ម៉ាឡេស៊ី​បិទ​សាលា ដោយ​សារ​​ផ្សែង​អ័ព្ទ​ក្រាស់

ម៉ាឡេស៊ី​បិទ​សាលា ដោយ​សារ​​ផ្សែង​អ័ព្ទ​ក្រាស់

សាលារៀន​ជាច្រើន​កន្លែង​​ក្នុង​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​បិទទ្វារ រយៈពេល​ ២ថ្ងៃ ដោយ​សារ​​មាន​ការ​ព្រួយ​បារម្ភ​​បញ្ហា​​សុខភាព ដែល​បង្ក​ឡើង​ដោយ​ផ្សែង​អ័ព្ទ​ក្រាស់​។

 

ម៉ាឡេស៊ី​បិទ​សាលា ដោយ​សារ​​ផ្សែង​អ័ព្ទ​ក្រាស់

 

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​លោក Datuk Seri Mahdzir Khalid បាន​មាន​ប្រសាសន៍​ថា សាលា​ជាច្រើន​បាន​បិទ​​នៅ​ថ្ងៃ​នេះ​ និង​ថ្ងៃ​អង្គារ​ស្អែក​ ចំណែក​​សាលា​ខ្លះ​នៅ​តំបន់​ដាច់​ស្រយាល​មិនបាន​ទទួល​រង​ផល​ប៉ះពាល់​ នៅ​បន្ត​បើក​ដំណើរ​ការ​ដដែល។

 

ផ្សែង​អ័ព្ទ​នេះ​កើត​មាន​បណ្ដាល​មកពី​ភ្លើង​ឆេះ​ព្រៃ ដែល​​គេ​រាន​ដី​ធ្វើ​កសិកម្ម និង​ដាំ​ចម្ការ ​លើ​កោះ​ស៊ូម៉ាត្រា និង​កាលីម៉ាន់​តាន់ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​ក៏​បាន​ក្លាយ​ជា​បញ្ហា​ចោទ​ប្រចាំ​ឆ្នាំសម្រាប់​​តំបន់​​​ក្នុង​រយៈ​ពេល​ជាង ២​ទសវត្ស​មក​នេះ។ ឆ្នាំ​នេះ​ផ្សែង​អ័ព្ទ​មាន​ស្ថាន​ភាព​អាក្រក់​​ជាង​គេ​ ដែល​ធ្វើ​ឲ្យ​រំខាន ប៉ះពាល់​ជីវិត​មនុស្ស​ សត្វ​នៅ​ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី និង​ឥណ្ឌូណេស៊ី​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​កន្លង​មក​ហើយ។​​

 

ផ្សែង​អ័ព្ទ​​​​បន្ត​ផ្ដល់​ផល​កាន់តែ​អាក្រក់​ទៅ​ៗ នៅ​ចុង​សប្ដាហ៍​មុន ទោះបី​មាន​ការ​បង្គាប់​បញ្ជា​ពី​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo ឲ្យ​បង្កើន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​យ៉ាងណា​ក៏​ដោយ។ លើស​ពី​នេះ​ទៅ​ទៀត វា​បាន​រាលដាល​ដល់​ខេត្ត​ភាគ​ត្បូង​ប្រទេស​ថៃ តែ​ការ​​បំពុល​នៅ​មានកម្រិត​នៅឡើយ។

 

ក្រៅ​ពី​បិទ​សាលា​ ម៉ាឡេស៊ី​ក៏​បាន​លុប​ចោល​ការ​ប្រកួត​កីឡា​ម៉ារ៉ាតុង​ផង​ដែរ ខណៈ​​​ប្រទេស​ជិត​ខាង គឺ​ប្រទេស​​សិង្ហបុរី ក៏​បាន​​បិទ​​សាលារៀន​​ខ្លះ​ និង​លុប​ចោល​ព្រឹត្តិការណ៍​​ប្រកួត​កីឡាករ​​មួយ​ចំនួន​ដែរ ដូចជា Singapore Grand Prix ជា​ដើម៕

 

ម៉ាឡេស៊ី​បិទ​សាលា ដោយ​សារ​​ផ្សែង​អ័ព្ទ​ក្រាស់
 

ចុច​អាន៖ ផ្សែង​​​អ័ព្ទ​នៅ​សិង្ហបុរី​​​ ចូល​ដល់កម្រិត​​ប៉ះ​ពាល់​សុខភាព

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ asiancorrespondent