ក្មេងប្រុស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន​ពីបទ​រួមភេទ​ជាមួយ​អនីតិជន អាយុ​ក្រោម ១៥​ឆ្នាំ​

តាកែវ: ក្មេងប្រុស មិនទាន់​គ្រប់​អាយុ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ ដោយ​ជាប់ចោទ​ពីបទ​រួមភេទ​ជាមួយ​អនីតិជន ក្រោម​អាយុ ១៥​ឆ្នាំ​។ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន តាម​ពាក្យបណ្ដឹង​របស់​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ១០​យប់ នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​ព្រៃ​គុយ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ខណៈដែល​ក្មេងប្រុស​នោះ និង​ក្មេងស្រី​រងគ្រោះ កំពុង​ដេក​ជាមួយគ្នា នៅក្នុង​បន្ទប់​។​

​លោក យ៉ង់ វណ្ណ​ធី អធិការនគរបាល ស្រុក​ត្រាំកក់ បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ ណាត ដា​វិ​ន ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ឃូំ​កើតហេតុ​ខាងលើ​។ ចំណែក​ក្មេងស្រី​រងគ្រោះ អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ជួរ ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​ក្មេងប្រុស ដែលជា​ជនជាប់ចោទ បាន​និយាយប្រាប់​ប៉ូលិស​ថា រូបគេ និង​ក្មេងស្រី​រងគ្រោះ បាន​ស្រលាញ់​គ្នាច្រើន​ខែ​មកហើយ លុះដល់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ ដោយ​នៅក្បែរ​ផ្ទះ​របស់​ក្មេងស្រី​រងគ្រោះ មាន​ពិធីមង្គលការ​មួយ ហើយ​រូបគេ ក៏បាន​ចូលរួម​ផងដែរ លុះដល់​យប់​ជ្រៅ រូបគេ​មិនបាន​ត្រលប់មក​ផ្ទះ​ទេ ដោយ​ក្មេងស្រី​រងគ្រោះ​បាន​ឃាត់​អោយ​ដេក​ផ្ទះ​របស់គេ​ចំនួន ៣​យប់ ព្រមទាំង​បានរួម​ភេទ​ជាមួយគ្នា​បាន ៣​ដង​។ ក្រោយមក ពួកគេ​ទាំង ២​នាក់ បាន​ទូរស័ព្ទ​សាសង​គ្នា ជាធម្មតា លុះដល់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៥ ក្មេងស្រី​រងគ្រោះ បាន​ទូរស័ព្ទ​ហៅ​រូបគេ​អោយ​ឌុប​មកលេង​ផ្ទះ​របស់ខ្លួន ក្រោយមក​ពួកគេ បាន​រួមភេទ​ជាមួយគ្នា​ទៀត លុះដល់​ម៉ោង ១០​យប់ ក៏ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​តែម្ដង​៕
 

ក្មេងប្រុស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន​ពីបទ​រួមភេទ​ជាមួយ​អនីតិជន អាយុ​ក្រោម ១៥​ឆ្នាំ​