សម្តេចតេជោ ហ៊ុន សែន សម្តែងការព្រួយបារម្ភខ្លាច ប្រជាពលរដ្ឋខ្វះទឹក សម្រាប់ធ្វើស្រែប្រាំង ខណៈប្រភពទឹក មានកម្រិតទាប

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងការព្រួយបារម្ភ ចំពោះផលប៉ះពាល់ ដល់ការធ្វើ ស្រែប្រាំង របស់ប្រជាពលរដ្ឋ ដោយសារតែភ្លៀងធ្លាក់តិចតួច ហើលប្រភពទឹកដូចជាទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅមានកម្រិតទាប មិនអាចហូរចូលព្រែក ឬអាង សម្រាប់ឱ្យប្រជាពលរដ្ឋ ធ្វើស្រែប្រដេញទឹក ឬស្រែប្រាំងបានគ្រប់គ្រាន់ ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវតាមរយៈ Facebook របស់សម្តេច ដើម្បីឱ្យប្រជាពលរដ្ឋ ឆ្លៀតក្រៅតែពី ការធ្វើបុណ្យ ពេលអំឡុងភ្ជុំបិណ្ឌ ត្រូវខិតខំរក្សាទឹកទុកក្នុងស្រែ ក្នុងអាង ក្នុងប្រឡាយ ដើម្បីការលូតលាស់នៃស្រូវវស្សាផង និងសម្រាប់ការចាប់ផ្តើមស្រូវប្រាំងផង។

សម្តេចតេជោ បានថ្លែងសារថា «ទន្ទឹមនឹងការចូលរួមពិធីកាន់បិណ្ឌនៅក្នុងរដូវបុណ្យភ្ជុំនេះ សូមបបង ប្អូនប្រជាកសិករយកចិត្តទុកដាក់ផងដែរ ក្នុងការថែរក្សាដំណាំកសិកម្ម ជាពិសេសគឺសន្ទូង។ ឆ្នាំនេះភ្លៀងធ្លាក់ពីដើមរដូវវស្សាតិចធ្វើឱ្យការបង្កបង្កើនផល របស់ប្រជាកសិករនៅតំបន់មួយចំនួន ជួបការលំបាកយឺតយ៉ាវនឹងរងផលប៉ះពាល់។ ចំណែកឯទឹកទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ មានកំរិតទាបមិនអាចហូរចូលព្រែកចូលអាងសម្រាប់ ការធ្វើស្រែប្រដេញទឹក ឬស្រែប្រាំងបានគ្រប់គ្រាន់ នោះទេ។ មិនសល់ពេលច្រើនទេដែលកសិករយើងត្រូវខិតខំបង្ហើយ ការដកស្ទូងស្រូវវស្សា និងចាប់ផ្ដើមស្រូវប្រាំង»។

ទោះជាយ៉ាងនេះក្តី ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានដើមកំណើតជាកូនកសិករ សម្តេចក៏ បានជំរុញឱ្យក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវត្រៀមបម្រុងធ្វើអន្តរាគមន៍ចំពោះករណីនេះ ហើយកងកម្លាំង ប្រដាប់អាវុធ និងមន្ត្រីរាជការត្រូវចូលរួមជួយបង្កបង្កើនផលប្រជាជន ដែលនៅជិតទីតាំងឈរជើង ពិសេសគ្រួសារជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរា ដែលខ្វះកម្លាំងពលកម្ម៕

សម្តេចតេជោ ហ៊ុន សែន សម្តែងការព្រួយបារម្ភខ្លាច ប្រជាពលរដ្ឋខ្វះទឹក សម្រាប់ធ្វើស្រែប្រាំង ខណៈប្រភពទឹក មានកម្រិតទាប