លោក កៅ សា​រ៉ា​ណា កំពុង​ខំប្រឹង​ប្រមូល​លុយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​

​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម នៅ​ខេត្តកោះកុង បាន​រាយការណ៍​មក​ថា លោក កៅ សា​រ៉ា​ណា ជា​មន្ត្រីនគរបាល​អន្តោ​ប្រវេសន៍​កំពុង​ប្រមូល​លុយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​បាន​យ៉ាងតិច​១​លាន​២​សែន​រៀល​ក្នុង​មួយថ្ងៃ ហើយ​លុយ​ទាំងនោះ​ត្រូវគេ​ដឹងថា​អាច​បានមកពី​ប្រភព​ខុសច្បាប់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក កៅ សា​រ៉ា​ណា ជា​មន្ត្រីនគរបាល​អន្តោ​ប្រវេសន៍ មិន​ត្រឹមតែ​មិនបាន​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោល​ការ​រណ៍​ច្បាប់​នោះទេ តែ​មន្ត្រី​ដដែល​នេះ​ថែមទាំង​យក​តួនាទី​របស់ខ្លួន​ទៅ​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​ទៀតផង​។​

​ការ​គាប​យកលុយ​ពី​ភ្ញៀវទេសចរ អា​ជីករ​រកស៊ី​ឆ្លងដែន និង​ពី​អ្នកជំងឺ​ជាដើម ត្រូវគេ​ដឹងថា​ជា​ប្រភព​ចំណូល​ចម្បង​របស់ លោក កៅ សា​រ៉ា​ណា មេ​នគរបាល​អន្តោប្រវេសន៍​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម និង​បក្ខពួក​។ ភាពមិនប្រក្រតី​ខាងលើនេះ ត្រូវគេ​ដឹងបាន​កើតឡើង​ជា​យូរ​មកហើយ តែ​មន្ត្រីជាន់ខ្ពស់​នគរ​បាល​ជាតិ និង​មន្ត្រី​ក្រសួងមហាផ្ទៃ​ហាក់​មិនទាន់​ចាត់វិធានការ​ទប់ស្កាត់ និង​ដោះស្រាយ​ឲ្យ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​នៅឡើយ ខណៈ​មន្ត្រី​គ​របាល​មួយចំនួន និង​ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន​ទៅមក​រវាង​ប្រទេស​សៀម និង​ប្រទេស​កម្ពុជា​នៅ​ខេត្តកោះកុង​បាន​ត្អូញត្អែរថា​អំពើពុករលួយ​នៅ​ច្រកទ្វារ​នេះ​កំពុងតែ​រាំងស្ទះ​ដល់​ការឆ្លង​ដែន​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ហើយក៏​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​ផងដែរ​។​

ប្រជាពលរដ្ឋ​ខេត្តកោះកុង បាន​បញ្ជាក់ថា​មន្ត្រី​គ​របាល​អន្តោប្រវេសន៍​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​មួយចំនួន​កំពុង​រង​ភាព​ក្រៅ​ក្រហាយ​ដោយសារ លោក កៅ សា​រ៉ា​ណា មេ​នគរបាល​អន្តោប្រវេសន៍​បាន​ប្រមូល​ផលប្រយោជន៍​សម្រាប់​ខ្លួន និង​បក្ខពួក ហើយ​បន្សល់​ទុក្ខ​កេរ្តិ៍ឈ្មោះ​មិនល្អ​ដែល​ពាក់ព័ន្ធ​ជាមួយ​ការប្រព្រឹត្ត​អំពើពុករលួយ​ដល់​អង្គភាព​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ផលប្រយោជន៍​បាន​ធ្លាក់​ទៅលើ​បុគ្គល​មួយ​ក្តាប់​តូច ខណៈ​ការងារ​របស់​នគរបាល​អន្តោប្រវេសន៍​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​កំពុង​រង​ការ​រិះគន់ថា​បំពេញការងារ​គ្មាន​ប្រសិទ្ធភាព​ដែល​ធ្វើ​ឲ្យ​ជនបរទេស​មើលងាយ​ការងាររាជការ​ខ្មែរ​។​

​ចំពោះមុខ​បញ្ហា​នេះ មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​នៅ​ខេត្តកោះកុង បាន​ត្អូញត្អែរថា​ល្មម​ដល់ពេល​មន្ត្រីជាន់ខ្ពស់​ន​គ​របាល​ជាតិ និង​មន្ត្រី​ក្រសួងមហាផ្ទៃ​គិតគូរ​ពី​ភាពមិនប្រក្រតី​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ហើយ ព្រោះ​បើ​នៅតែ​បណ្តែតបណ្តោយ​ដូច​សព្វ​នេះ​ទៀត ប្រព័ន្ធ​រដ្ឋបាល​របស់​រដ្ឋ​នៅ​ច្រកទ្វារ​អន្តរជាតិ​ខាងលើ​នឹង​កាន់តែ​ដុនដាប​មិន​ខាន​៕

Pic8