ឡៅ ច​ន្ទ្រា បរាជ័យ​ផែនការ​វាយ​ថៃ​ឱ្យ​សន្លប់​លើ​រេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​កាលពី​ថ្ងៃអាទិត្យ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ​វ័យក្មេង ឡៅ ច​ន្ទ្រា បាន​ទទួល​ជោគជ័យ​ដូច​ការ​គ្រោងទុក​មែន​ក្នុង​ការ​បំបាក់​កីឡាករ​មក​ពី​ប្រទេស​ថៃ ដែល​ជា​ជើង​ខ្លាំង​ម្នាក់​។ ទោះជា​យ៉ាងណា កីឡាករ​កម្ពុជា​បាន​បង្ហាញ​ទស្សនៈ​មិនសូវ​សប្បាយចិត្ត​ទេ ដោយសារ​តែ​គេ​មិន​អាច​ប្រើ​កែង និង​កណ្ដាប់ដៃ​វាយបំបាក់​គូប្រកួត​ឲ្យ​សន្លប់​លើ​រេញ​តាម​ការ​ចង់បាន ។

ទោះជា​បាន​ឈ្នះ​កីឡាករ​ថៃ​ឈ្មោះ Pheach Nam Ek កាលពី​ព្រឹក​ថ្ងៃ​ទី​៤ តុលា ក៏​កីឡាករ​មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ឡៅ ច​ន្ទ្រា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មិនសូវ​សប្បាយចិត្ត​ឡើយ ។ គ្រូបង្វឹក និង​ក្រុម​កីឡាករ​ដែល​ហែហម​កីឡាករ​រូប​នេះ​រឹតតែ​បង្ហាញ​ការ​ហួសចិត្ត​ថែម​ទៀត​ជាមួយនឹង​អ្វី​ដែល​បាន​លេចឡើង​។ នោះ​គឺ​ដោយសារ​តែ ឡៅ ច​ន្ទ្រា ប្រាថ្នា​វាយ​បំ​បុក​កីឡាករ​ថៃ​ឲ្យ​សន្លប់​ឲ្យ​បាន​ដាច់ខាត ប៉ុន្តែ​បាន​ត្រឹមតែ​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ ។ កីឡាករ​ឡៅ ច​ន្ទ្រា បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​នៅ​ខាងក្រោយ​ឆាក​ថា កីឡាករ​ថៃ​ពិតជា​ស្បែក​រឹង​មែន ដែល​ត្រូវ​ប៉ុន្មាន​កែង​យ៉ាង​ចាស់ដៃ​របស់​លោក​ទៅ​ហើយ​នៅ​តែ​តស៊ូ​ដល់​ទឹក​ចុង​ក្រោយ​ទៀត ។ ធៀប​នឹង​ការ​ប្រកួត​កន្លង​មក គេ​ថា​នេះ​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​កម្លាំង​ដៃ និង​ការ​ប្រឹងប្រែង​ដែល​មាន​ក្នុង​ខ្លួន​ត្រូវ​បាន​ចំណាយ​អស់​ទម្រាំ​តែ​អាច​ជោគជ័យ ។ ក្នុង​នោះ​សមត្ថភាព​ដែល​មាន​ទាំង​ប៉ុន្មាន​ក៏​មិន​បាន​លាក់​ទុក​ដែរ​សម្រាប់​ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Pheach Nam Ek ។ បន្ទរ​នឹង​ការ​ខកចិត្ត គេ​ឮ​អ្នក​ហែហម​របស់ ឡៅ ច​ន្ទ្រា លើក​ឡើង​ដោយ​មិន​សំចៃមាត់​ថា ពិតជា​ស៊យ​ខ្លាំង​មែន​ដែល​កីឡាករ​របស់​ខ្លួន​ប្រើ​ចង់​អស់​បច្ចេកទេស​ទៅ​ហើយ​នៅ​តែ​ទម្លុះ​សមត្ថ​ភាពរឹងមាំ​របស់​កីឡាករ​ថៃ​មិន​បែក​មុន​ចប់​ទឹក​ទី​៥ ។

