ឡុ​ង សំណាង បំបាក់ ផុ​ន ផុល យក​កៅអី​8​នាក់

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជម្រុះ​ប្រចាំ​ស​ប្ដា​ហ៍​របស់​ព្រឹត្តិការណ៍ «​ជើងឯក Tiffy Super Fight» នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ កាលពី​ថ្ងៃអាទិត្យ ទី​៤ តុលា កីឡាករ​វ័យក្មេង ឡុ​ង សំណាង បាន​បំបាក់​កីឡាករ​ជើង​ចាស់ ផុ​ន ផុល ឆ្ពោះទៅ​វគ្គ​៨​នាក់ ។ ការ​ប្រកួត​នេះ​ត្រូវ​គេ​ឃើញ​បង្ហាញ​ភាពស្វិតស្វាញ​យ៉ាង​ខ្លាំង​ពេញ​៥​ទឹក ។

មិន​ខុស​ពី​ស​ប្ដា​ហ៍​មុន​ៗ កីឡាករ​៤​រូប​ក្នុង​ចំណោម​១៦​រូប​ដែល​បាន​ឈាន​ឡើង​ពី​ការ​ប្រកួត​ទម្លាក់​អស់​ពាក់កណ្ដាល​ចោល​បាន​ឡើង​ប្រកួត​គ្នា​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ដើម្បី​ស្វែងរក​អ្នក​ខ្លាំង​ឡើង​ទៅ​អង្គុយ​កៅអី​៨​នាក់ ។ អ្នក​ចាញ់​ត្រូវ​ហាលអាវ ហើយ​អ្នក​ឈ្នះ​ត្រូវ​ទៅ​ប៉ះ​អ្នក​ឈ្នះ​បន្ត​ទៀត​ក្នុង​វគ្គ​៨​នាក់​ដើម្បី​ដណ្ដើម​យក​ជើងឯក និង​ប្រាក់​លាន ។ កីឡាករ​ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ជា​អ្នក​ឡើង​អង្គុយ​កៅអី​១៦​នាក់​មួយ​រូប​ត្រូវ​គេ​ឲ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ផុ​ន ផុល មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ដែល​ជា​ជើង​ខ្លាំង​ម្នាក់​បាន​ឡើង​មក​ដល់​វគ្គ​១៦​នាក់​ដូច​គ្នា ។ ការ​ប្រកួត​របស់​ពួក​គេ​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អ្នក​ទស្សនា​ដែល​ប្រមូលផ្ដុំ​គ្នា​កកកុញ​នៅ​ក្នុង​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ ជ្រោយចង្វា​។ នោះ​គឺ​ដោយសារ​តែ​ការ​ប៉ះ​គ្នា​របស់​ពួក​គេ​ជា​វគ្គ​ជម្រុះ​កាន់តែ​សំខាន់ ដែល​តម្រូវ​ឲ្យ​អ្នក​ខ្លាំង​១៦​នាក់​ប្រកួត​គ្នា​ជម្រុះ​ឈាន​ឡើង​ទៅ​វគ្គ​៨​នាក់​ដែល​កាន់តែ​តានតឹង​សម្រាប់​អ្នកមាន​ឈ្មោះ​បន្ត​យក​ខ្សែក្រវាត់ និង​ប្រាក់​លាន​ទាំងអស់ ។ ពេញ​រយៈពេល​៣​ទឹក កីឡាករ​ឡុ​ង សំណាង បង្គោល​ខៀវ និង​ផុ​ន ផុល បង្គោល​ក្រហម មិន​បាន​សំចៃ​ដៃ​ដាក់​គ្នា​ទេ ។ យ៉ាងណា​ក៏​ដោយ កីឡាករ​រៀមច្បង​ផុ​ន ផុល ហាក់​មិនសូវ​លេចធ្លោ​ក្នុង​ការ​វាយ​សម្រុក​ប៉ុន្មាន​ទេ ដោយ​ត្រូវ​គេ​ឃើញ​ចាំ​ទប់ និង​វាយបក​ច្រើន​ជាង ។ ផ្ទុយ​ទៅ​វិញ កីឡាករ​បង្គោល​ខៀវ​មិន​ត្រឹមតែ​ប្រឹង​ប្រទាញ​ពិន្ទុ​ពី​ក្រុម​គណៈកម្មការ​ផ្ដល់​ពិន្ទុ​ប៉ុណ្ណោះ​ទេ គឺ​បាន​ទាំង​ប្រើ​អស់​សមត្ថភាព​វាយ​ផង ទាត់​ផង​ធ្វើ​ឲ្យ ផុ​ន ផុល ចង់​ត្រដរខ្យល់​ទៀត​ផង ។ នៅ​ទឹក​ទី​៣ កីឡាករ​ផុ​ន ផុល កាន់តែ​ត្រដាបត្រដួស​ដោយសារ​តែ​សិស្ស​ប្អូន​មិនសូវ​ទុក​មុខ​ឲ្យ ហើយ​ប្រើ​កែង​ផង និង​ទាត់​ផង​ធ្វើ​ឲ្យ​គេ​ទ្រម​ខ្លួន ។ គូ​នេះ ឡុ​ង សំណាង មាន​ប្រៀប​តាំងពី​ទឹក​ទី​១ អ​ញ្ចឹ​ង​ហើយ​ទើប​គេ​ដឹង​តាំងពី​មុន​ប្រកាស​លទ្ធផល​ថា កីឡាករ​វ័យក្មេង​រូប​នេះ​ពិតជា​ឈ្នះ​១០០% ។ យ៉ាងណា​ក៏​ដោយ កីឡាករ​ផុ​ន ផុល ក៏​ប្រើ​អស់​សមត្ថភាព​ក្នុង​ការ​វាយ​បំ​បុក​ទៅ​លើ​គូប្រកួត​ផង​ដែរ បើ​ទោះជា​លោក​ហាក់​ចាញ់​កម្លាំង​ស៊ុ​ហ្វ ហើយ​មិន​អាច​ទៅ​រួច​ជាមួយ ឡុ​ង សំណាង ក្ដី ។ ការ​ប្រកួត​គូ​នេះ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់ចិត្ត ជា​ពិសេស​នៅ​ពេល​កីឡាករ​ស្រករ​ក្រោយ​មាន​សមត្ថភាព​ធ្វើ​ឲ្យ​កីឡាករ​ដែល​ឈរជើង​ល្បីឈ្មោះ​មុន​ត្រដរខ្យល់​នៅ​ក្នុង​ការ​ប្រកួត ។ នេះ​ជា​លទ្ធផល​ដែល​រុញ​ឲ្យ​ក្ដី
ស្រមៃ​របស់ ផុ​ន ផុល រលាយ​ទាំងស្រុង ប៉ុន្តែ​ក៏​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ជើង​ថ្មី ឡុ​ង សំណាង ទទួល​បានការ​ចាប់អារម្មណ៍​បន្ថែម​ពីលើ​ឱកាស​ឡើង​ទៅ​វគ្គ​៨​នាក់​ជា​ជំហាន​ទី​២  ដែល​ជា​ការ​ចង់បាន​របស់​កីឡាករ​ដែល​ឈ្នះ​ជុំ​ទី​១​ទាំង​១៦​នាក់ ។

