ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ​នាំ​យក​អំណោយ​ចែក​ជូន​ពលរដ្ឋក្រីក្រ​៣​គ្រួសារ​​​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​គ្រួសារ​ទី​ទ័ល​ក្រ​៣គ្រួសារ​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ត្រូវ​បាន​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ ​ហៅ​កាត់​ថា ​(​ក​យស​សន​)ខេត្ត​ ​នាំ​យក​អំណោយ​របស់​លោក ​ឌៀង ​សា​រុន ​ប្រធានកិត្តិយស​នៃ​ក្រុម​(​ក​យស​សន​) ​ចែក​ជូន​ជា​បន្តបន្ទាប់ ​​ទោះ​បី​​ជា​ការ​ធ្វើ​ដំណើរ​​យក​អំណោយ​ទៅ​ជូន​ពួក​គាត់​​​​កាត់​ភ្លៀង​ កាត់​ភក់​ល្បាប់​យ៉ាង​ណា​ក៏​​ដោយ​​ ​ក៏​មិនមាន​​ការ​​ត្អូញ​ត្អែរ​ពី​ការ​នឿយ​ហត់​​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​មាន​​តែ​ការ​សប្បាយចិត្ត​​ទៅ​វិញ​ទេ​ ​។

ជាក់ស្តែង​រយៈពេល​២​​ថ្ងៃ​ជាប់​គ្នា ​ពី​ថ្ងៃ​ទី៤​​ដល់៥​​ តុលា​ ២០១៥​ ​ក្រុម​យុវជន​​ខាងលើ ​បាន​នាំ​យក​អំណោយ​ចែក​ជូន​​ពល​រដ្ឋ​ក្រី​ក្រ៣​​គ្រួសារ ​ដោយ២​​គ្រួសារ​ នៅ​ភូមិ​ព្រៃ​ព្រិច​សង្កាត់​ប៉ោយ​ប៉ែ​ត ​ដោយ​នាំ​អំណោយ​ទៅ​ចែក​ជូន​​​កាលពី​រសៀល​ថ្ងៃ​ទី​៤​ តុលា និង១​​គ្រួសារ​ទៀត​​នៅ​ភូមិ​មិត្តភាព​ សង្កាត់​ប៉ោយ​ប៉ែ​ត ​ត្រូវ​បាន​​យក​ទៅ​​ជូន​នា​រសៀល​ថ្ងៃ​ទី​៥​ តុលា ​នេះ​ ទាំង​ភ្លៀងរលឹម​តែ​ម្តង ​។

អំណោយ​​​ដែល​ត្រូវ​ចែក​ជូន​​ ក្នុង​មួយ​គ្រួសារ​ៗ ​ទទួល​បាន​អង្ករ​១០០​គីឡូក្រាម​, ​មី១​​កេស, ​ទឹកត្រី១​យួរ​, ​ទឹកស៊ីអ៊ីវ​១​យួរ​, ​ត្រីខ​កំប៉ុង​១​យួរ​, ​ត្រីងៀត១​​គីឡូក្រាម​, ​សាច់ក្រក​១​គីឡូក្រាម​, នំ​១​​ធុង​, ​ទឹកដោះគោ​ខាប់៥​​កំប៉ុង​, ​ស្ករស៣​​គីឡូក្រាម​,​ មុង១​,​ ភួយ​១​, សាប៊ូ​១​កញ្ចប់​, ​ប៊ី​ចេ​ង១​ថង់​ ប៉ុន្តែ​​ប្រាក់​​ខុស​គ្នា​ គឺ​អ្នក​ភូមិ​ព្រៃ​ព្រិច២​​គ្រួសារ​ទទួល​បាន​ក្នុង១​​គ្រួសារ១០​ម៉ឺន​រៀល​ ដោយឡែក​អ្នក​ភូមិ​មិត្តភាព​ឈ្មោះ​ វ័​រ ​សា​រុន ​ភេទ​ស្រី​ អាយុ​៦០​​ឆ្នាំ​ រស់នៅ​ជាមួយ​ចៅប្រុស​អាយុ​៩​​ឆ្នាំ​ ម្តាយ​ស្លាប់​ចោល​ឪពុក​ផ្ទុកមេរោគ​បាន​ទទួល​​ប្រាក់​​ចំនួន១៥​​ម៉ឺន​រៀល​ ៕