំខាន់ ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឥណ្ឌា អាស៊ាន​

ឥណ្ឌា អរគុណ​កម្ពុជា ដែល​បាន​ដើរតួនាទី​សំខាន់ ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឥណ្ឌា អាស៊ាន​
សម្តេចហេងសំរិន ជួបទូតថ្មីរបស់ឥណ្ឌា កាលពីព្រឹកថ្ងៃទី៥តុលា ( រូបភាព៖ រដ្ឋសភា )