រ៉ូ​ណា​ល់​ដូ ឈ្នះ​ពានរង្វាន់​កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​បំផុត​នៅ​គ្រប់​កម្មវិធី​ប្រកួត

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ខ្សែប្រយុទ្ធ​ក្លិប Real Madrid បាន​ទទួល​ពានរង្វាន់​ជា​កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​ឱ្យ​ក្លិប​បាន​ច្រើន​បំផុត​នៅ​គ្រប់​កម្មវិធី បន្ទាប់​ពី​ស៊ុត​បាល់​បាន​៣២៤​គ្រាប់​លើស​កីឡាករ​រ៉ា​អ៊ូ​ល ហ្គុ​ន​សា​ឡេ​ស ជា​ម្ចាស់​ពានរង្វាន់​ជនជាតិ​អេ​ស្ប៉ា​ញ ១​គ្រាប់ ។

ក្លិប Real Madrid បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ជូន​កីឡាករ​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់​ចាប់ពី​ផ្លាស់​ចេញពី​ក្លិប Man Utd ដោយ​មាន​លោកស្រី ដូ​រ៉ូ​ឡេ​ស ជា​ម្តាយ រ៉ូ​ណា​ល់​ដូ ដូ​នៀ ជា​កូនប្រុស លោក ហ្ស័​រ​កេ មេន​ដេ​ស ជា​អ្នកតំណាង​ផ្ទាល់ និង​មិត្តភក្តិ​ជា​ច្រើន​រូប​ចូលរួម​សម្តែង​ភាព​ត្រេកអរ ។

លោក ផ្ល​រ៉េ​នទី​ណូ ប៉េ​រ៉េ​ស ប្រធាន​ក្លិប Real Madrid បាន​ប្រគល់​រង្វាន់​ដល់​ខ្សែប្រយុទ្ធ​អមត​របស់​ក្លិប​ដោយ​ផ្ទាល់​ដៃ ខណៈ​ពេល​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ថ្លែង​ថា​៖«​នេះ​ជា​រង្វាន់​កិត្តិយស​ខ្សែប្រយុទ្ធ​ឆ្នើម​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ខ្ញុំ​ទទួល​បាន​ពី​ការ​ប្រជែង​ឈ្នះ​កីឡាករ​រ៉ា​អ៊ូ​ល ហ្គុ​ន​សា​ឡេ​ស ជា​មិត្តភក្តិ​របស់ខ្ញុំ ។ ខ្ញុំ​ត្រេកអរ​ជា​ពន់ពេក និង​សូម​ថ្លែងអំណរគុណ​ដល់​មិត្តភក្តិ​ផង​ដែរ ប្រសិនបើ​គ្មាន​ពួក​គេ​ទេ ប្រហែលជា​ខ្ញុំ​គ្មាន​ថ្ងៃ​ទទួលលទ្ធផល​ល្អ​បែប​នេះ​ឡើយ​» ៕