Zlatan បំបែក​កំណត់​ត្រា​គ្រាប់​បាល់​ក្លិប PSG

ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic បាន​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​គេ​ក្នុង​ប្រវត្តិសាស្រ្ត​នៃ Paris Saint-Germain ក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Ligue ១ របស់​ប្រទេស​បារាំង បន្ទាប់​ពី​បាន​ទទួល​ជ័យ​ជម្នះ ២-១ លើ​ក្រុម Marseille ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

zlatan_goal_ap

ការ​ប្រកួត​យប់​មិញ​នេះ កីឡាករ Michy Batshuayi របស់​ក្រុម Marseille ជា​អ្នក​រក​គ្រាប់​បាល់​បើក​ឆាក​នៅ​នាទី ទី៣០ នៅ​កីឡដ្ឋាន Parc des Princes នាំ​មុខ​លើ​ក្រុម PSG មុន។ ប៉ុន្តែ​កីឡាករ Ibrahimovic បាន​រក​គ្រាប់​បាល់​ពីរ​គ្រាប់​យក​ឈ្នះ​វិញ​ ដោយ​បាល់​ពិន័យ ១១ ​ម៉ែត្រ​ទាំង​ពីរ​គ្រាប់ (នាទី ៤១ និង​៤៤) នៅ​មុន​ចប់​ការ​ប្រកួត​នា​តង់​ទី​១។

ចូល​មក​ដល់​តង់​ទី២ អ្នក​ចាំទី Kevin Trapp បាន​ជួយ​សង្គ្រោះ​បាល់​ពិន័យ ១១ ម៉ែត្រ​របស់ កីឡាករ Kevin Trapp នៅ​នាទី​ ៥៥ របស់​ក្រុម Marseille ឲ្យ​រក្សា​ការ​នាំ​មុខ​រហូត​ដល់​ចប់​ការ​ប្រកួត។

បច្ចុប្បន្ន​ក្រុម​ការពារ​តំណែង​ជើង​ឯក PSG មាន ២៣ ពិន្ទុ​នាំ​មុខ​ក្រុម​លេខ ២ ក្រុម Angers តាម​ពី​ក្រោយ​ ៥ ពិន្ទុ។

ការ​រក​គ្រាប់​បាល់​ពីរ​គ្រាប់​កាល​ពី​យប់​មិញ​នេះ បាន​ធ្វើ​ឲ្យ​កីឡាករ​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ សញ្ជាតិ​ស៊ុយ​អែត​រូប​នេះ បំបែក​កំណត់ត្រា និង​នាំ​មុខ​អតីត​កីឡាករ Pauleta សញ្ជាតិ​ព័រទុយហ្គាល់​ដែល​រក​បាន ១០៩ គ្រាប់ និង​បាន​កត់ត្រា​ក្នុង​សៀវភៅ​ប្រវត្តិសាស្រ្ត​របស់​ក្រុម PSG ជា​ថ្មី៕