គ្រូបង្រៀន​ទាមទារ​ឡើង​ប្រាក់ខែ ១ លាន ៥ សែន​រៀល នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​គ្រូបង្រៀន ថ្ងៃ​៥​តុលា​

ភ្នំពេញ: ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក ថ្ងៃ​៥​តុលា​នេះ សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា បាន​ប្រារព្ធ​ពិធី​ជួបជុំ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៥​តុលា​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ​។ ក្រៅពី​ថ្លែងការណ៍ សមាគម​គ្រូបង្រៀន ក៏បាន​ដាក់​ញត្តិ​ទៅកាន់​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដោយ​ទាមទារ​សុំ​តម្លើង​ប្រាក់ខែ​គ្រូបង្រៀន​ចំនួន ១​លាន ៥ សែន​រៀល ក្នុង​មួយខែ​។​

​សមាជិកសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ថ្លែងថា លក្ខ​ខ័​ណ្ឌ​នៃ​ការទាមទារ​នៅពេលនេះ វា​នឹង​ជួយ​លើកកម្ពស់​ជីវភាព​គ្រូបង្រៀន កាន់តែ​ប្រសើរ​។​

​គួរ​បញ្ជាក់ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រារព្ធ​ទិវា​គ្រូបង្រៀន ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ “​លើកកម្ពស់​សក្ដានុពល​គ្រូបង្រៀន ដើម្បី​កសាង​សង្គម ប្រកបដោយ​និរន្តរភាព​” នៅ​ថ្ងៃទី ៧ ខែតុលា​ខាងមុខនេះ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា ឬ​សាលា​តិច​ណូ ដើម្បី​ជាការ​ដឹងគុណ​ដល់​គ្រូបង្រៀន​ទាំងអស់ ដែល​បាន​បង្ហាត់បង្រៀន​សិស្សានុសិស្ស​-​និស្សិត ទូទាំងប្រទេស​៕