ផ្អែក​តាម​បរិបទ​ដែល​កីឡាករ​ទូទៅ​រមែង​លោត​កញ្ជ្រោល​បះដៃបះជើង​គ្រប់ពេល​មានការ​ប្រកាស​ថា ឈ្នះ​គូប្រកួត​ជា​ជនបរទេស កីឡាករ​ឡៅ ច​ន្ទ្រា និង​ក្រុម​គូកន​ហាក់​មិន​ពេញចិត្ត​ទាល់តែ​សោះ ។ បើ​កុំ​តែ​មាន​អ្នក​លើកទឹកចិត្ត​ប្រឹង​ជំទាស់​គេ​មិនដឹង​ថា​ក្រុម​អ្នក​ចង់បាន​លទ្ធផល​ឲ្យ​ថៃ​សន្លប់​នឹង​បន្ទរ​ដោយ​ទស្សនៈ​អវិជ្ជមាន​បែប​ណា​នោះ​ទេ ។ មានការ​លើក​ឡើង​ថា មានការ​ចាក់​ភ្នាល់​ថា ឡៅ ច​ន្ទ្រា  នឹង​វាយ​កីឡាករ​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​ភាគច្រើន ទើប​ការ​ប្រកួត​ឈ្នះ​ដោយ​ពិន្ទុ ក៏​នៅ​តែ​មាន​អ្នក​ប្រើ​ពាក្យ​ថា​ស៊យ ដែល​មាន​ន័យ​ថា​កីឡាករ​ប្រកួត​ទទួល​បាន​មុខមាត់ ប៉ុន្តែ​អ្នក​ភ្នាល់​ខាតដើម ឬ​ចំណេញ​មិន​ច្រើន​តាម​ការ​គ្រោងទុក ។ នេះ​ជា​ទស្សនៈ​ដែល​គេ​កម្រ​នឹង​ឮ​នៅ​ក្នុង​ពិភព​ប្រដាល់​ក្នុង​ពេល​ដែល​កីឡាករ​ជើង​ខ្លាំង​ម្នាក់​បាន​ឈ្នះ​លើ​គូប្រកួត​របស់​ខ្លួន ប៉ុន្តែ​បែរជា​មាន​អ្នក​បន្ទរ​ថា​ស៊យ​ចំពោះ​លទ្ធផល​បែប​នេះ​ទៅ​វិញ ។ អ​ញ្ចឹ​ង​ហើយ​ទើប​គេ​ឃើញ​កីឡាករ​ឡៅ ច​ន្ទ្រា មាន​ទឹកមុខ​មិនសូវ​សប្បាយចិត្ត​ព្រោះ​មិន​អាច​បំបាក់​កីឡាករ​ថៃ​ឲ្យ​សន្លប់​តាម​ការ​ចង់បាន​នោះ ។

ក្រឡេក​ទៅ​កាន់ការ​ប្រកួត​នៅ​ថ្ងៃ​នោះ កីឡាករ​ឡៅ ច​ន្ទ្រា ត្រូវ​គេ​ឃើញ​ជោគជ័យ​ក្នុង​ការ​ប្រើ​កែង និង​ម៉ាត់ ប៉ុន្តែ​កម្លាំង​វាយ​សន្ធាប់​ដែល​បាន​បោះ​ចេញ​មិន​អាច​ឲ្យ​កីឡាករ​ថៃ Pheach Nam Ek ដួល​បះជើង​បាន​ទេ ។ ផ្ទុយ​ទៅ​វិញ គេ​បែរជា​ត្រូវ​កីឡាករ​ថៃ​វាយ​បំ​បុក​តប​វិញ​ធ្វើ​ឲ្យ​កំហឹង​ក្នុង​ការ​ចង់​ឈ្នះ​កាន់តែ​មាន​ទំហំ​ធំ ។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​ត្រូវ​គេ​ឃើញ​ជក់ចិត្ត​ដិតអារម្មណ៍​សម្បើម​ណាស់ ដោយសារ ឡៅ ច​ន្ទ្រា ក៏​ពុះកញ្ជ្រោល​ចង់​ឲ្យ​កីឡាករ​ថៃ​សន្លប់ ហើយ​កីឡាករ​ថៃ​ក៏​ប្រឹង​ទប់​ការពារ​តំណែង​ជើង​ខ្លាំង​របស់​ខ្លួន ។ ការ​ប្រកួត​ទាំងមូល​កាន់តែ​មាន​កម្រិត​ខ្លាំងក្លា​ក្នុង​ទឹក​ទី​៣ និង​ក្ដៅស្លឹកត្រចៀក​ទ្វេ​ដង​ក្នុង​ទឹក​ទី​៤ ។ អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប្រកួត​គូ​នេះ​ត្រូវ​គេ​កត់​សម្គាល់ថា​គឺជា​គូប្រកួត​ដែល​មាន​កម្រិត​ជក់ចិត្ត​បំផុត សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃអាទិត្យ ។ អ្នក​ទាំង​ពីរ​ទំនងជា​ត្រូវ​ដាក់​ឱ្យ​សងសឹក​គ្នា​ក្នុង​ពេល​ដ៏​ខ្លី​នោះ​ផង ក្នុង​ពេល​ដែល ឡៅ ច​ន្ទ្រា ដ្បិតថា​បាន​ឈ្នះ​ពិន្ទុ​ប៉ុន្តែ​ក៏​មិនសូវ​អស់ចិត្ត ហើយ​កីឡាករ​ថៃ​ក៏​អះអាង​ថា​មិន​ពេញចិត្ត​នឹង​លទ្ធផល​ដែល​ខ្លួន​ធ្វើ​មិន​បាន​ល្អ​ដូច​គ្នា ។

