ចាប់​ឈ្មួញ​នាំ​អណ្ដើក​ព្រៃ​ទៅ​ប្រទេស​វៀតណាម រឹបអូស​បាន​44​ក្បាល

ចាប់​ឈ្មួញ​នាំ​អណ្ដើក​ព្រៃ​ទៅ​ប្រទេស​វៀតណាម រឹបអូស​បាន​44​ក្បាល

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​កោះធំ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ ដែល​កំពុង​ជញ្ជូន​អណ្ដើក​ព្រៃ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​របស់​ខ្លួន និង​ចាប់​រឹបអូស​យក​បាន​អណ្ដើក​ចំនួន​៤​ស្បោង ស្មើនឹង​ចំនួន​៤៤​ក្បាល កាលពី​ម៉ោង​១០​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​២ តុលា នៅ​ក្រោយ​វត្ត​សំពៅ​មាស ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ។

លោក ឈឿ​ន ប៊ុ​ន​ឆ​ន អធិការ​នគរបាល​ស្រុក​កោះធំ ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ជិន វ៉ៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ វ៉ឹ​ង ទូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទាំងអស់​គ្នា​រស់នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ។  នៅ​យប់​ថ្ងៃ​ទី​២ តុលា​នោះ ខណៈ​កងកម្លាំង​នគរបាល​ស្រុក និង​នគរបាល​ប៉ុស្ដិ៍​សំពៅ​ពូន ល្បាត​ក្នុងភូមិ​សាស្ដ្រ​ឃុំ ក៏​បានឃើញ​ជន​មួយ​ក្រុម កំពុង​ជញ្ជូន​សត្វ​អណ្ដើក​ច្រក​ស្បោង​ត្រៀម​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម នៅ​ខាងក្រោយ​វត្ត​សំពៅ​មាស ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ។

លុះ​ ពេល​ឃើញ​នគរបាល ក្រុម​ជន​នេះ​ក៏​រត់គេច​ខ្លួន​អស់​ខ្លះ និង​យក​សត្វព្រៃ​មួយ​ចំនួន​ដែល​ច្រក​ក្នុង​ស្បោង​ទម្លាក់​ចូល​ក្នុង​ ទឹកទន្លេ​អស់​ទៅ នៅ​តែ​ជនសង្ស័យ​២​នាក់​ខាងលើ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន រួម​ជាមួយនឹង​សត្វ​អណ្ដើក​ព្រៃ​៤​ស្បោង ដែល​មាន​ចំនួន​៤៤​ក្បាល នាំ​មក​អធិការដ្ឋាន​នគរបាល​ស្រុក កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ 

ផ្តល់សិទ្ធដោយ ៖ កោះសន្តិភាព