ក្រុង​បា​ដា​ដ​បើក​តំបន់​បៃតង​ឱ្យ​សាធារណជន​ចេញចូល​វិញ​ហើយ

នាយក​រដ្ឋមន្ត្រី​អីុ​រ៉ា​ក់ លោក ហៃ អីុ​ដា អាល់​អា​បា​ឌី ប្រកាស​កាលពី​ថ្ងៃ​ទី​៤ តុលា បើក​ឱ្យ​សាធារណជន​ចេញចូល​តំបន់​បៃតង ជា​តំបន់​មាន​កិច្ច​ការពារ​សន្តិសុខ​ខ្ពស់​បំផុត​នៃ​ក្រុង​បា​ដា​ដ ព្រោះ​ក្នុង​តំបន់​នោះ​មាន​វិមាន​រដ្ឋាភិបាល និង​ស្ថានទូត​ជា​ច្រើន ក៏​ប៉ុន្តែ​នៅ​រក្សា​ទុក​ការ​រិ​ត​ត្បិត​ខ្លះ ។

ក្រោយ​ការ​លុកលុយ​ចូល​អីុ​រ៉ា​ក់​កាលពី​ឆ្នាំ​២០០៣ របស់​កងទ័ព​អា​មេ​រិ​ក តំបន់​នោះ​ដែល​មាន​ស្ថានទូត​សហរដ្ឋអាមេរិក​មាន​ទំហំ​១០​គីឡូម៉ែត្រ​ក្រឡា ស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​បា​ដា​ដ ហើយ​ត្រូវ​ពលរដ្ឋ​អីុ​រ៉ា​ក់​ចាត់ទុកជា​និមិត្តរូប​នៃ​ការ​កាន់កាប់​របស់​អា​មេ​រិ​ក មុន​ពេល​ផ្ទេរ​ការ​ត្រួតត្រា​ឱ្យ​ដល់​អាជ្ញាធរ​អីុ​រ៉ា​ក់​កាលពី​ឆ្នាំ​២០០៩ ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ថា លោក អា​បា​ឌី បាន​ប្រកាស​បើក​តំបន់​បៃតង​ឱ្យ​មាន​ចរាចរណ៍​របស់​មនុស្ស និង​រថយន្ត ។ ការ​បើក​តំបន់​នេះ​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ដែល​យើង​បាន​សន្យា​ចំពោះ​ពលរដ្ឋ​អីុ​រ៉ា​ក់ ហើយ​ពេល​នេះ​យើង​បាន​បំពេញ​ការ​សន្យា​នោះ ។

លោក អា​បា​ឌី ធ្លាប់​ប្រកាស​ពី​ការ​បើក​តំបន់​នោះ​កាលពី​ដំណាច់​ខែសីហា ក្រោយ​បាតុកម្ម​នានា​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​ទាមទារ​ឱ្យ​កងកម្លាំង​សន្តិសុខ​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី​ធានា​ថា​ពលរដ្ឋ​អាច​ធ្វើ​ចរាចរណ៍​កាត់​តំបន់​នោះ ។

ដោយសារ​មានការ​វាយប្រហារ​ញឹកញាប់ តំបន់​បៃតង​នោះ​ព័ទ្ធ​ជុំវិញ ដោយ​របង​បេតុង​ខ្ពស់​ៗ​ការពារ​ដោយ​រថក្រោះ និង​រថពាសដែក ព្រមទាំង​កងកម្លាំង​ពិសេស​នៃ​កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់ ។

កងទ័ព​អា​មេ​រិ​កបាន​ដក​ចេញពី​អីុ​រ៉ា​ក់​កាលពី​ដំណាច់ឆ្នាំ​២០១១ ៕