ឡៅ ច​ន្ទ្រា គឺជា​កីឡាករ​ម្នាក់​ដែល​ស្គាល់​ចាញ់​តែ​៣​លើក​ប៉ុណ្ណោះ​ក្នុង​ចំណោម​ការ​ប្រកួត​សរុប​ចំនួន​៦០​លើក ។ ក្នុង​នោះ​គេ​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​រហូត​ដល់​២៤​លើក​ឯណោះ ទើប​ធ្វើ​ឲ្យ​គេ​មិនសូវ​សប្បាយចិត្ត​ដែល​មិន​អាច​បំបាក់​កីឡាករ Pheach Nam Ek ឲ្យ​សន្លប់​តាម​ការ​ចង់បាន ។ ទោះជា​យ៉ាងណា កីឡាករ​ថៃ​មិនមែន​ជា​កីឡាករ​ជើង​ថ្មី​នោះ​ទេ គឺ​គេ​ធ្លាប់​ប្រកួត​បាន​ដល់​៦៩​លើក​ឯណោះ ហើយ​ថ្វីដៃ​ក្នុង​ប្រើ​កែង និង​ម៉ាត់​របស់​គេ​ក៏​ល្អ​ផង​ដែរ ទើប​អាច​ទប់​ជើង​ខ្លាំង ឡៅ ច​ន្ទ្រា មិន​ឲ្យ​សម្រេច​គោលដៅ​ដែល​អ្នកគាំទ្រ និង​សាមីខ្លួន​ផ្ទាល់​ចង់បាន ។

២​គូ​អន្តរជាតិ​ផ្សេង​ទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ កីឡាករ​លាស់ យី​ន មក​ពី​ក្លិប​សម្រែក​រាជសីហ៍ មានឱកាស​វាយ​ឲ្យ​កីឡាករ​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល​ឈ្មោះ K.Ros ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ។ ប៉ុន្តែ​សម្រាប់​កីឡាករ​កម្ពុជា ឯម សុធី មក​ពី​ក្លិប​ឫ​ទ្ធី​ពោធិ៍​សែន​ជ័យ បាន​ក្លាយជា​អ្នក​ចាញ់​កីឡាករ​ថៃ​ឈ្មោះ Phun Savath ដោយ​ពិន្ទុ ។

ចំពោះ​ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ស្រា​បៀរ​ប្លេ​ក​ខេត​នា​ពេល​រាត្រី កីឡាករ​កម្ពុជា​បរាជ័យ​ទាំងអស់​នៅ​ក្រោម​កណ្ដាប់ដៃ​កីឡាករ​ថៃ ។ កីឡាករ​ឃី​ម បូ​រ៉ា ត្រូវ​កីឡាករ​ថៃ Pha Ravy វាយ​ឲ្យ​ចាញ់​ដោយ​ពិន្ទុ និង​កីឡាករ​ផា​ន់ គ្រាន់ ត្រូវ​កីឡាករ​ថៃ Chheang Krai វាយ​ឲ្យ​ចាញ់​ដោយ​ពិន្ទុ​ដូច​គ្នា ៕