ត្រី​ផ្សោត​ទម្ងន់​ជាង​100​គ​.​ក្រ ងាប់​អណ្តែត​ក្នុង​សមុទ្រ

ត្រី​ផ្សោត​ទម្ងន់​ជាង​100​គ​.​ក្រ ងាប់​អណ្តែត​ក្នុង​សមុទ្រ

ខេត្តកំពត ៖ ត្រី​ផ្សោត​សមុទ្រ​មួយ​ក្បាលមាន​ទម្ងន់​ជាង​១០០​គី​ទ្បូ​ក្រាម ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹកសមុទ្រ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៤ តុលា នៅ​ក្នុង​សមុទ្រ​ក្បែរ​កោះ​តូច ស្ថិត​ក្នុងភូមិ​គី​ទ្បូ​ម៉ែត្រ​លេខ​១២ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ។

ជុំវិញ​ការ​ប្រទះ​ឃើញ​ខ្មោច​ត្រី​ផ្សោត​សមុទ្រ​មួយ​ក្បាល​នេះ ត្រូវ​បាន​ក្រុម​អ្នកនេសាទ​មុជ​រក​អយ​ស្ទ័​រ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា កាលពី​ម៉ោង​៧​ព្រឹក​មក​ម្ល៉េះ គេ​ឃើញ​អណ្តែត​លើ​ផ្ទៃ​ទឹកសមុទ្រ​មិន​ទាន់​មក​ទើ​ក្បែរ​ផែ​នោះ​ទេ ហើយ​ពួក​គេ​ក៏​ចេញ​ទូក​ទៅ​មុជ​រាវរក​អយ​ស្ទី​រ​ហួស​ទៅ​។ លុះដល់​ម៉ោង​១២​ថ្ងៃត្រង់​ពេល​ដែល​ពួក​គេ​ត្រ​ទ្ប​ប់​មក​ពី​រក​អយ​ស្ទី​រវិ​ញ ឃើញ​ខ្មោច​ត្រី​ផ្សោត​ដ៏​ធំ​នេះ​អណ្តែត​ទៅ​ទើរ​ក្បែរ​ផែ ក៏​យក​ខ្សែ​ចង​កន្ទុយ​រួច​អូស​ចូល​មក​តាម​ព្រែ​កកោះ​តូច ដើម្បី​ឱ្យ​ខាង​មន្ត្រី​អភិរក្ស​មច្ឆា​ស​មុ​ុ​ទ្រ​ពិនិត្យ​ពី​មូលហេតុ​ដែល​ត្រី​ដ៏​កម្រ​នេះ​ងាប់​ដោយសារ​អ្វី និង​មក​ពី​សមុទ្រ​ណា ។

មន្ត្រី​ជលផល​ម្នាក់​បានឱ្យ​ដឹង​ថា ត្រី​ផ្សោត​ដ៏​ធំ​មួយ​ក្បាល​នេះ មានឈ្មោះ​ថា​ផ្សោត​ក្បាល​ត្រ​ទ្បោ​ក ហើយ​ត្រី​នេះ​មិនមែន​រស់នៅ​ក្នុង​សមុទ្រ​ទឹក​រាក់​នោះ​ទេ វា​អាច​រស់នៅ​ម្តុំ​សមុទ្រ​ខាងក្រៅ​ទ្វារ​កោះសេះ ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ។ លោក​ថា ការងា​ប់រប​ស់វា​បើ​តាម​ការ​សន្និដ្ឋាន វា​អាច​ងាប់​ដោយសារ​ខាំ​គ្នា ពីព្រោះ​ក្នុង​ខែ​នេះ ត្រី​ប្រភេទ​នេះ​ជា​រដូវ​ដោយ​ញី​ឈ្មោល គ្មាន​អ្នក​ណា​សម្លាប់​វា​ទេ ។

មន្ត្រី​ជលផល​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា ចំពោះ​អ្នកនេសាទ​សមុទ្រ​គេ​មាន​ជំនឿ​ថា អ្នកនេសាទ​បើ​អូស​មង​ជាប់​ត្រី​ប្រភេទ​នេះ​ពិតជា​ស៊យ ។ ដូច្នេះ​ពួក​គេ​កម្រ​អូស​មង​នៅ​តំបន់​ដែល​មាន​ត្រី​ផ្សោត​នេះ​រស់នៅ​ណាស់ ។ ក្រោយ​ពី​ការ​ពិនិត្យ​ហើយ សមត្ថកិច្ច​ជំនាញ​បាន​ប្រគល់​ឱ្យ​បងប្អូន​ក្រុម​អ្នកនេសាទ ជួយ​យក​ខ្មោច​ត្រី​ផ្សោត​មួយ​ក្បាល​នេះ ទៅ​កប់​ចោល​នៅ​ក្បែរ​មាត់​ព្រែក ៕

ផ្តល់​សិទ្ធ​ដោយ ៖ កោះសន្តិភាព