មួយគូ​ទៀត​ដែល​ស្ថិត​ក្នុង​ជម្រើស​ដណ្ដើម​ខ្សែក្រវាត់​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ កីឡាករ ផ​ន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ បាន​ផ្ដួល​កីឡាករ​ជើង​ខ្លាំង យ៉ា​ម ឡ​យ មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​។ យ៉ាងណា​ក៏​ដោយ លទ្ធផល​ដែល​បង្គោល​ខៀវ​ទទួល​បាន គឺជា​ឱកាស​ដែល​កើត​ចេញពី​ការ​ភ្លាត់ស្នៀត​របស់​កីឡាករ​បង្គោល​ក្រហម​ប៉ុណ្ណោះ បើ​មិន​ដូច្នេះ​ទេ គឺ​ពិតជា​មិន​អាច​ដណ្ដើម​បាន​កៅអី​៨​នាក់​នោះ​ទេ ។ ផ្អែក​តាម​ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ កីឡាក​រយ៉ា​ម ឡ​យ មានឱកាស​វាយ​សង្គ្រុប​នាំមុខ​បាន​២​ទឹក​មុន ប៉ុន្តែ​បណ្ដាល​មក​ពី​គេ​ស៊យ​ភ្លាត់​ត្រូវ​មួយ​ដៃ និង​មួយ​កែង​ពេញទំហឹង​របស់ ផ​ន ភឿ​ត ទើប​បណ្ដាល​ឲ្យ​វង្វេងវង្វាន់​ហើយ​ដួល​ផ្ញា​រ​ជើង​ក្រោក​លែង​រួច​តែ​ម្ដង​នៅ​លើ​រេញ ។ គូ​នេះ​អ្នក​ទស្សនា​ម្នាក់​ៗ​សោកស្ដាយ​ចំពោះ​ឱកាស​របស់​កីឡាក​រយ៉ា​ម ឡ​យ គ្រប់​គ្នា ដោយសារ​តែ​ឈ្នះ​២​ទឹក​ក្នុង​ចំណោម​៣​ទឹក​ទៅ​ហើយ បែរជា​ភ្លាត់​ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣​ទៅ​វិញ ។

លទ្ធផល​នេះ​បង្ហាញ​ថា កីឡាករ​ឡុ​ង សំណាង និង ផ​ន ភឿ​ត បាន​ឡើង​ទៅ​អង្គុយ​កៅអី​៨​នាក់​បង្គ្រប់​២​នាក់​ដែល​ជ្រើស​បាន​កន្លង​មក ។ យ៉ាងណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ថា​ក្នុង​ចំណោម​កីឡាករ​ទាំង​២​រូប តើ​អាច​ឆ្លង​ផុត​ទៅ​កាន់​វគ្គ​៤​នាក់​បន្ត​ទៀត​ឬ​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​សមាសភាព​ដែល​បាន​ឡើង​ទៅ​ចាំ​មុន​ក៏​មិន​ណ​យ​ដែរ​នោះ ៕