ពហុកីឡដ្ឋាន​ធំ​សំខាន់​ត្រៀម​​ស៊ីហ្គេម​២០២៣ ​មិនទាន់​​​ច្បាស់​ពេល​កសាង​


ពហុកីឡដ្ឋាន​ធំ​សំខាន់​ត្រៀម​​ស៊ីហ្គេម​២០២៣ ​មិនទាន់​​​ច្បាស់​ពេល​កសាង​

លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹង​​នៅ​ព្រឹក​នេះ​ថា ការ​សាងសង់​កីឡដ្ឋាន​មរតក​តេជោ​ដំណាក់កាល​ទី​២​​ដែល​ផ្ដោត​សំខាន់​លើ Main Stadium(កីឡដ្ឋាន​បាល់​ទាត់)នឹង​មិន​ត្រូវ​បាន​​ចាប់​ផ្តើម​កសាង​នៅ​ចុង​ឆ្នាំ​នេះ​ឡើយ ដោយ​​ត្រូវ​រង់​ចាំ​អ្នក​ជំនាញ​ចិន​មក​ត្រួត​ពិនិត្យ​​ម្តង​ទៀត​ ទើប​សម្រេច​ជ្រើស​រើស​ពេល​វេលា​សាង​សង់។

 

ពហុកីឡដ្ឋាន​ធំ​សំខាន់​ត្រៀម​​ស៊ីហ្គេម​២០២៣ ​មិនទាន់​​​ច្បាស់​ពេល​កសាង​
ដំណាក់​កាល​ទី​២៖ Main Stadium

 

កាល​​ពី​ដើម​ឆ្នាំ​២០១៥ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា​ អ្នក​ជំនាញ​សាង​សង់​របស់​រដ្ឋាភិបាល​ចិន​បាន​ត្រួតពិនិត្យ​លើ​បច្ចេកទេស​ និង​គំរូ​ប្លង់​នៃ​ Main Stadium ឬ​កីឡដ្ឋាន​សំខាន់​បំផុត​​ក្នុង​ពហុ​កីឡដ្ឋាន​មរតកតេជោ​រួច​រាល់​អស់​ហើយ ដោយ​ត្រូវ​ប្ដូរ​កាល​បរិច្ឆេទ​សាងសង់​ពី​ឆ្នាំ​២០១៧ មកចុង​​ឆ្នាំ​២០១៥​​​នេះ​វិញ ដើម្បី​ពន្លឿន​ពេល​វេលា​ឲ្យ​រួចរាល់​មុន​កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។

 

ទោះ​បែប​នេះ​ក្ដី កាល​ពី​​ព្រឹក​មិញ​​លោក​បាន​បញ្ជាក់​ប្រាប់ Sabay ជា​ថ្មី​ថា ការ​សាងសង់​មិន​ទាន់​ដំណើរ​ការ​នៅ​ឡើយ​ទេ ដោយ​រង់​ចាំ​អ្នក​ជំនាញ​ចិន​មក​សិក្សា​ម្ដង​ទៀត និង​សម្រេច​ជ្រើស​រើស​ពេល​វេលា​សាងសង់​តែ​ម្ដង។ ក្រុម​អ្នក​ជំនាញ​នោះ​មិន​ទាន់​បញ្ជាក់​ពេល​វេលា​មក​កម្ពុជា​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រហែល​ជា​នៅ​ចុង​ឆ្នាំ​នេះ។

 

 កីឡដ្ឋាន​សំខាន់​បំផុត​ត្រៀម​ស៊ីហ្គេម​២០២៣ ​នឹង​​កសាង​ឆ្នាំ​នេះ​វិញ

 

ភាគី​ចិន​បាន​អនុម័ត​លើ​ផែន​ការ​ប្លង់​នៃ​ស្ថាបត្យកម្ម​​រួច​ហើយ ​ដោយ​​យក​តាម​គំ​រូ​ និង​ប្រព័ន្ធ​សម័យ​​អង្គរ​។ ចំណែក​ឯ​អ្នក​ជំនាញ​សាងសង់​គឺ​ជា​ជន​ជាតិ​ចិន ដែល​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​​ខ្មែរ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក វ៉ាត់ ចំរើន បាន​និយាយ​ថា “ធម្មតា​ទេ… បើ​គេ​ជា​អ្នក​ឧបត្ថម្ភ​លើ​ការ​​សាងសង់ គេ​ប្រាកដ​ជា​បញ្ជូន​អ្នក​ជំនាញ​មក”។

 

ការ​កសាង​ពហុកីឡដ្ឋាន​មរតក​តេជោ​ដំណាក់​កាល​ទី​១ ​​គឺ​តារា​ង​បាល់បោះ​ តារាង​បាល់ទះ​ អាង​ហែល​ទឹក និង​អគារ​ស្នាក់​របស់​អត្តពលិក កំពុង​សាង​សង់​ដែល​​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៦ ខាង​មុខ។ ដំណាក់​កាលទី​២ ​គឺ​ Main Stadium សម្រាប់​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់ ខណៈ​ដំណាក់​កាល​ទី​៣​ នឹង​កសាង​ទី​លាន​កីឡា​មួយ​ចំនួន​ទៀត៕

 

ទស្សនា​វីដេអូគម្រោង​ពហុកីឡដ្ឋាន​​មរតក​តេជោ​​​​៖

 

 

អត្ថបទ៖ គង់ វិសាល